ខេត្តក្រចេះ ៖ គ្លីនិកឯកជនដែលមានយីហោ «មន្ទីរសម្រាកព្យាបាលឆ្នាំង២» ស្ថិតក្នុងក្រុង-ខេត្តក្រចេះ ត្រូវបានព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះ ចេញបញ្ជាឲ្យប្រធានមន្ទីរសុខាភិបាលខេត្តបង្កើតគណៈកម្មការ ជាបន្ទាន់ដើម្បីស្រាវជ្រាវរកឲ្យឃើញនូវមរណភាពនៃជនរងគ្រោះបានស្លាប់ចំនួន២នាក់ នៅក្នុងមន្ទីរសម្រាកព្យាបាលនេះ។
លោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះបានថ្លែងបែបនេះកាលពីព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់សាលាដំបូង និងអយ្យការ អមសាលាដំបូងខេត្តក្រចេះ ។
លោកព្រះព្រះរាជអាជ្ញាបានរំលឹកថា មន្ទីរសម្រាកព្យាបាលផ្សារឆ្នាំង២ អាចនឹងមានក្រុមគ្រូពេទ្យខ្វះបច្ចេកទេសវិជ្ជាជីវៈ ឬធ្វេសប្រហែសនឹងការងារ ទើបបណ្តាលឲ្យយ៉ាងតិចមានជនរងគ្រោះ២នាក់បានស្លាប់ ក្នុងនោះមានប្រុសម្នាក់ និងស្ត្រីម្នាក់ឈ្មោះ ហូ សុផល្លីន កាលអំឡុងឆ្នាំ២០១៧ ប៉ុន្តែខាងជំនាញរបស់មន្ទីរមិនទាន់រកឃើញពីមូលហេតុនៃការស្លាប់របស់ជនរងគ្រោះនៅឡើយទេ ទោះជាករណីនេះ គ្រួសារជនរងគ្រោះបានប្តឹងក៏ដោយ ។
បុគ្គលិកមន្ត្រីរាជការ សមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋបានគាំទ្រចំពោះចំណាត់ការរបស់ព្រះរាជអាជ្ញាលោកកែវ សុជាតិ ដែលបានគិតគូរយ៉ាងសំខាន់ទៅលើប្រជាពលរដ្ឋ ក្នុងនៃព្រួយបារម្ភ អាចងាយនឹងរងគ្រោះ ដោយសារតែក្រុមគ្រូពេទ្យគ្មានជំនាញ ខ្វះបច្ចេកទេស ឬធ្វេសប្រហែសនឹងវិជ្ជាជីវៈរបស់ខ្លួន ។ ក្នុងនោះ ពួកគាត់ក៏សំណូមពរឲ្យតំណាងអយ្យការជំរុញទៅខាងមន្ទីរសុខាភិបាលខេត្ត គួរចុះពិនិត្យឲ្យបានត្រឹមត្រូវនៅទីតាំងមន្ទីរសម្រាកព្យាបាល គ្លីនិកឯកជនជាច្រើន មិនរំពឹងថា ពួកគាត់មានយុវនីតិសប្បទាគ្រប់គ្រាន់ជាវិជ្ជបណ្ឌិត ជាគ្រូពេទ្យ និងមានជំនាញពិតប្រាកដនោះទេ ។
ដូច្នេះប្រជាពលរដ្ឋអាចជាជនរងគ្រោះដោយសារក្រុមគ្រូពេទ្យទាំងនោះយកការស្លាប់របស់ពួកគាត់ធ្វើជាបទពិសោធន៍ ជាកំហុសឆ្គង ឬជាការសុំទោស សុទ្ធតែវប្បធម៌ដ៏អាក្រក់ដែលមិនអាចទទួលយកបាន។ ដូច្នេះ បើព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះចាត់វិធានការទៅលើមន្ទីរសម្រាកព្យាបាលផ្សារឆ្នាំង២ ទទួលលទ្ធផលតាមរយៈការស៊ើបអង្កេតរបស់គណៈកម្មការបង្កើតឡើងដោយមន្ទីរសុខាភិបាលខេត្ត អាចនឹងធ្វើឲ្យគ្លីនិកឯកជនដទៃទៀតត្រូវមានច្បាប់ទម្លាប់ និងជំនាញបច្ចេកទេសត្រឹមត្រូវ។
លោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ ត្រូវទទួលខុសត្រូវទៅលើការអនុញ្ញាតឲ្យបើកគ្លីនិក ក៏ដូចជាមន្ទីរសម្រាកព្យាបាល ដូចអ្វីដែលតំណាងអយ្យការលើកឡើងនោះ ពីព្រោះគ្រាន់តែមន្ទីរសម្រាកព្យាបាលផ្សារឆ្នាំង២មួយកន្លែងក្នុងក្រុង-ខេត្តក្រចេះ មានរឿងមិនប្រក្រតីជាច្រើន ទៅលើប្រជាពលរដ្ឋ ជាអ្នកជំងឺ ក្នុងនោះសូម្បីតែព្រះរាជអាជ្ញាក៏ទទួលស្គាល់ថា យ៉ាងតិចមានជនរងគ្រោះបានស្លាប់ដោយសារក្រុមគ្រូពេទ្យក្នុងមន្ទីរសម្រាកព្យាបាលផ្សារឆ្នាំង២វះកាត់ដោយគ្មានបច្ចេកទេស វិជ្ជាជីវៈ និងធ្វេសប្រហែស បណ្តាលឲ្យស្លាប់ក្នុងអំឡុងឆ្នាំ២០១៧កន្លងទៅ ៕ សុខ ខេមរា