បរិយាកាសកខ្វក់ ចុះអ័ព្ទនាពេលកន្លង មក បានបង្កផលប៉ះពាល់យ់ាងខ្លាំងដល់ ពលរដ្ឋចិន ពិសេដ្ឋនៅតាមទីក្រុងធំៗ ដូចជាទីក្រុងប៉េកាំងនិងទីក្រុងសៀងហៃជាដើម ពេលខ្លះចុះអ័ព្ទ មើលមិនឃើញផ្លូវ ។
ដើម្បីការពារអាយុជីវិតពលរដ្ឋចិន ដែលមានច្រើនបំផុតលើពិភពលោក ពេលនេះរដ្ឋាភិបាលបានចេញវិធានការ ខិតខំដោះស្រាយ បញ្ហាបំពុលបរិស្ថាន ឲ្យកាន់តែស្វាហាប់ថែមទៀត តាមរយៈ ការកាត់បន្ថយការបញ្ចេញសារធាតុ ស្ពាន់ ធ័រឌីអុកស៊ីត (Sulfur Dioxide) និងនី ដ្រូសែនអុកស៊ីត (Nitrogen Oxide) ឲ្យ បានបីភាគរយ និងសម្រេចឲ្យបាននូវការ ថយចុះជាលំដាប់ នៃកំហាប់សារធាតុ បំពុលខ្យល់ ដ៏គ្រោះថ្នាក់សម្រាប់សុខភាព PM2.5 នៅតាមតំបន់សំខាន់ៗ ។ នេះបើតាមការប្តេជ្ញារបស់នាយករដ្ឋមន្រ្តីចិន លោក លី ខឺជាំង (Li Keqiang) ដកស្រង់ ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ នៅរសៀលថ្ងៃចន្ទ ទី៥ ខែមីនា ឆ្នាំ ២០១៨។
ថ្លែងក្នុងសុន្ទរកថា ស្តីពីរបាយការណ៍ការងាររបស់រដ្ឋាភិបាល នៅឯកិច្ចប្រជុំ ប្រចាំឆ្នាំ នៃអង្គសភាប្រទេសចិន លោកលី បានលើកឡើងទៀតថា ចិននឹងជំរុញ លើកទឹកចិត្ត ដល់ការលើកកម្ពស់វិស័យ ឧស្សាហកម្មដែកថែប និងឧស្សាហកម្ម ដទៃទៀត ក្នុងគោលដៅសម្រេចឲ្យបាន នូវការបញ្ចេញសារធាតុពុល ឲ្យស្ថិតនៅ កម្រិតដ៏ទាបបំផុត។
ក្រៅពីនេះ លោក លីខឺជាំង ក៏បាន បញ្ជាក់ដែរថា ប្រទេសចិននឹងនៅតែបន្ត កិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីទប់ស្កាត់ និងគ្រប់គ្រងបញ្ហាបំពុលទឹកក៏ដូចជាបំពុលដីផងដែរ។ ការប្តេជ្ញារបស់ថ្នាក់ដឹកនាំកំពូលចិននេះ បានកើតមានឡើងបន្ទាប់ពីមួយ រយៈចុងក្រោយ ទីក្រុងធំៗមួយចំនួនរបស់ ចិន ដែលមានវិស័យឧស្សាហកម្មរីកចម្រើនខ្លាំង ដូចជារដ្ឋធានីប៉េកាំង, ទីក្រុងធានជិន និងទីក្រុងសៀងហៃជាដើម ការបំពុល ខ្យល់កាន់តែមានសភាពធ្ងន់ធ្ងរ រហូតដល់ មានការប្រកាសអាសន្នជាច្រើនលើក ក្នុង មួយឆ្នាំៗ៕ ម៉ែវ សាធី