ម៉ូតូបុកម៉ូតូលើកំណាត់ផ្លូវជាតិលេខ២១Aស្លាប់២នាក់ របួស៣នាក់

ចែករំលែក៖

ខេត្តកណ្តាលៈ ម៉ូតូ២គ្រឿងបើកបោះពួយបុកគ្នាពេញមួយទំហឹងនៅលើកំណាត់ផ្លូវជាតិលេខ២១A កាលពីវេលាម៉ោង៤ និង៤៥នាទីទាបភ្លឺ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥ ត្រង់ចំណុចខាងក្រោមស្ពានព្រែកសំរោង ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បណ្តាលឲ្យមនុស្ស២នាក់ជាអ្នកបើកបរម៉ូតូស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នករួមដំណើរជាមួយ៣នាក់ទៀតរងរបួសធ្ងន់ស្រាល ។
​ជនរងគ្រោះដែលស្លាប់បាត់បង់ជិវិតនោះទី១-ឈ្មោះ អៀប​ ភក្តី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ ជាមន្ត្រីយោធា បច្ចុប្បន្នស្នាក់នៅក្នុងបន្ទាយស្វាយរលំ ស្ថិតក្នុងឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ជិះម៉ូតូម៉ាកWAVE RX ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​1CG-1472 ទី២-ឈ្មោះ ណាង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល បើកម៉ូតូម៉ាកWAVE RSX ពណ៌ខ្មៅលាយស ពាក់ស្លាកលេខ ភ្នំពេញ​1CX-8447 មានអ្នករួចដំណើរជាមួយ៣នាក់រងរបួសធ្ងន់ម្នាក់ ស្រាល២នាក់ ។
​សាក្សីនិយាយថា នៅមុនពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកWAVE RX ម្នាក់ឯងយ៉ាងលឿនតាមបណ្តោយផ្លូវជាតិលេខ២១A ក្នុងទិសដៅពីជើងទៅត្បូង ។ លុះបើកដល់ចំណុចកើតហេតុបានជ្រុលទៅបុកជាមួយម៉ូតូម៉ាកWAVE RSX ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាពេញមួយទំហឹងលាន់ឮដូចរន្ទះ បណ្តាលឲ្យអ្នកបើកបរម៉ូតូទាំង២គ្រឿងស្លាប់បាត់បង់ជិវិតយ៉ាងអណោចអធ័មនៅកន្លែងកើតហេតុ។
ដោយឡែកអ្នករួមដំណើរជាមួយម៉ាកWAVE RSX រងរបួសធ្ងន់ស្រាល៣នាក់ត្រូវបានរថយន្តសាមុយប្រចាំស្នងការដ្ឋាននគរបាលខេត្តកណ្តា​​លដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ចំណែកឯសាកសពជនរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
បច្ចុប្បន្នម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ធ្វើការវាស់វែងដកហូតនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមច្បាប់ ។
កំណត់ហេតុវាស់វែងបានបង្ហាញថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយភាគីម៉ូតូម៉ាកWAVE RX ចូលទៅបុកនៅចំណែកផ្លូវម៉ូតូម៉ាកWAVE RSX ៕

20150707-083601.jpg

20150707-083557.jpg

...

20150707-083605.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print