កម្លាំងយោធារុស្ស៊ីបានបញ្ជាក់ថា យន្តហោះចម្បាំងរបស់ខ្លួនបានទម្លាក់គ្រាប់បែកវាយប្រហារទៅលើក្រុមរដ្ឋអិស្លាម(IS) ដែលមានទីតាំងស្ថិតនៅជុំវិញប្រាសាទបុរាណស៊ីរី Palmyra នោះ ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា របាំងការពារ ត្រង់សេនៅក្រោមដី និងកាំភ្លើងសម្រាប់ប្រឆាំងយន្តហោះរបស់ក្រុមរដ្ឋអិស្លាមត្រូវរងការបំផ្លាញបន្ទាប់ពីការវាយប្រហារពីលើដែនអាកាសដោយយន្តហោះចម្បាំងប្រភេទ Su-25 របស់កម្លាំងទាហានជើងអាកាសរុស្ស៊ី ។
ក្រុមសកម្មជនបានបញ្ជាក់ថា ការវាយប្រហារនេះបានគោលដៅធ្លាក់ទៅជុំវិញទីតាំងប្រាសាទបុរាណ សម័យសតវត្សរ៍ទី១៣នោះ ។ ប៉ុន្តែគេមិនដឹងថា តើបានធ្វើឲ្យប៉ះពាល់បែកបាក់ប្រាសាទ Palmyra នោះដែរឫយ៉ាងណានោះទេ ពីព្រោះគេមិនងាយចូលទៅកាន់ទីកន្លែងនោះបានឡើយ ។
សេចក្តីរាយការណ៍កន្លងមកបានបញ្ជាក់ថា ចាប់តាំងពីក្រុមរដ្ឋអិស្លាម IS បានទទួលជ័យជម្នះក្នុងការវាយប្រហារបណ្តេញកងកម្លាំងរដ្ឋាភិបាលស៊ីរីចេញពី Palmyra ក្នុងខែឧសភា ឆ្នាំ២០១៥នោះរៀងមក ក្រុម IS បានបំផ្លិចបំផ្លាញប្រាសាទបុរាណដែលមានវ័យជាង២ពាន់ឆ្នាំនោះអស់ចំនួន២ប្រាសាទ ។
ក្រុមជីហាដនិយមមានជំនឿថា សំណង់ប្រាសាទបុរាណទាំងនោះហើយជាមូលដ្ឋាននាំឲ្យមនុស្សលោកគោរពបូជាទៅដល់ពួកទេវតានោះ ។ ភ្នាក់ងារបេតិកភណ្ឌពិភពលោករបស់អង្គការសហប្រជាជាតិ យូណេស្កូ បានថ្កោលទោសការបំផ្លាញប្រាសាទបុរាណទាំងនេះ ដោយចាត់ទុកថា វាជាឧក្រិដ្ឋកម្មសង្គ្រាមមួយ ។
ក្រសួងការពារជាតិរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍មួយផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា យន្តហោះចម្បាំងប្រភេទ Su-25 បានបើកយុទ្ធនាការវាយប្រហារពីលើដែនអាកាសទៅលើទីតាំងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមរដ្ឋអិស្លាម គឺតំបន់ដែលមានឈ្មោះថា Tadmur ស្ថិតក្នុងខេត្ត Homs ប្រទេសស៊ីរី ។ ជាលទ្ធផលនៅក្នុងប្រតិបត្តិការនេះ កម្លាំងទាហានរុស្ស៊ីបានបំផ្លាញរបាំងការពារ ត្រង់សេក្រោមដី និងមីស៊ីលបាញ់ប្រឆាំងយន្តហោះរបស់ក្រុមរដ្ឋអិស្លាមនោះផងដែរ ។
ទីភ្នាក់ងារ AP បានដកស្រង់ប្រភពព័ត៌មានពីក្រុមសកម្មជនតាមទូរស័ព្ទថា ការវាយប្រហារពីលើដែនអាកាសបានកើតមានពី៣លើករហូតដល់៨លើកនៅជុំវិញតំបន់ប្រាសាទបុរាណខាងលើនេះកាលពីថ្ងៃទី២ ខែវិច្ឆិកា ។ ផ្សែង និងធូលីខ្មួលខ្មាញ់ហោះទៅលើអាកាសតែម្តង ។
ក្រុមសកម្មជនសិទ្ធិមនុស្សស៊ីរីមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានបញ្ជាក់ផងដែរថា កម្លាំងទាហានរុស្ស៊ីបានវាយប្រហារពីលើដែនអាកាសទៅលើទីតាំងក្បែរខាងទីប្រជុំជន al-Qaryatain ដែលទីនេះត្រូវក្រុមរដ្ឋអិស្លាមដណ្តើមកាន់កាប់តាំងពីខែសីហា ឆ្នាំ២០១៥នោះ ។
ប្រាសាទបុរាណ Palmyra ត្រូវគេស្គាល់ឈ្មោះមួយទៀតហៅថា Qalaat Shirkuh ឬ Qalaat Ibn Maan នោះ ជាផ្នែកមួយស្ថិតក្រោមការចាត់ចូលជាសម្បត្តិបេតកិភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត