ភ្នំពេញ៖ តារាកំប្លែង និងអាយ៉ៃលោកយាយណយ សំណាង កំពុងតែប្រឈមនឹងជីវភាពខ្វះខាត ខ្វះមុខ ខ្វះក្រោយ ព្រោះតែការចេញទៅសម្តែងមិនទៀងទាត់ ព្រោះតែជំងឺរួមរិត មិនអាចចេញទៅសម្តែងរកលុយចិញ្ចឹមចៅប្រុសស្រី៧នាក់ក្នុងបន្ទុក ។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងពិធីទទួលអំណោយជាសម្ភារៈនិងថវិការមួយចំនួនពីព្រះសង្ឃ និងសប្បុរសជនកាលពីល្ងាចថ្ងៃទី២ វិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងកុដិលេខ២៤នៃវត្តនាគវ័ន្ត ។
ថ្លែងទាំងទឹកមុខស្រពាប់ស្រពោល លោកយាយ ណយ សំណាងដែលមានវ័យ៧២ឆ្នាំបញ្ជាក់ទាំងក្តីអស់សង្ឃឹមថា មិនដឹងជានៅរសបានយូរប៉ុណ្ណាទេ បើវ័យក៏កាន់តែចាស់ ជំងឺក៏ច្រើនមុនមិនអាចលែលករកពេលទៅសម្តែងបានច្រើនដូចមុន។ សិល្បករពហុជំនាញរូបនេះបញ្ជាក់ថា បើទោះជាស្លាប់ទៅសូមតែឲ្យចៅៗដែលកំព្រាៗទាំង៧នាក់បានធំពេញវ័យនឹងអាចចិញ្ចឹមខ្លួនរស់ក៏បាន។ លោកយាយបញ្ជាក់ថា ក្រោយស្វាមីជាតន្ត្រីករភ្លេងប្រពៃណីបានស្លាប់បាត់បង់ជីវិត៣ឆ្នាំ ជាអកុសល្យកូនប្រុសច្បងដែលជាអ្នករាំប្រចាំក្រុមលោក ខេមរៈ សិរីមន្តបានស្លាប់ទៀតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបន្សល់ទុកនូវបន្ទុកដ៏ធ្ងន់គឺកូនៗមកឲ្យលោកយាយថែរក្សាបីបាច់។ លោកយាយបន្តថា បច្ចុប្បន្នលោកយាយស្នាក់នៅផ្ទះជួលនាតំបន់បឹងទំពុលរួមជាមួយនឹងសាច់ញាតិមួយគ្រួសារផ្សេងទៀតក្នុងតម្លៃ១៨០ដុល្លារក្នុងនោះលោកយាយត្រូវចំណាយថ្លៃផ្ទះប្រមាណ៨០ដុល្លារ។ លោកយាយបន្តថា បច្ចុប្បន្នលោកយាយមានជំងឺលើសឈាម ខ្វះជាតិស្ករ ជំងឺបេះដូង ឈឺក្បាល ពិសេសការឈឺជង្គង់ដែលមិនអាចឲ្យលោកយាយឈរបានយូទើបធ្វើឲ្យលោកយាយខកខានក្នុងការចេញទៅសម្តែងខ្សែភាពយន្តជួយសម្រាលបន្ទុកគ្រួសារ។ លោកយាយបន្តថា បន្ទុកទាំងប៉ុន្មានត្រូវធ្លាក់លើកូនប្រុសម្នាក់ទៀត គឺលោក វណ្ណាស័ក្កិដែលជាតារាចម្រៀងប្រចាំផលិតកម្ម អឹម។
លោកយាបន្តថា ចំណូលពីការច្រៀងរបស់កូនប្រុសមិនទៀងទាត់ ប៉ុន្តែលោកយាយអាចឆ្លៀតចេញទៅសម្តែងនៅភោជនីយដ្ឋានពិភពរាត្រីថ្មីបានខ្លះដែរក្នុងមួយសប្តាហ៍បានពីរថ្ងៃ។ លោយយាយបញ្ជាក់ថា ដោយការខ្វះខាតទើបអាហារប្រចាំថ្ងៃហាក់មិនទៀងទាត់រហួតថ្ងៃខ្លះលោកយាយទិញបានត្រឹមមីស្រុះទទួលទានជាមួយបាយរួមជាមួយចៅៗ ឬត្រឹមពងទាប៉ុណ្ណោះ។
