លោកស្រីម៉ែន សំអន​៖ ចូលរួមបិទ ការសូត្រគម្ពីអាល់គួអានុលការីមលើកទី២៧​ និងការប្រលងចាំមាត់ លើកទី១​ថ្នាក់ជាតិ​ ឆ្នាំ២០១៨ ដើម្បីត្រៀមទៅសូត្រ អន្ដរជាតិ

ចែករំលែក៖

ខេត្តកំពត ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការសូត្រគម្ពី អាល់​គូអានុការីមលើកទី២៧​ និងការប្រឡងចាំមាត់លើកទី១​ គម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិ​ ឆ្នាំ២០១៨ ដើម្បីត្រៀមទៅសូត្រគម្ពុីអន្ដរជាតិ ។ ពិធីនេះ បានប្រព្រត្ដទៅនៅ វិហារភូមិកំពង់កែស​ ឃុំត្រពាំងសង្កែ​ ស្រុកទឹកឈូ​ ខេត្តកំពត កាលពីរសៀលថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី០៤ មីនា ឆ្នាំ២០១៨ ។

ពិធីសូត្រគម្ពីររបស់សាសនាឥស្លាមនេះ​ រៀបចំដោយគណ:ដឹកនាំជាន់ខ្ពស់នៃសាសនិកឥស្លាមកម្ពុជា​ សហការជាមួយ​ ក្រសួងធម្មការ​ និង​ សាសនា​ បានប្រព្រឹត្តទៅដោយរលូន​ ក្រោមប្រធានបទ​ “ឥស្លាម​ និង​ សីលធម៌”​ រយ:ពេលពីរថ្ងៃ​ គឺថ្ងៃទី០៣​-០៤ ខែមីនាឆ្នាំ២០១៨។

ក្នុងចំណោម​ ករី-ករីអះ​ (បេក្ខជន-បេក្ខនារី)​ ចំនួន​ ៤០​នាក់​ មកពីរាជធានីខេត្តទូទាំង​ប្រទេសអញ្ជើញចូលរួមសូត្រ​ គណ:មេប្រយោគក៏បានរកឃើញ​ ករី-ករីអះ​ ជ័យលាភីផ្នែកបុរសចំនួន​ ៣នាក់​ និង​ ជ័យលាភីផ្នែកនារីចំនួនបីនាក់​ គឺផ្នែកបុរស​ លេខ១​ បានទៅលើករីឈ្មោះ​ យូសុះ​ សាឡឹម មកពីខេត្តកណ្តាល​ លេខ២​ ករីឈ្មោះ​ សុះ​ សាន់សារី​ មកពីខេត្តព្រៃវែង និង​ លេខ៣​ ករីឈ្មោះ​ សេន​ ស៊ុល​ មកពីខេត្តត្បូងឃ្មុំ។ ចំណែកផ្នែកនារី​ លេខ១​ ករីអះឈ្មោះ​ សើ​ ម៉ៃយ៉ុម​ មកពីខេត្ត​កំពត​ លេខ២​ ករីអះឈ្មោះ​ ជី​ ម៉ៃសំ​ មកពីខេត្ត​រតនៈគីរី​ និង​ លេខ៣​ ករីអះឈ្មោះ​ សើ​ រ៉ោះម៉ះ​ មកពីខេត្តប៉ៃលិន។ រីឯក្នុងចំណោមករី-ករីអះ​ ប្រឡងសូត្រចាំមាត់ចំនួន​ ១៤​នាក់​ លេខ​១​ ករីឈ្មោះ​ ការីម​ មូហាំម៉ាត់ហ្សៃនី​ មកពីខេត្តបាត់ដំបង​ លេខ២​ ករីឈ្មោះ​ សាន់​ ស៊ុលហ្សារី​ មកពីខេត្តក្រចេះ​ និង​ លេខបី​ ករីឈ្មោះ​ លី​ អារីហ្វ​ មកពីខេត្តកំពង់ធំ។

លោកស្រី ម៉ែន​ សំអន​ បានមានប្រសាសន៍ថា​ ៖រាជរដ្ឋាភិបាល​ ដែលមាន​ ក្រសួងធម្មការ​ និង​ សាសនា​ ជាសេនាធិការ​ បានសហការ​ និងគាំទ្រចំពោះការជួបជុំគ្នារបស់បងប្អូនសាសនិកឥស្លាម​ ដើម្បីប្រារព្ធពិធីប្រពៃណីផ្សេងៗ​របស់សាសនិកឥស្លាម​កម្ពុជា​ ស្របតាមគោលនយោបាយសុខដុមនីកម្មជាតិ​ និងវប្បធម៌ពហុជនជាតិ​ ដែលមានសកម្មភាពយ៉ាងផុសផុល​ និងសស្រាក់សស្រាំ។​

លោកស្រី​ ក៏បានបង្ហាញនូវការពេញចិត្តចំពោះប្រធានបទឆ្នាំនេះ​ “ឥស្លាម​ និង​ សីលធម៌”​ ពិតជាសមស្របបំផុតសម្រា​ប់បរិយាការណ៍បច្ចុប្បន្ន​ ដោយហេតុថា​ដែលពិតជាបង្ហាញពីគុណធម៌របស់គម្ពីរសាសនាឥស្លាម​ ដែលនឹងត្រូវស្តែងចេញជាសកម្មភាពជាក់ស្តែង​ និងរស់រវើក​ នៅក្នុងសហគមន៍ ឥស្លាម​ ក្នុងការឆ្លើយតបទៅនឹងបរិបទពិភពលោក​ ជា ពិសេសរដ្ឋាភិបាលកម្ពុជាចំពោះប្រជាជាតិ​ ដែលតែងតែយកចិត្តទុកដាក់លើបញ្ហាសីលធម៌ជាអាទិភាព។

ក្នុងនាមសម្តេចតេជោ​ នាយករដ្ឋមន្ត្រី​ និងតាងនាមរាជរដ្ឋាភិបាលកម្ពុជា​ លោកស្រី ម៉ែន​ សំអន​ បានចូលរួមអបអរសាទរ​ និងកោតសរសើរ​ ចំពោះជោគជ័យ​ និង​ លទ្ធផលល្អ​ ដែលសហគមន៍ឥស្លាមទទួលបាន​ ក្នុងការចូលរួមសូត្រគម្ពីររបស់ករី-ករីអះ​ តំណាងឲ្យកម្ពុជា លើឆាកអន្តរជាតិកន្លងមក​ ដែលបានបង្ហាញថា​ កម្ពុជា ពិតមែនតែជាប្រទេសតូច​ មានសាសនិកឥស្លាមតិចតួចបំផុត​ តែទទួលបានលទ្ធផលល្អ​ អាចប្រជែងជាមួយប្រទេសធំៗ​ និងមានសាសនិកឥស្លាមជាច្រើន​ ដែលបាចូលរួមសូត្រ។​

លោកស្រី ក៏បានកោតសរសើរ​ដល់បងប្អូនសាសនិកឥស្លាមទូទាំងប្រទេស​ ដែលបានខិតខំថែរក្សាប្រពៃណីដ៏ល្អរបស់ខ្លួន​ ពិសេសការសូត្រគម្ពីរអាល់គួរ៉ាអាន​ ដែល មានការលំបាកបំផុត​ នៅតាមសហគមន៍​ និងគ្រួសារ ៕ ដោយ៖សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print