ខេត្តត្បូងឃ្មុំ៖ ក្រុុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូឃ្មុំ នៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០១៥ បានបន្ថែមម៉ាស៊ីនបូមទឹកខ្នាតមធ្យម (កម្លាំង ៦៥ សេះ) ចំនួន ០២គ្រឿង ទៀត ដើម្បីដំណើរការបូូមទឹកបំពេញអាងសម្រាប់បម្រើដល់ការងារបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករ នៅក្នុងស្រុកក្រូចឆ្មារ ។
លោក យា វឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានប្រាប់ឱ្យដឹងថា ម៉ាស៊ីនបូមទឹកខ្នាតមធ្យមដែលក្រុមការងារមន្ទីរ ទើបតែបានបន្ថែមចំនួន ០២ គ្រឿង នេះ គឺ មួយគ្រឿង បូមយកទឹកពីព្រែកតាកុច មកបញ្ចូលក្នុងអាងទឹកបឹងធំ សម្រាប់បម្រុងទុកផ្គត់ផ្គង់ស្រូវប្រាំងប្រមាណ ៤៥៥ ហិកតា ស្ថិតក្នុងឃុំរការខ្នុរ និងមួយគ្រឿងទៀត បូមយកទឹកពីព្រែកពាមជីលាំង មកបញ្ចូលក្នុងអាងទឹកអាជ្រឹង និងអាងទឹកអាចម៍ សម្រាប់បម្រុងទុកផ្គត់ផ្គង់ស្រូវប្រាំងប្រមាណ ១.០២០ ហិកតា ក្នុងឃុំកំពង់ទ្រាស ។
លោកប្រធានមន្ទីរ បានបន្តថា ចំពោះការងារបង្កបង្កើនផលដំណាំស្រូវនៅក្នុងខេត្តត្បូងឃ្មុំ មកដល់ពេលនេះ ប្រជាកសិករប្រមូលផលស្រូវវស្សាបានចំនួន ៤.៧៥១ ហិកតា ស្មើនឹងប្រមាណ ៦ភាគរយ នៃផ្ទៃដីអនុវត្តបាន ៧៨.៣១៨ ហិកតា ហើយកំពុងបន្តសាបព្រោះ ដកស្ទូង ស្រូវរដូវប្រាំង បាន ចំនួន ៩៧៨ ហិកតា ស្មើនឹងប្រមាណជាង ៩ភាគរយ នៃផែនការ ១០.៥០០ ហិកតា ៕