ជេត បូរីប្រកាសជំនួញថ្មីថ្លៃជិត២០ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ស្ងាត់ៗស្រាប់តែតារាសម្តែងតួអង្គឪពុក លោក ជេត បូរី បានប្រកាសធ្វើឲ្យអ្នកសិល្បៈភ្ញាក់ផ្អើលជាមួយ នឹងការរៀបចំពិធី សម្ពោធផ្ទះសំណាក់ ឱសថស្ថាន និង ខួបកំណើតកូនប្រុសស្រីក្នុងថ្ងៃតែមួយ។ កម្មវិធីនេះធ្វើឡើងកាលពីរាត្រីថ្ងៃទី២៦ខែកុម្ភៈនេះហើយមុខជំនួញថ្មីនេះគឺចាយទុនប្រមាណជិត២០ម៉ឺនដុល្លារអាមេរិក។

    តារាសម្តែងដែលក្តាប់ជំនួញក្នុងដៃមិនធម្មតារូបនេះលើកឡើងថា ដោយសារចិត្តស្រលាញ់ លោកមិនបោះបង់ចោលការងារសិល្បៈទេ បើទោះបីជាមមាញឹកនិងមុខជំនួញនិងពេលខ្លះប្រាក់កម្រៃដែលទទួលបានមិនសាកសមនឹងការនឿយហត់ក៏ដោយ។

លោក ជេត បូរីបង្ហើបថា ជំនួញថ្មីទើបបើកដំណើរការនេះចាយទុនប្រមាណជាង១៧ម៉ឺនដុល្លារអាមេរិក។ លោកថាលោកសម្រេចចិត្តទិញផ្ទះនៅជិតតំបន់ចោមចៅនៅខែមករាឆ្នាំ២០១៨នេះដែលជាតំបន់ប្រជុំជន សម្បូរដោយរោងចក្រជាច្រើនដែរ ហើយបានចាប់ផ្តើមរៀបចំបើកដំណើរការជួសជុលកែលម្អ និងរៀបចំឲ្យមានបន្ទប់ផ្ទះសំណាក់ជិត២០បន្ទប់នៅជាន់ខាងលើហើយខាងក្រោមសម្រាប់ឲ្យកូនស្រីដែលទើបបញ្ចប់ការសិក្សាថ្នាក់វេជ្ជបណ្ឌិតកាលពីដើមឆ្នាំនេះផងដែរ។

លោកបង្ហើបដែរថាក្រៅពីជំនួញនេះលោកមានជំនួញធំមួយទៀតគឺការទិញលក់អចលនទ្រព្យដែលលោកចាប់ផ្តើមរកស៊ីជាយូមកហើយដែរ ហើយលោកស្នើមិនបញ្ជាក់អំពីចំនួនទុនសរុបដែលមានក្នុងមុខរបរមួយនេះ។ លោកថាកម្មវិធីដែលលោករៀបចំដំណាលគ្នានេះគឺដើម្បីលើកទឹកចិត្តកូនស្រីដែលទើបបញ្ចប់ការសិក្សាក៏ដូចជាឱកាសចូលរួមអបអរសាទរ ការប្រកាសបើកដំណើរការ និងជាពេលវេលាជួបជុំអ្នកសិល្បៈរួមអាជីពជិតដិតមួយចំនួន។

លោកថាភ្ញៀវដែលបានចូលរួមក្នុងរាត្រីនោះគឺមកគ្មានសល់គឺប្រមាណជាង៤០០នាក់ ហើយលោកពិតជារំភើបនឹងទឹកចិត្តស្រលាញ់រាប់អានពីសំណាក់មិត្តភ័ក្កិសាច់ញាតិ។ លោករំពឹងថាមុខជំនួញថ្មីដែលឲ្យកូនប្រុសស្រីមើលការខុសត្រូវនេះនឹងដំណើរការដោយរលូន និងអាចឲ្យកូនៗមានមុខរបរមួយចិញ្ចឹមជីវិតបានសមរម្ភមុនពេលមានស្វាមីភរិយារៀងៗខ្លួននោះ។

    គួរបញ្ជាក់ដែរថាកន្លងមកលោកជេត បូរីត្រូវបានគេស្គាល់ច្រើនតាមរយៈការសម្តែងជាតួអង្គឪពុកក្នុងភាពយន្តភាគជាច្រើនបន្តបន្ទាប់។ជាមួយគ្នានេះលោកក៏បង្ហើបពីគម្រោងពង្រីកមុខជំនួញថ្មីបន្ថែមទៀត ប៉ុន្តែលោកនៅបារម្ភព្រោះមិនមានអ្នកជួយមើលការខុសត្រូវ គ្រាដែលលោកក៏មមាញឹកនឹងការសម្តែងផងដែរ៕  

ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print