កន្លងមកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានប្រកាសពង្រីកឃ្លាំងគ្រាប់បរមាណូ និងបង្កើនការផលិតក្បាលគ្រាប់បរមាណូ។ នៅពេលនេះដែរ ចិនក៏បានបង្កើនសមត្ថ ភាព មីស៊ីលផ្លោងឲ្យរឹតតែខ្លាំងជាងមុន នៅពេលដែលស្ថានការណ៍នយោបាយនៅលើពិភពលោក មិនអំណោយផល មានការប្រឈមមុខជាច្រើន នៅក្នុង តំបន់។
អ្នកនាំពាក្យយោធាចិនបានបង្ហើបឲ្យដឹងថា កងកម្លាំងជំនាញប្រើប្រាស់គ្រាប់ រ៉ុក្កែត នៃកងទ័ពរំដោះប្រជាជនចិន PLA ទើបតែ បានបញ្ចប់ការបង្កើនសមត្ថភាព ទៅលើ ប្រព័ន្ធមីស៊ីលផ្លោងរបស់ខ្លួន ខណៈ ដែល បញ្ហាក្នុងតំបន់អាស៊ីខាងកើត នៅតែជា ការប្រឈមមុខដ៏ធំសម្រាប់មហាអំណាចលេខ១ នៅអាស៊ីនេះ។
កាលថ្ងៃព្រហស្បតិ៍ កន្លងមកនេះ អ្នក ជំនាញវិស័យយោធាម្នាក់របស់ចិន បាន ប្រាប់សារព័ត៌មាន Global Times ថា សមត្ថ ភាពស៊ូទ្រាំ និងចល័តនៃប្រព័ន្ធមីស៊ីលវាយប្រហារជាយុទ្ធសាស្រ្ត នៃកងរ៉ុក្កែត របស់ យោធាចិន ទើបតែធ្វើឲ្យប្រសើរឡើង បន្ថែមទៀត។ នាថ្ងៃដដែលនោះ អ្នកនាំ ពាក្យ ក្រសួងការពារជាតិចិន លោក Ren Guoqiang បានថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មានថា «កងមីស៊ីល ជាផ្នែកចម្បងនៃយុទ្ធសាស្រ្តការពារខ្លួនរបស់ចិន និងជា សសរស្តម្ភ ដើម្បីទ្រទ្រង់ចិនក្នុងនាមជា ប្រទេសមហាអំណាចមួយ ហើយក៏ជាមូល ដ្ឋានគ្រឹះ ដើម្បីថែរក្សាការពារសន្តិសុខជាតិផងដែរ»។
លោក Ren បានបន្តថា «វាជារឿងធម្ម តា និងជាភាពចាំបាច់ដែលកងមីស៊ីល របស់យើង ធ្វើការអភិវឌ្ឍ និងធ្វើបច្ចុប្បន្ន ភាពទៅលើគ្រឿងសព្វាវុធរបស់ខ្លួន ហើយវាក៏ជាទម្លាប់ក៏ដូចជាការអនុវត្តជាទូទៅផងដែរ សម្រាប់ប្រទេសដទៃៗទៀត ក្នុងការធ្វើទំនើបកម្មទៅលើវិស័យយោធារបស់ពួកគេ»។
ប៉ុន្តែអ្នកនាំ ពាក្យរូបនេះ ពុំបានបញ្ជាក់ នោះឡើយថា តើមីស៊ីលប្រភេទណាខ្លះ ត្រូវបានបង្កើនសមត្ថភាពឬក៏ថា តើមីស៊ីល ដែលកាលពីមុន ស្ថិតក្រោមដំណាក់កាលអភិវឌ្ឍន៍នៅឡើយនោះ នាពេលនេះត្រូវ បានដាក់ ឲ្យប្រើប្រាស់ជាផ្លូវការដែរឬយ៉ាងណា?
កន្លងមក អាមេរិកបានស្នើឲ្យបង្កើនការផលិតក្បាលគ្រាប់បរមាណូ ដើម្បីទប់ទល់នឹងស្ថានការណ៍ប្រែប្រួលនៅលើពិភពលោក។ សកម្មភាពខាងលើកើតឡើង ក្រោយពេល អាមេរិកកាន់តែឯកោដោយសារតែគោលនយោបាយអាត្មានិយមធ្វើ ឲ្យសម្ពន្ធមិត្តទាំងនៅក្នុងតំបន់អឺរ៉ុប និង អាស៊ីបាត់បង់ទំនុកចិត្តមកលើខ្លួន ព្រោះតែអាមេរិកគិតតែប្រយោជន៍ផ្ទាល់ខ្លួន។ ភាពឯកោ នឹងធ្វើឲ្យអាមេរិកកាន់តែជួប ផលលំបាក ប្រសិនបើមានសង្គ្រាមកើត ឡើង ព្រោះប្រទេសដែលធ្លាប់ចូលរួម សង្គ្រាមជាមួយអាមេរិក អាចនឹងដកខ្លួន ចេញវិញ។
កត្តាទាំងនោះហើយ បានជាប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដុតដៃដុតជើង ក្នុងគម្រោងផលិតក្បាលគ្រាប់បរមាណូថ្មីបន្ថែម ក្នុងការបង្កើនប្រសិទ្ធភាពនៅក្នុង សង្គ្រាមជាមួយប្រទេសបរមាណូផ្សេងទៀត ដូចជារុស្ស៊ី និងចិនជាដើម។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជូនផែនការសម្រាប់កម្មវិធី បរមាណូជាតិទៅកាន់គណៈកម្មាធិការការពារជាតិហើយ ហើយពេលឆាប់ៗខាង មុខនេះ លោកនឹងដកការដាក់កំហិតចេញ ពីការ ផលិតអាវុធនុយក្លេអ៊ែរ ដែលរួមមានទាំងការបើកផ្លូវឲ្យអភិវឌ្ឍក្បាលគ្រាប់នុយក្លេអ៊ែរដ៏ចម្រូងចម្រាសថែមទៀត។
