ខេត្តកំពត ៖ លោក ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង ធម្មការ និង សាសនា អញ្ជើញជាអធិបតីក្នុងពិធីបើកការសូត្រ លើកទី២៧ និងប្រឡងចាំមាត់លើកទី១ គម្ពីរអាល់គួរអានុលការីម ថ្នាក់ជាតិ ឆ្នាំ២០១៨ ។
ពិធីនេះត្រូវបានប្រារព្ធឡើងនៅវិហារឥស្លាមភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេតកំពត កាលពីថ្ងៃសៅរ៏ ៣រោច ខែផល្គុន ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី០៣ មីនា ឆ្នាំ២០១៨ ។
ក្នុងនោះដែរក៏មានការអញ្ជើញជាគណៈអធិបតីពីសំណាក់លោក សុះ កំរី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ព្រមទាំងលោក លោកស្រី គណៈមេប្រយោគ ករី-ករីអះ យុវជន និង បងប្អូនសាសនិកឥស្លាម ប្រមាណជាង៧០០ នាក់ ។
មានមតិសំណេះសំណាលក្នុងឱកាសនោះ លោក ហ៊ឹម ឆែម បានមានប្រសាសន៍ថា៖ បច្ចុប្បន្នប្រទេសកម្ពុជា មានសិទ្ធិសេរីភាពយ៉ាងពេញលេញ ចំពោះបុគ្គលគ្រប់រូប ក្នុងការ សម្រេចចិត្តក្នុងការគោរពប្រណិបត្តិតាមជំនឿសាសនា ដែលខ្លួនពេញចិត្តរៀងៗខ្លួន ពិសេសរាជរដ្ឋាភិបាលកម្ពុជា បានបើកទូលាយ ដោយបង្កលក្ខណៈងាយស្រួល ក្នុងការប្រារព្ធពិធី តាមជំនឿក្នុងសាសនា របស់សហគមន៍ឥស្លាមផងដែរ។
រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត បាននិងខិតខំយ៉ាងសកម្មបំផុតក្នុងការរក្សាសន្តិភាព ស្ថេរភាព សុវត្ថិភាព ការពង្រឹង និងពង្រីកខឿនសេដ្ឋកិច្ចជាតិ និងការធ្វើឲ្យមានវឌ្ឍនភាពវប្បធម៌ ប្រពៃណី ក៏ដូចជាការបង្កនូវបរិយាកាសយោគយល់ ចុះសម្រុងគ្នា និងភាពសុខដុមរមនា រវាងសាសនិកនៃសាសនាទាំងឡាយនៅកម្ពុជា ដើម្បីឈានទៅកាន់ការអភិវឌ្ឍសង្គមជាតិ។
លោកទេសរដ្ឋមន្ត្រីបានលើកឡើងគាំទ្រចំពោះប្រធានបទដែលបានដាក់ចេញនៅក្នុងពិធីសូត្រលើកទី២៧ ឆ្នាំ២០១៨ នេះគឺ “ឥស្លាម និង សីលធម៌” ដែលពិតជាបង្ហាញពីគុណធម៌របស់គម្ពីរសាសនាឥស្លាម ដែលនឹងត្រូវស្តែងចេញជាសកម្មភាពជាក់ស្តែង និងរស់រវើក នៅក្នុងសហគមន៍ឥស្លាម ក្នុងការឆ្លើយតបទៅនឹងបរិបទពិភពលោក ជាពិសេសរដ្ឋាភិបាលកម្ពុជាចំពោះប្រជាជាតិ ដែលតែងតែយកចិត្តទុកដាក់លើបញ្ហាសីលធម៌ជាអាទិភាព។
លោកទេសរដ្ឋមន្ត្រីក៏បានថ្លែងកោតសរសើរ ចំពោះលោក ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនា ឥស្លាមកម្ពុជា និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ព្រមទាំងស្ថាប័ន ឯកជននានា នៃសហគមន៍ឥស្លាមដែលបានបំពេញការងាររៀងៗខ្លួន ជាពិសេសកិច្ចសហប្រតិបត្តិការយ៉ាងល្អដើម្បីសម្រេចលទ្ធផដ៏ល្អប្រសើរ ៕ ដោយ៖ សំរិត