ភ្នំពេញ ៖ សិប្បកម្មផលិតគ្រឿងទេសមួយកន្លែងក្នុងខណ្ឌដង្កោ ត្រូវបានបិទជាបណ្ដោះអាសន្នហើយ កាលពីល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីរកឃើញថា ផលិតផលមួយចំនួនមានផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋស្នើដល់តុលាការ មេត្តាចាត់វិធានការផ្លូវច្បាប់ចំពោះម្ចាស់ទីតាំងផង ពោលគឺកុំបិទតែសិប្បកម្ម ហើយទុកម្ចាស់ទីតាំងរត់ការបើកវិញ នាពេលណាមួយនោះ ។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ដឹកនាំដោយលោកឧត្តមសេនីយ៍ អ៊ូច ទូច អនុប្រធានលេខាធិការដ្ឋាន គ.ប.ផ.ក ដោយមានការសម្របសម្រួលពីលោក គុជ គឹមទ្បុង ព្រះរាជអាជ្ញារងអមសាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះជាច្រើននាក់ ចុះឆែកឆេរនិងបិទទីតាំងសិប្បកម្មផលិតគ្រឿងទេសមួយកន្លែង តាមដីកាបង្គាប់របស់តុលាការរាជធានីភ្នំពេញ ។
ទីតាំងសិប្បកម្មដែលត្រូវបានបិទស្ថិតនៅចំណុចផ្ទះលេខ ១៦៦អា ផ្លូវលំ ខាងត្បូងសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បន្ទាប់ពីសមត្ថកិច្ចឆែកឆេររកឃើញផលិតផលមួយចំនួន ដូចជា ទឹកម្ទេស ទឹកសៀង ទឹកសាអ៊ីវ ទឹកប្រេងខ្យងនិងសារធាតុផ្សំមួយចំនួន ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ ទើបសម្រេច ផ្អាកការធ្វើអាជីវកម្មរបស់សិប្បកម្មខាងលើតែម្តង។ ដោយឡែកចំពោះ ផលិតផលដែលសម្រេចរួចហើយនោះ សមត្ថកិច្ចជំនាញ មិនអនុញ្ញាតឲ្យដាក់តាំងលក់ ចរាចរលើទីផ្សារនោះទ្បើយ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់បន្តទៀត ៕ ចេស្តា