ប្រធានាធិបតីហ្វុីលីពីន លោកឌុយទែរ តេ បានបង្កឲ្យមានព្យុះភ្លៀងនៅក្នុងឆាកនយោបាយ ចាប់តាំងពីលោកឡើងកាន់ អំណាច ក្នុងនោះមានសង្គ្រាមប្រឆាំងគ្រឿងញៀននិងប្រឆាំងនឹងអំពើពុករលួយទទួលរងការរិះគន់យ៉ាងខ្លាំង ពីសហគមន៍អន្តរ ជាតិ ។ប៉ុន្តែលោកទទួលបានការគាំទ្រ យ៉ាងខ្លាំងក្លាពីពលរដ្ឋនៅក្នុងប្រទេស ដោយសារតែលោកមិនបានធ្វើឲ្យពលរដ្ឋមួយចំនួនធំខកចិត្ត នោះឡើយ។
ជាមួយគ្នានេះគោលនយោបាយសេដ្ឋកិច្ចរបស់លោក បានជួយដល់ប្រទេសហ្វុីលីពីនមានការរីកចម្រើនយ៉ាងខ្លាំង ក្នុងនោះមាន ការបង្កើនទំនាក់ ទំនងសេដ្ឋកិច្ចជាមួយចិន ទុកវិបត្តិមួយ ឡែកសិន។ ប៉ុន្តែពេលនេះ លោក ឌុយទែរ តេ ប្រកាសថា លោកមានបំណងលាលែងពីតំណែងមុនអាណត្តិ ដោយសារមូល ហេតុតែមួយគត់គឺ លោកមានសុខភាព មិនសូវល្អ ចាស់ណាស់ហើយ។
សារព័ត៌មានរ៉យទ័របានផ្សាយថា នៅ ថ្ងៃពុធសប្តាហ៍នេះលោកឌុយទែរតេ បានប្រកាសថាលោកអាចនឹងក្លាយជនផ្ដាច់ការ ដោយនិយាយថា លោកចង់បញ្ចប់ គោលបំណងរបស់លោកក្នុងការបង្កើត សហព័ន្ធនិយម ដូច្នេះទើបលោកចង់បញ្ចប់ តួនាទី ជាប្រធានាធិបតីមុនអាណត្តិ។
លោក ឌុយទែរតេ ថ្លែងបែបនេះនៅក្នុង បរិបទ ដែលអ្នករិះគន់រូបលោកសម្ដែងការមិនពេញចិត្ត ចំពោះការបង្កើតគណៈកម្មការមួយមានសមាជិក ១៩រូប កាលពីខែ មករាកន្លងទៅ។ គណៈកម្មការនេះមាន សមាសភាព ដូចជាអ្នកជំនាញផ្នែកច្បាប់ រដ្ឋធម្មនុញ្ញ និងចៅក្រមកំពូលចូលនិវត្តន៍ បានស្នើឱ្យមានការបង្កើតគំរូសហព័ន្ធដូចគ្នា ទៅនឹងសហរដ្ឋអាមេរិក។
ចំណែកឯ ក្រុមអ្នករិះគន់ជឿជាក់ថា ការបង្កើតគណៈកម្មការនេះ គឺមានចេតនាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីជួយសម្រួលដល់ការកាន់អំណាចរបស់ លោក ឌុយទែរ តេ លើសឆ្នាំ២០២២ ជាពេលដែលលោកត្រូវបញ្ចប់អាណត្តិជាប្រធានាធិបតី។
យ៉ាងណាក៏ដោយ លោកឌុយទែរតេ បាននិយាយថា លោកមិនមានថាមពលត ទៅទៀតនោះទេ។ «ខ្ញុំនឹងចុះចេញពីតំណែង នៅឆ្នាំ២០២០ ហើយខ្ញុំនឹងមិនរង់ចាំរហូតដល់ឆ្នាំ២០២២ នោះទេ ព្រោះខ្ញុំចាស់ ហើយ ខ្ញុំគ្មានមហិច្ឆតាទៀតទេ។ ខ្ញុំពិតជា ចង់សម្រាក»។ នេះគឺជាការលើកឡើង របស់ លោក ឌុយទែរតេ នៅអំឡុងសុន្ទរកថាមួយនៅថ្ងៃពុធមុននេះ។
គួរបញ្ជាក់ថា រដ្ឋធម្មនុញ្ញហ្វុីលីពីនត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៧ បន្ទាប់ពីការធ្វើបដិវត្តន៍ទម្លាក់អតីតមេដឹកនាំផ្ដាច់ការ ហ្វុីលីពីន លោក ហ្វែឌីណង់ ម៉ាកូស (Ferdinand Marcos)។ ប៉ុន្តែក្រុមអ្នក ជំនាញខ្លះយល់ថា លោក ឌុយទែរតេ អាច នឹងទទួលជោគជ័យក្នុងការ ធ្វើវិសោធន កម្មរដ្ឋធម្មនុញ្ញ ដោយហេតុថាលោកមាន ប្រជាប្រិយភាព និងគ្រប់គ្រងសំឡេងភាគច្រើននៅក្នុងសភា៕ ម៉ែវ សាធី