ខេត្តបាត់ដំបង៖ ក្រោយបង្ហាញវត្តមានជាថ្មីនឹងការសម្តែងភាពយន្តអ្នកនាង អម្ពរ ទេវី បានធ្វើដំណើរទៅកាន់ទឹកដីខេត្តបាត់ដំបងដើម្បីរៀបចំពិធីក្រុងពាលីចេញថតភាពយន្តថ្មីរបស់ផលិតកម្ម Red Picture រួមដោយការចែកអំណោយដល់ជនក្រីក្រនៅទីនោះ។ នាងមានបំណងរៀបចំកម្មវិធីចែកអំណោយដល់ក្រុមគ្រួសារក្រីក្រម្តងទៀតប្រសិនបើមានឱកាសវិលមកថតនៅកម្ពុជាជាថ្មី។
ការបញ្ជាក់នេះធ្វើឡើងក្រោយពីអ្នកនាងគ្រោងចាកចេញពីកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខក្រោយពីបញ្ចប់ការថតភាពយន្តភាគរឿង”ឆន្ទា”រួចរាល់កាលពីថ្មីៗនេះ។ តារាសម្តែងល្បីឈ្មោះក្នុងទសវត្សទី៩០រូបនេះបានបង្ហាញក្តីរំភើបរីករាយខ្លាំងនឹងកម្មវីធីនេះព្រោះតែនាងខកខានធ្វើដំណើរមកទឹកដីនៃខេត្តនេះ និងបានចូលរួមកម្មវិធីសប្បុរសធម៌ជាមួយសិល្បករដទៃ។ លោក ជា ឌីណាង អ្នកចាត់ការទូទៅផលិតកម្ម Red Picture ដែលដឹកនាំសិល្បករ សិល្បការិនីខ្មែរជាច្រើនរូប ទៅក្រុងពាលីរឿង និងចែកអំណោយនៅទីនោះ បានបញ្ជាក់ថាអ្នកនាងអម្ពរទេវី បានអោប ថើបជាមួយយាយតានៅខេត្ត បាត់ដំបង់ហ្នឹង គឺសប្បាយរីករាយណាស់ រហូតគាត់ឡើងស្រក់ទឹកភ្នែក ព្រោះគាត់មិនដែលជួបរឿងបែននេះទេតាំងពីគាត់ចេញទៅរស់នៅសហរដ្ឋអាមេរិក។ អ្នកចាត់ការទូទៅរូបនេះ បន្តថាអំណោយដែលយកចែកជូនពលរដ្ឋក្នុងស្រុកខាងលើ ជាមួយអ្នកនាង អម្ពរ ទេវី មាន អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ និងសម្ភារៈផ្សេងៗ។ បើទោះជាសម្ភារៈចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅពេលនេះ មិនសូវជាច្រើនក្ដីក៏ប៉ុន្តែកម្មវីធីនេះបានបង្ហាញពីភាពស្និលស្នាលរវាងអ្នកសិល្បករ និងប្រជាពលរដ្ឋនៅទីនោះ។ក្រៅតែពីការចែកអំណោយដល់ប្រជាពលរដ្ឋនៅស្រុក សង្កែ ខេត្តបាត់ដំបង ព្រឹត្តិការណ៍នោះក៏មានការជួបជុំអ្នកសិល្បករចាស់ៗជំនាន់ទសវត្ស៩០ផង ដើម្បីបង្ហាញពីការនឹករលឹកពីគ្នាទៅវិញទៅមក។ ម្យ៉ាងទៀតកម្មវិធីក៏មានការជួបជុំរាំកម្សាន្តជាមួយគ្នាផងដែររវាងសិល្បករ និងពលរដ្ឋក្នុងខេត្តនេះ ដែលញ៉ាំងឱ្យកម្មវីធីទាំងមូលកាន់តែសប្បាយរីករាយ។
លោក ជា ឌីណាង សង្កត់ធ្ងន់ថា តារាសម្ដែងល្បីឈ្មោះរូបនេះ ចង់មានកម្មវិធីបែបនេះម្ដងទៀតនៅពេលដែលអ្នកនាងត្រឡប់មកកម្ពុជាជាថ្មី ក្នុងពេលឆាប់ៗខាងមុខ។
គួរបញ្ជាក់ដែរថាតារាសម្ដែងអ្នកនាង អម្ពរ ទេវី បានថតភាពយន្តរឿង”ឆន្ទា” ចប់រួចរាល់ហើយហើយថ្ងៃនោះដែរផលិតកម្មក៏បានប្រកាសចេញថតរឿងថ្មីមួយទៀតគឺរឿង «ម្ចាស់ក្រោលដំរី» ។ តារារូបនេះនឹកត្រឡប់ទៅកាន់ សហរដ្ឋអាមេរិកវិញនៅចុងខែ កុម្ភៈនេះ។ អ្នកនាងបានសន្យានឹងត្រឡប់មក កម្ពុជាម្ដងទៀតប្រសិនបើបងប្អូនខ្មែរត្រូវការ និងគាំទ្រចង់ឱ្យអ្នកនាងសម្ដែងភាពយន្តតទៅទៀត៕
ដោយ វឌ្ឍនា