ប្រទេសមានពលរដ្ឋច្រើនទីពីរលើពិភពលោក កំពុងតែមានសេដ្ឋកិច្ចកើនឡើងខ្ពស់គួរឲ្យចាប់អារម្មណ៍

ចែករំលែក៖

ក្រុមអ្នកឯកទេសសេដ្ឋកិច្ចបានលើកឡើងថា កំណើនសេដ្ឋកិច្ចឥណ្ឌា បានកើន ឡើង ខ្ពស់នៅក្នុងត្រីមាសកន្លង មកហើយ នឹងមានសេដ្ឋកិច្ច កើនឡើងខ្លាំងនៅឆ្នាំក្រោយ។កំណើនសេដ្ឋកិច្ចឥណ្ឌាបានកើនឡើងដោយការក្រុមអ្នកវិនិយោគទុនជាច្រើនបានចូលទៅបណ្តាក់ទុនរកសុីនៅ ក្នុងប្រទេសដែលមានពលរដ្ឋដល់ទៅជាង១ពាន់លាននាក់។

បើតាមតួលេខផ្លូវការ ដែលផ្សព្វផ្សាយ នៅថ្ងៃពុធទី ២៨ ខែកុម្ភៈឆ្នាំ២០១៨ថា កំណើនសេដ្ឋកិច្ចឥណ្ឌា ពិតជាបានកម្រើក កើនឡើងវិញ តាំងពីត្រីមាសទីបួន ពីខែ​តុលា-ធ្នូនៃឆ្នាំ២០១៧មក។ កំណើនដែលបានអូសទាញផលិត ផលសរុបក្នុងស្រុក ឱ្យមានកម្រិត ដល់ទៅ ៧,២% គិតក្នុង រយៈពេលមួយឆ្នាំ ពីថ្ងៃទី១ ខែមេសា ឆ្នាំ ២០១៧ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨។ បន្ទាប់ពីបន្ថយល្បឿនអស់ជាច្រើនត្រីមាស មកកំណើនសេដ្ឋកិច្ចឥណ្ឌាបានស្ទុះឡើងវិញ តាំងពីខែកក្កដា-កញ្ញាមកម៉្លេះ និងត្រូវបានបញ្ជាក់កាន់តែច្បាស់នៅត្រី មាសចុងក្រោយកន្លងទៅនេះ។ ផលិត​ផលសរុបក្នុងស្រុក ហេដ្ឋារចនាសម្ព័ន្ធ និងផលិតផលឧស្សាហកម្ម សុទ្ធតែមាន កំណើនទាំងអស់ ហើយនឹងបន្តពន្លឿន​កំណើនសេដ្ឋកិច្ច កាន់តែខ្លាំងបន្ថែមទៀតនៅឆ្នាំក្រោយ ក្នុងកម្រិតពី៧ទៅ៧,៥% នៅឆ្នាំ២០១៨-២០១៩។ នេះបើតាមការអះ អាងរបស់អ្នកជំនាញសេដ្ឋកិច្ច និងរបាយការណ៍ប្រចាំឆ្នាំរបស់រដ្ឋាភិបាលឥណ្ឌា។

នៅក្នុងរបាយការណ៍មុន ឥណ្ឌាបាន ព្យាករថា មានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ២០១៧-២០១៨ ត្រឹមតែ៦,៥% ទល់នឹង ៧,១% នៅឆ្នាំ២០១៦-២០១៧ មានន័យថាជាកម្រិតទាបបំផុតមិនធ្លាប់មានទេ គិត តាំងពីលោកមូឌី អ្នកជាតិនិយមឥណ្ឌា ឡើង​កាន់អំណាចមក។ មានមូលហេតុពីរដែលបញ្ជាក់ពីភាពទន់ខ្សោយនេះ គឺដោយសារឥទ្ធិពលនៃការលុបក្រដាលសលុយ ៥០០និង១០០០រូពី ឈប់ឱ្យប្រើប្រាស់ ដែលជាហេតុធ្វើឱ្យខ្វះសាច់លុយធ្វើចរា ចរណ៍លើទីផ្សារជាតិ។ បន្ទាប់មកទៀត រដ្ឋាភិបាលបានដាក់ដំណើរការប្រព័ន្ធពន្ធដារថ្មីលើទំនិញ ឬហៅថាពន្ធលើតម្លៃ បន្ថែម ដែលបង្កភាពវឹកវរយ៉ាងខ្លាំង។ក្រោយឥទ្ធិពលអវិជ្ជមាន សេដ្ឋកិច្ចឥណ្ឌាក៏ចាប់ ងើបឡើងវិញ។ នេះជាការកត់សម្គាល់របស់ភ្នាក់ងារវាយតម្លៃហានិភ័យសេដ្ឋកិច្ច ក្នុង​សេចក្តីថ្លែងការណ៍ និងបានប្រកាសដំឡើងចំណាត់ថ្នាក់ឥណ្ឌាជាលើកទីមួយ គិតចាប់ តាំងពីឆ្នាំ២០០៤ មួយកម្រិត តែស្ថិតក្នុង ចង្កោមអ្នកមធ្យមកម្រិតទាបដដែល។

ប៉ុន្តែបើតាមការយល់ឃើញរបស់ធនាគារកណ្តាល កំណើនសេដ្ឋកិច្ចឥណ្ឌា ពេលនេះ នៅតែមានលក្ខណៈផុយស្រួយ ព្រោះការឡើងថ្លៃនៃទំនិញហូបចុក ព្រមទាំងប្រេងដែលឥណ្ឌានាំចូលយ៉ាងសន្ធឹកសន្ធាប់។ តម្លៃទំនិញបានកើនឡើង នៅ ខែមករា ដល់ទៅ៥,០៧%សម្រាប់រយៈ ពេលមួយឆ្នាំ ខណៈដែលធនាគារកណ្តាលជាតិកម្រិតត្រឹមតែ៤%។ ម្យ៉ាងទៀត ឥណ្ឌាបន្តប្រឈមមុនខនឹងការវិនិយោគ ឯកជនមិនស្វាហាប់ ដោយហេតុតែពិបាកខ្ចីលុយវិនិយោគពីធនាគារ ដែលមានប្រព័ន្ធដំណើរការមិនសូវល្អ។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េន ដ្រា មូឌី បានឡើងកាន់អំណាចនៅឆ្នាំ ២០១៤ ជាមួយពាក្យសន្យាផ្តល់កំណើនសេដ្ឋកិច្ចស្វាហាប់ដល់ជាតិ ដើម្បីមានទឹក មាត់នៅលើពិភពលោក និងផ្តល់អាទិភាពដល់ការបង្កើតការងារដល់យុវជន។ មាន ទំនោរផ្អៀងផ្អងរវាងសេរីនិយម នឹងការការ ពារប្រយោជន៍ជាតិនិយម ការធ្វើកំណែ ទម្រង់របស់លោក បានទទួលការស្វាគមន៍ជាទូទៅពីសំណាក់សហគមន៍អន្តរជាតិ ដោយយល់ថាលោកមូឌី ជាមនុស្សសម័យ និយម៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print