ទោះជាយ៉ាងណាក្តីកាលពីថ្ងៃទី២ ខែវិច្ឆិកា លោកយាយ ណយសំណាងបានទទួលនូថវិកា និងសម្ភារៈមួយចំនួនពីបណ្តាសប្បុរជន ក៏ដូចជាសមាគមសិល្បករខ្មែរ គ្រាដែលតារាជើងចាស់រូបនេះកំពុងតែប្រឈមមុខនឹងភាពខ្វះខាត ក៏ដូចជាកម្លាំងពលកម្មនៃការបម្រើសិល្បៈកាន់តែថមថយពីមួយថ្ងៃទៅមួយថ្ងៃនេះ ដែលលោកយាយស្ទើរតែជួបភាពខ្វះខាតម្តងម្កាល។ វត្តមានអ្នកចូលរួមនាឱកាសនោះរួមមានសមាជិកសមាគមសិល្បករខ្មែរនាយឃ្លោក លោកព្រះគ្រូនាគមុនីសត្ថាសុខុមោនីសុវណ្ណមុនីរ៉េត ទីប្រឹក្សាសម្តេចសង្ឃនន្ឋង៉ែត កុយ ស៊ីឌឿន លោកអ៊ឹមជីវ៉ា លោកសោភ័ណ្ឌតន្ត្រី អ្នកស្រីថុង ស៊ីវទៀង ចាងហ្វាងផលិតកម្មចក្រវាឡពេជ្រ លោកប៉ែន នួន អគ្គនាយកក្រុមហ៊ុនCKAចំរើនកសិឧស្សាហកម្ម និងអភិវឌ្ឍន៍កម្ពុជា លោកឱក បូនី លោកមាស សារីទ្ឋ អ្នកនាងស៊ុន ណារីម៉ូនីកា ជាដើម។ ថវិកាដែលបានពីសប្បុរសជនសរុបចំនួន៤០០ដុល្លារអាមេរិក គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។
ព្រះអង្គនូសុវណ្ណមុនីរ៉េត មានសង្ឃដីកាថា ព្រះអង្គតែងតែគោរពស្រឡាញ់តារាជើងចាស់ ព្រោះពួកគាត់មានស្នាដៃ និងសមត្ថភាពធ្វើឲ្យមហាជនបានស្គាល់សប្បាយរីករាយ ។ ជាមួយនឹងវិស័យព្រះពុទ្ឋសាសនានៅតែផ្សារភ្ជាប់ជាមួយសិល្បៈដោយរួមសុខទុក្ខជួយចែករំលែកការលំបាកជូនសិល្បករជើងចាស់ ដូចជាលោកយាយ ណាង ដែលបានជួបទុក្ខលំបាកផ្នែកជីវភាពពេលនេះអ៊ីចឹង។ លោកយាយឃើញជាក់ស្តែងថា ពិតជាថយកម្លាំងមិនមានឱកាសទៅសម្តែងរកប្រាក់នៅខាងក្រៅដូចមុនច្រើន ព្រោះវ័យចាស់អាយុកាន់តែច្រើន ទើបយើងជួយខ្លះតាមទឹកចិត្ត។
លោកប៉ែន នួន អគ្គនាយកក្រុមហ៊ុនស៊ីខេអេចំរើនកសិឧស្សាហកម្ម និងអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងដែរថា លោកយាយ ណាង គាត់មានអាការៈឈឺជំងឺច្រើននៅពេលចាស់ទៅ ។ លោកយាយនៅតែខ្វះខាតជីវភាពមានចៅច្រើននាក់នៅតាមចាំមើលថែ ។ ដូចនេះការជួយគ្នាជាវប្បធម៌ចែករំលែក និងសម្រាលទុក្ខបានមួយអន្លើខ្លះ។ ដោយមើលឃើញថា សមាគមសិល្បករខ្មែរមានសកម្មភាព លោកបានជួយឧបត្ថម្ភក្នុងមួយឆ្នាំ៦០០០ដុល្លារក្នុងន័យប្រើការសកម្មភាពមនុស្សធម៌ផ្សេងៗជាក់ស្តែងផងដែរ ៕
ដោយ៖ វឌ្ឍនា