ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូសេ១២៥បានបុកជាមួយរថយន្តកូរ៉េបណ្តាលឲ្យយុវជន២នាក់បានរងរបួសធ្ងន់និងម្នាក់ទៀតរបួសស្រាល កាលពីវេលាម៉ោង១៩និង៤០នាទីយប់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចមុខផែស្ងួត តិច ស្រ៊ុន តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងកូរ៉េ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ច ៩០៨១ ភព២ បានបើកចេញពីផែស្ងូត តិចស្រ៊ុន ហើយបានឆ្លងផ្លូវទៅលិច ភ្លាមនោះស្រាប់តែមានយុវជន៣នាក់ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CA-1887 បានឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនដោយចាំហ្វ្រាំងមិនទាន់ក៏ជ្រុលបុកចំពីចំហៀងរថយន្តពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់២នាក់និងម្នាក់ទៀតរងរបួសស្រាល ចំណែកម៉ូតូរងការខូចខាងយ៉ាងដំណំ។
សាក្សីដដែលបានបន្ត ថា បន្ទាប់ពីកើតហេតុរថយន្តកូរ៉េ បានបើកចូលក្នុងផែស្ងួត តិចស្រ៊ុន បាត់ ក្រោយមកសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងទាក់ទងហៅរថយន្តសង្គ្រោះមកដឹកជនរងគ្រោះ ទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តដែលបានបើកចូលក្នុងផែស្ងួតតិចស្រ៊ុននោះ សមត្ថកិច្ចបានចូលទៅនាំយក មកក្រៅនិងយកទាំងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីរងចាំដោះស្រាយពេលក្រោយ៕សុខា សែនជ័យ