ឯកអគ្គរដ្ឋទូតអាមេរិក អះអាងថា ការអប់រំបែបវិទ្យាសាស្រ្ត នឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអាមេរិក លោក វីលៀម ហេគ បានមានប្រសាសន៍នៅក្នុងពិធីបុណ្យ STEM អោយដឹងថា ការអប់រំវិទ្យាសាស្រ្តសិប្បនិម្មិត(STEM) កំពុងមានសារៈសំខាន់ខ្លាំង ដោយសារវាជាឆ្អឹងខ្នងនៃជោគជ័យខាងសេដ្ឋកិច្ចសម្រាប់ប្រទេសជាតិនៅជុំវិញពិភពលោក ហើយជោគជ័យនោះ ក៏បានកើតឡើងនៅកម្ពុជាផងដែរ ។ ម្យ៉ាងវិញទៀត ដោយសារតែសេដ្ឋកិច្ចជាតិ មានលក្ខណៈចម្រុះ កម្រិតជំនាញនៃកម្លាំងពលកម្ម ក៏ត្រូវតែភាពល្អប្រសើរ ។

រាជរដ្ឋាភិបាលកម្ពុជា បានយល់ដឹងអំពីបញ្ហានេះ ហើយដោយហេតុផលនេះហើយ ទើបមានការវិនិយោគធនធាននៅក្នុងការអប់រំSTEM រួមទាំងគាំទ្រពិធីបុណ្យSTEM ។ សម្រាប់សេដ្ឋកិច្ចជាតិ ការអប់រំតាមបែបSTEM មានមូលដ្ឋានគ្រឹះដោយការច្នៃប្រឌិត និងបច្ចេកវិទ្យាថ្មី ។

លោកទូតជឿជាក់ថា យុវជនទាំងអស់ នឹងមានឱកាសដើម្បីក្លាយទៅជាអ្នកបង្កើតអ្វីថ្មី អ្នកអប់រំ អ្នកស្រាវជា្រវ និងមេដឹកនាំវ័យក្មេងដែលអាចដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៅកម្ពុជា និងពិភពលោក។ ការអប់រំបែបSTEM គឺជាឧបករណ៍ដ៏សំខាន់ដើម្បីរៀបចំសិស្សនិស្សិតជំនាន់ក្រោយប្រែក្លាយចក្ខុវិស័យទៅជាការពិត។ “ខ្ញុំក៏សង្កេតឃើញសិស្សនិស្សិតដែលទទួលបានការអប់រំបែបSTEM មានជំនឿចិត្តក្នុងការអភិវឌ្ឍន៍អ្វីដែលថ្មី ដោយពួកគេបានធ្វើការពីអ្នកសរសេរ Code ទៅជាអ្នកបង្កើតកម្មវិធី ហើយក្លាយទៅជាអ្នកបច្ចេកវិទ្យានៅក្នុងបទពិសោធន៍។ ការអប់រំបែបSTEM គឺជាមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យនាពេលអនាគតរបស់កម្ពុជា” ។

មន្រ្តីជាន់ខ្ពស់នៃក្រសួងអប់រំ យឹម កុច បានលើកឡើងថា រដ្ឋមន្រ្តីក្រសួងអប់រំ ឯកឧត្តម ហង្ស ជួនណារ៉ុន បង្ហាញការគាំទ្រជាខ្លាំងចំពោះការសិក្សាបែបវិទ្យាសាស្រ្ត ព្រោះវាជួយបង្កើនការងារធ្វើការ និងជំរុញកំណើនសេដ្ឋកិច្ចកាន់តែល្អប្រសើរ។

សូមជម្រាបថា សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសកម្ពុជា ជំនាញ STEM (Science, Technology, Engineering, and Mathematics) ដែលជា វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា សុទ្ធសឹងជាជំនាញដែលត្រូវការបំផុតក្នុងប្រទេស។ ប៉ុន្តែអ្នកសិក្សាធ្លាប់ដឹងថា STEM គឺជាមុខវិជ្ជាដែលពិបាករៀន និងពិបាកបង្រៀន ដោយសារខ្វះសំភារៈស្រាវជ្រាវ និងសម្ពាធការងារទៅលើសិស្សក្នុងការបញ្ចប់ការសិក្សាដោយជោគជ័យ ៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print