ភ្នំពេញ៖ យុទ្ធនាការស្តារលូ លាងលូរយៈពេលជាង៤០ថ្ងៃកន្លងមកនេះ ក្នុងចំណោមខណ្ឌទាំង៤នៅកណ្តាលរាជធានីភ្នំពេញ សម្រេចលទ្ធផលបានជិត១០០គីឡូម៉ែត្ររួចមកហើយ ក្នុងចំណោមលូសរុប៤១៨គីឡូម៉ែត្រ ក្នុងបំណងរំដោះការជន់លិចដោយទឹកភ្លៀងនៅក្នុងរដូវវស្សាខាងមុខនេះ។
នេះបើតាកបញ្ជាក់ឲ្យដឹងពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំស្តីពីលទ្ធផលនៃការស្តារលូក្នុងខណ្ឌទាំងបួន នៅកណ្តាលក្រុងភ្នំពេញ នៅល្ងាចថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអោយដឹងថា៖ ក្នុងចំណោមប្រវែងលូសរុប៤១៨គីឡូម៉ែត្រ ក្នុងខណ្ឌដូនពេញ ទួលគោក៧មករា និងខណ្ឌចំការមន រយៈពេល៤៣ថ្ងៃកន្លងមកនេះ គឺសម្រេចស្តារលូរ និងលាងលូ បានចំនួន៩៩គឺឡូម៉ែត្រ ស្មើរនឹងលូចំនួន១២៨ខ្សែ គឺស្មើរនឹង៣៣% នៃផែនការសរុប លូចំនួន៤៤០ខ្សែ”។
លោកបញ្ជាក់ថា ៖ ការស្តារលូនេះគឺមានការចូលរួមសហការ រវាងរដ្ឋបាលខណ្ឌ ទាំង៤កណ្តាលក្រុង និងមន្រ្តីជំនាញរបស់មន្ទីរសាធារណៈការនិងដឹកជញ្ជូន ដែលប្រើប្រាស់ នូវឧបករណ៍មួយចំនួនដូចជាកៅឡាក់និងរថយន្តបូមលូ។ លោកបញ្ជាក់ថា៖ក្នុងរយៈពេលនៃការស្តារលូ រយៈពេលកន្លងទៅនេះ គឺសង្កេតឃើញថាមានលូខ្លះ ពោពេញទៅសំរាម និងកាកសំណល់ ផ្ទះបាយ របស់ប្រជាពលរដ្ឋនិងតាមហាងលក់អាហារមួយចំនួនដែលតែងតែយកកាកសំណល់ ទៅចាក់ចូលក្នុងលូ ឬនៅតាមមាត់លូដែលបង្ករអោយមានការកកស្ទះនៅពេលមានភ្លៀងធ្លាប់មកម្តងៗ។ជាមួយគ្នានោះផងដែរ មន្រ្តីជំនាញក៏បានធ្វើការផ្លាស់ប្តូរលូ ពីតូទៅធំ និងជំរុញការតភ្ជាប់លូ អោយជាប់ជាបណ្តាញ ដើម្បីបង្ហូរទឹកលូ ចូលទៅដល់ប្រឡាយ ឬស្ថាន៏យ៍បូមលូផងដែរ។
ទាក់ទិនទៅនឹងយុទ្ធនាការស្តារលូលាងលូ និងស្តារប្រឡាយ ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់រដ្ឋបាលសាលារាជធានីភ្នំពេញនេះ លោក ឃួងស្រេង បានជំរុញ អោយមន្ទីរជំនាញ ក៏ដូចជាខណ្ឌ យកចិត្តទុកដាក់ ក្នុងការស្តារលូ អោយហើយ ដើម្បីត្រៀមរំដោះបញ្ហាទឹកលិច ដោយទឹកភ្លៀងក្នុងរដូវវស្សាខាងមុខនេះ និងអោយមន្ទីរជំនាញពាក់ព័ន្ធ និងខណ្ឌរួមគ្នាបន្តអនុវត្តន៍ការងារនេះ និងធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋអោយបានពីការដាក់ទុកសំរាមបានត្រឹមត្រូវនិងមិនត្រូវយកកាកសំណល់ចាក់ចូលក្នុងប្រព័ន្ធលូនោះទេ។
ដោយឡែកប្រព័ន្ធបង្ហូរទឹកតាមប្រឡាយ គឺសំដៅទៅលើខណ្ឌជាយៗរាជធានីភ្នំពេញ ដែលមានបញ្ហាជន់លិចដោយសារជំនន់ទឹកភ្លៀងដែរនោះ គឺផ្តោតសំខាន់ទៅលើការរំដោះទឹក នៅតំបន់មួយចំនួនជាពិសេស តំបន់ដងនង្គ័លនៅខណ្ឌពោធិសែនជ័យ គឺរកលទ្ធភាពរំដោះទឹកភាគខាងកើត និងខាងត្បូងព្រលានយន្តហោះ ហើយការងារដាក់បណ្តាញលូ ក៏ដូចជាស្តាប្រឡាយមួយចំនួនត្រូវបានរៀបចំចាត់ចែង ដាក់ផែនការគ្រោងនឹងត្រៀមបើកការដ្ឋាននៃការសាងសង់ស្ថានីយ៍បូមទឹកនៅលូ៥ ដែលជាចំណុចមួយ ក្នុងការរំដោះទឹកដែលបានហូរពីភាគខាងកើតនិងខាងត្បូងព្រលានយន្តហោះ ដើម្បីបង្ហូរបន្តទៅកាន់តំបន់ជើងឯក។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា៖ បញ្ហាដែលបានដោះស្រាយនោះ គឺស្តារប្រឡាយទឹក បង្កើនស្ថានីយបូមទឹក កសាងបណ្តាញលូមេពិសេសក្នុងខណ្ឌចំនួន៤នៅកណ្តាលក្រុង និងបានដាក់ចេញជាផែនការថ្មីមួយ ដោយឲ្យស្តារលូទាំងខ្នាតតូច និងធំ ដែលមានប្រវែង៤១៨គីឡូម៉ែត្រហើយគម្រោងនេះ ដោយប្រើរយៈពេល៥ខែ ដើម្បីអនុវត្តផែនការឲ្យបានរួចរាល់មុនរដូវវស្សាមកដល់។ លោកបន្តថា ការងារទាំងអស់នេះ គឺឯកឧត្តមអភិបាលរាជធានីអោយបង្កើតជាគណៈកម្មការមួយច្បាស់លាស់ ដើម្បីជំរុញការងារ អោយបានល្អ និងទាន់ពេលវេលា និងកាត់បន្ថយការជន់លិចដោយជំនន់ទឹកភ្លៀងនៅឆ្នាំក្រោយ៕ ដោយ៖ សំរិត
...