ផែនការត្រួតពិនិត្យតួនាទីនៃអាវុធនុយក្លេអ៊ែរអាមេរិកហៅកាត់ថា NPR ដែលជា ការសម្រេចរបស់សេតវិមាន ដែលធ្វើឡើង ជារៀងរាល់៨ឆ្នាំម្តង ត្រូវគេរាយការណ៍ថា នឹងរួមមានទាំងគម្រោង សំដៅលុបការដាក់កំហិតផ្សេងៗលើក្រសួងថាមពល ដើម្បី អនុញ្ញាតឡើងវិញឲ្យមានការកែច្នៃមីស៊ីលផ្លោងប្រភេទបាញ់ចេញពីនាវាមុជទឹក (SL BM) Trident D5 ដើម្បីបង្កើនសក្តានុពលនៃវិស័យការពារជាតិ អាមេរិក។
ជុំវិញរឿងនេះ អ្នកជំនាញបានយល់ ឃើញថា វាជាការផ្ញើសារមួយយ៉ាងជាក់ ច្បាស់ទៅកាន់ប្រទេសរុស្ស៊ី និងកូរ៉េខាង ជើង ថាការព្យាយាមណាមួយដើម្បីប្រើប្រាស់អាវុធនុយក្លេអ៊ែរ នឹងជះផល វិបាក ធ្ងន់ធ្ងរ បំផុតទៅរកពួកគេវិញ។ សម្រាប់រដ្ឋបាល លោក ដូណាល់ ត្រាំ គឺ កំពុងបង្ហាញ ឲ្យ គ្រប់គ្នាមើលឃើញថា លោកពិតជាយក ផលប្រយោជន៍អាមេរិកជាគោល ក្នុងនោះ ការផលិតសព្វាវុធ លក់សព្វាវុធ និងអភិ វឌ្ឍសព្វាវុធ គឺជាគោលដៅចម្បង ធំមួយ ក្នុងការរកចំណូលជូនជាតិផង និង ការពារ ខ្លួនពីសត្រូវផង។
ចំណែករុស្ស៊ីវិញ ក៏បានបង្កើនកម្លាំង មីស៊ីល និងហ្វឹកហាត់ ជាបន្តបន្ទាប់ដោយមានការបាញ់គ្រាប់ពិតផងដែរ។ ក្រៅពីនេះរុស្ស៊ីក៏បានបង្កើនការផលិតយន្តហោះទម្លាក់គ្រាប់បែក ឧទ្ធម្ភាគចក្រដែលអាច ហោះ ហើរនៅក្នុងស្ថានភាពអាកាសធាតុត្រជាក់បាន។ តាមគម្រោងនៅចុងខែនេះ រុស្ស៊ីនឹងសាកល្បង យន្តហោះទម្លាក់គ្រាប់ដ៏ទំនើបរបស់ខ្លួន ដែលជាការបង្ហាញឲ្យពិភពលោកបានដឹងពីសមត្ថភាពរបស់រុស្ស៊ី។
លោក Dmitry Rogozin ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីធ្លាប់បាននិយាយកាលពីដើមខែមករា មកហើយថា យន្តហោះ ប្រភេទTu-160M2 នឹងហោះហើរលើកដំបូងរបស់ខ្លួន នៅចុងខែនេះ។
តាមបណ្តាញព័ត៌មានThe Businessin sider ចេញផ្សាយកាលពីថ្ងៃពុធ ទី២៤ ខែ មករា បានឲ្យដឹងថា Tu-160M2 ជាយន្ត ហោះទម្លាក់គ្រាប់បែក បើកក្នុងផ្លូវឆ្ងាយ ហើយវាជាម៉ូដែលថ្មី នៃយន្តហោះ Tu-160M និងយន្តហោះម៉ូ ដែលដំបូងTu-160។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានរាយ ការណ៍ថាវា ជាបច្ចេកវិទ្យាថ្មីសន្លាងទាំងរូបរាងផងដែរទាស់តែ ឈ្មោះប៉ុណ្ណោះ ដែល គេយកដាក់ឈ្មោះ ស្រដៀងទៅនឹង Tu-160M។
ទោះបីយ៉ាងណាក្តី នៅក្នុងការអះអាង មួយផ្សេងទៀត ដែលធ្វើឡើង ដោយ លោកឧត្តមសេនីយ៍ Viktor Bondarov មេបញ្ជាការទ័ពអាកាសរុស្ស៊ី កាលពី លើកចុងក្រោយ បាននិយាយថា យន្តហោះទម្លាក់គ្រាប់បែកម៉ូដែលនេះ គេរំពឹង ថា អាចហោះហើរ ជាលើកដំបូងរបស់ខ្លួន នៅចុងឆ្នាំ២០១៨ និងបន្ទាប់មក ការចាប់ ផ្តើមផលិតលក់ជាផ្លូវការ នៅក្នុងឆ្នាំ២០២១ ឯនណោះ៕ ម៉ែវ សាធី