ព្យុះកំណាចនៅអាមេរិកសម្លាប់មនុស្ស៥នាក់ និង គ្រូសារជិត២លានគ្រួសារគ្មានអគ្គិសនីប្រើប្រាស់

ចែករំលែក៖

ខ្យល់ព្យុះជាទ្រង់ទ្រាយធំ បានវាយ ប្រហារនៅទីក្រុង Virginia ដោយមាន កម្លាំងខ្យល់រហូតដល់ ១២៩គីឡូម៉ែត្រ ក្នុងមួយម៉ោងអមទៅដោយភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យលិចលង់ តំបន់ជាច្រើននិងធ្វើឲ្យចរាចរណ៍កកស្ទះ។
តាមសារព័ត៌មាន ស៊ីនហួ នាព្រឹកថ្ងៃ សៅរ៍ ទី៣ ខែមីនា ឆ្នាំ២០១៨ បានផ្សាយ ថា មនុស្សយ៉ាងហោចណាស់៥នាក់ ក្នុងនោះរួមមានទាំងកុមារ២នាក់ផងដែរ បានបាត់បង់ជីវិត នៅក្នុងខ្យល់ព្យុះដ៏ កំណាច ដែលបាននិងកំពុងបោកបក់មកលើតំបន់ឆ្នេរភាគខាងកើត នៃសហរដ្ឋ អាមេរិក។ ក្រៅពីនេះនៅមានពលរដ្ឋ រហូតដល់ ជិត ២លានគ្រួសារគ្មានអគ្គិសនីប្រើប្រាស់។

អាជ្ញាធរអាមេរិកបានបញ្ជាក់ថា ក្មេង ប្រុសអាយុ៦ឆ្នាំម្នាក់ បានស្លាប់នៅក្នុងរដ្ឋ វ៉ឺជីនៀ (Virginia) នៅពេលដែលដើមឈើ ធំមួយដើម បានដួលរលំទៅលើផ្ទះរបស់គ្រួសារក្មេងនោះ កាលពីព្រឹកថ្ងៃសុក្រ សប្តាហ៍នេះ ខណៈដែលសមាជិកគ្រួសារទាំងអស់មិនទាន់ទាំងក្រោកពីដំណេកផងនោះ។
បន្ថែមពីនេះទៀតកាលពីល្ងាចថ្ងៃសុក្រ ក្មេងប្រុសម្នាក់ទៀតអាយុ១១ឆ្នាំ រស់នៅ រដ្ឋ ញូវយ៉ក បានស្លាប់ក្នុងករណីដូចគ្នា គឺដើមឈើរលំសង្កត់លើផ្ទះរបស់ក្រុមគ្រួសារក្មេងនោះ ដែលស្ថិតនៅក្នុងសង្កាត់ ភុត ណាម (Putnam)។ ដោយឡែកម្តាយរបស់ កុមាររងគ្រោះ ដែលស្ថិតនៅផ្ទះពេលកើត ហេតុនោះដែរ បានទទួលរងរបួសធ្ងន់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ទីភ្នាក់ងារចិនស៊ីនហួ ចេញផ្សាយនៅថ្ងៃ សៅរ៍ ទី៣ ខែមីនានេះ បានឲ្យដឹងថា ជើងហោះហើរជាង២.៤០០ ត្រូវបានលុប ចោល កាលពីថ្ងៃសុក្រ ទី២ ខែមីនា នៅ សហរដ្ឋអាមេរិក ក្នុងសារខ្យល់បក់ខ្លាំង ដោយល្បឿនរហូតដល់១១២គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយវាកំពុងធ្វើឱ្យ មាន ការខូចខាត នៅឆ្នេរសមុទ្រខាងកើត។
ក្រសួងព្យាករណ៍អាកាសធាតុ អាមេរិក បានប្រកាសថា ខ្យល់យ៉ាងខ្លាំងបែបនេះ នៅតែបន្តនៅថ្ងៃសៅរ៍បណ្តាលឲ្យជើង ហោះហើរជាង១០០០ ជើងនៅទីក្រុងញូវ យ៉ក ទាំងក្នុងស្រុកនិងអន្តរជាតិ ត្រូវ បានលុបចោល រួចហើយនៅឯអាកាស យានដ្ឋាន Newark, LaGuardia និង John F. Kennedy ដោយទុកឱ្យអ្នកដំណើរ ជា ច្រើនរយនាក់ ជាប់គាំងនៅទីនោះផង។

ដើមឈើបាក់រលំ ដោយសារកម្លាំង ខ្យល់ ត្រូវបានគេមើលឃើញ កើតមាន នៅក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីព្រឹក ថ្ងៃសុក្រ ហើយខ្យល់ព្យុះខ្លាំងបែបនេះ ត្រូវបានគេរំពឹងថា នឹងបន្តពេញមួយថ្ងៃ ដែលវាបានធ្វើឱ្យថ្ងៃសុក្រ អាចក្លាយជាថ្ងៃ ដែលមានខ្យល់ព្យុះអាក្រក់បំផុត មិនធ្លាប់ មាននៅទីក្រុងមួយនេះ គិតចាប់តាំងពីព្យុះ Hurricane Sandy កាលពីខែតុលា ឆ្នាំ ២០១២ មកម៉្លេះ។
ព្យុះកំណាចខាងលើនេះ ត្រូវបានអាជ្ញា ធរអះអាងថា នឹងបន្តរហូតដល់ថ្ងៃសៅរ៍ សប្តាហ៍នេះ ហើយដោយឡែកមនុស្ស ស្លាប់ចំនួន៣នាក់ទៀត គឺជាមនុស្សមាន វ័យចំណាស់ចន្លោះពី ៤៤ឆ្នាំ ទៅ ៧៧ឆ្នាំ សុទ្ធតែត្រូវបានរងគ្រោះដោយដើមឈើ រលំសង្កត់ផ្ទះដូចគ្នា៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print