រថយន្តពាក់ស្លាកលេខក្លែងក្លាយ១គ្រឿង ត្រូវបានចោរលួចចេញពីខេត្តកំពង់ធំ មករេចង្កូតធ្លាក់ផ្លូវទៅបុកនឹងដើមឈើ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ រថយន្តម៉ាក SSANG YONG មួយគ្រឿង ចំណុះ ៥ កៅអី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2J-2809 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្នុងល្បឿនលឿនហួសកំណត់ ទិសដៅពីជើងទៅត្បូង ( ពីទីរួមខេត្តត្បូងឃ្មុំទៅស្រុកតំបែរ) បានរេចង្កូតធ្លាក់ពីលើផ្លូវ ទៅបុកនឹងដើមឈើបង្ករឲ្យមានភាពភ្ញាក់ផ្អើរដល់ប្រជាពលរដ្ឋ កាលពីថ្ងៃទី ៣ ខែមីនា គ.ស ២០១៨ វេលាម៉ោង៧ និង២០នាទី នៅចំណុចលើផ្លូវជាតិ៧៣ ស្ថិតក្នុងភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

បន្ទាប់ពីឃើញហេតុការណ៍នោះកម្លាំងប្រជាការពារភូមិក៏បាននាំគ្នាទៅមើលស្រាប់តែឃើញអ្នកបើកបរនោះបានអូសម៉ូតូ១គ្រឿង ម៉ាក Dream C125 ពណ៌ខ្មៅ ផលិតក្នុងឆ្នាំ ២០១៧ ចេញពីរថយន្តរួចជិះគេចខ្លួនបាត់ទៅទិសខាងត្បូង ដោយទុករថយន្តចោលនៅកន្លែងកើតហេតុ ។ ដោយមានការសង្ស័យតំណាងកម្លាំងប្រជាការពារម្នាក់បានទាក់ទងតាមរយៈទូរស័ព្ទទៅលោកអធិការនគរបាលស្រុកតំបែរ ដើម្បីឲ្យកម្លាំងនគរបាលស្រុកតំបែរចុះអន្តរាគមន៍ និងពិនិត្យស្រាវជ្រាវនៅចំណុចកើតហេតុនោះ ។

ខណៈពេលទទួលបានព័ត៌ភ្លាមកម្លាំងនគរបាលជំនាញ នៃអធិការនគរបាលស្រុកតំបែរ បានចុះដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យរកឃើញថារថយន្ត SSANG YONG នោះស្លាកលេខក្លែងក្លាយ ចំពោះរថយន្តនោះមានផ្លាក់លេខពិតប្រាកដ គឺភ្នំពេញ 2R-4467 ដែលដោះលាក់ក្នុងរថយន្ត ។

ករណីនេះលោកឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាឲ្យកម្លាំងនគរបាលនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាល ចុះសហការជាមួយកម្លាំងនគរបាលយុត្តិធម៌ស្រុកតំបែរ ធ្វើការស្រាវជ្រាវបានដឹងថារថយន្តនោះ គឺក្រុមចោរលួចយកមកពីខេត្តកំពង់ធំ ។

បច្ចុប្បន្នរថយន្ត SSANG YONG ស្លាកលេខក្លែងក្លាយនោះត្រូវបានបញ្ជូនមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងបានកសាងសំណុំរឿង ដើម្បីស្រាវជ្រាវតាមរកជនសង្ស័យមកផ្តន្ទាទោសតាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ផងដែលថា ៖ ស្លាកលេខភ្នំពេញ 2J-2809 ដែលពាក់លើរថយន្ត SSANG YONG នោះ គឺជាស្លាកលេខរបស់រថយន្តម៉ាក TOYOTA CAMRY ឆ្លាម ពណ៌ទឹកមាស ដែលចោរបានលួចបាត់ពីខេត្តត្បូងឃ្មុំ ក្នុងរយៈពេលប្រមាណ២សប្តាហ៍មុន ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print