សកម្មភាពពង្រីកអំណាចរបស់ចិននៅដែនសមុទ្រចិនភាគខាងត្បូងបានជម្រុញអាមេរិកនិងប្រទេសនៅតំបន់អាស៊ី ពិសេសគឺប្រទេសតំបន់អាស៊ាន និងអាស៊ីភាគខាងកើតរួមគ្នាធ្វើសកម្មភាពដើម្បីសេរីភាពចរារណ៍នៅលើដែនសមុទ្រ។
កាលពីចុងខែតុលាកន្លងមក នាវាយាមល្បាតអាមេរិកAegos USS Assen របស់កម្លាំងទាហានជើងទឹកអាមេរិក បាន យាមល្បាតនៅតំបន់សមុទ្រចិនភាគខាងត្បូងក្បែរកោះសិប្បនិមិត្តរបស់ចិន ដើម្បីបញ្ជាក់ពីសេរីភាពចរាចរណ៍ដែនសមុទ្រ។
ក្រោយមករដ្ឋមន្ត្រីការពារជាតិអាមេរិកបានជម្រុញដល់ប្រទេសនៅតំបន់អាស៊ីភាគអាគ្នេយ៍ ត្រូវតែមានសកម្មភាពដូចគ្នានឹងអាមេរិកដើម្បីសេរីភាព ចរាចរណ៍។ រដ្ឋមន្ត្រីការពារជាតិអាមេរិកក៏បានចាប់ផ្តើមបំពេញទស្សនកិច្ចទៅកាន់ទ្វីបអាស៊ី បង្ហាញពីឆន្ទៈសហការជាមួយប្រទេសនៅជុំវិញដែនសមុទ្រចិនភាគខាងត្បូងនិងខាងកើត។
រដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងទៅកាន់ប្រទេសកូរ៉េខាងត្បូង ម៉ាឡេស៊ី ដោយនៅទីនោះលោកបញ្ជាក់ថា សកម្មភាពរបស់ចិនបានធ្វើឲ្យអាមេរិកនិងប្រទេសតំបន់អាស៊ីកាន់តែជិតស្និទ្ធនឹងគ្នា។ លោកCarter បញ្ជាក់ថា ការដែលចិនប្រកាសពីដែនអធិបតេយ្យ នៅដែនសមុទ្រចិនភាគខាងត្បូង ជាដើមហេតុធ្វើឲ្យមានវិវាទកាន់តែខ្លាំងឡើង និងធ្វើឲ្យប្រទេសជាច្រើនត្រូវសហការជាមួយអាមេរិកដើម្បីសន្តិសុខរបស់ខ្លួន។
នៅក្នុងព្រិត្តិការមួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៥ខែវិច្ឆិកា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូកADMM+ នឹងធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ពិភាក្សាអំពីបញ្ហានៅដែនសមុទ្រចិនភាគខាងត្បូង។ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោកCarter និងរដ្ឋមន្ត្រីការពារជាតិចិនក៏ចូលរួមនៅក្នុងកិច្ចប្រជុំនោះដែរ។
រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីលោក Hishammuddin Hussein សង្ឃឹមថា កិច្ចប្រជុំ ADMM+ នឹងត្រូវរៀបចំឡើងពីរឆ្នាំម្តងហើយអាចស្វែងរកដំណោះស្រាយបញ្ចាប់ភាពតានតឹងនៅដែនសមុទ្រចិនភាគខាងត្បូង៕
ប្រែសម្រួល៖ ម៉ែវ សាធី