ភ្នំពេញ៖ នៅល្ងាច ថ្ងៃពុធ ០៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ បានប្រារព្ធពិធីអបអរសាទរខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» ជាប្រធានបទដែលមានអត្ថន័យជ្រាលជ្រៅ សម្រាប់អបអរសាទរខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៨ នេះ និងបានបង្ហាញយ៉ាងច្បាស់ថាស្ត្រីពិតជាមានតួនាទីដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ។
ក្នុងពិធីអបអរសាទរខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោក ហែម អាន ប្រធានគណបក្សខណ្ឌដូនពេញ និងភរិយា និង លោក សុខ ពេញវុធ អនុប្រធានគណបក្សខណ្ឌដូនពេញ និងភរិយា លោកស្រី គឹម សុវណ្ណាប្រធានក្រុមការងារចុះជួយសង្កាត់ផ្សារថ្មីទី៣ តំណាងឯកឧត្តម ប្រធានក្រុុមការងារចុះជួយខណ្ឌដូនពេញ និងដោយមានការចូលរួមពី លោក លោកស្រីសមាជិកអចិន្ត្រៃយ៍ សមាជិកា គណៈកម្មាធិការគណបក្សខណ្ឌ-សង្កាត់ទាំង១១ សរុបចំនួន ១៨០នាក់ ។
ក្រោយពីកិច្ចសំណេះសំណាលជាមួយ អនុប្រធាន សមាជិកាគណៈកម្មាធិការគណបក្សខណ្ឌ-សង្កាត់ និងទីរួមផ្សាររួចមក លោក ប្រធាន និងលោក អនុប្រធានគណបក្សខណ្ឌដូនពេញ បានអញ្ជើញផ្តល់វត្ថុអនុស្សាវរីយ៍ និងថវិកាដល់សមាជិកាសរុបចំនួន ១៨០នាក់ ក្នុងម្នាក់ៗទទួលបាន ស៊ឹងចំនួន ១ និងថវិកា ២០,០០០រៀល ព្រមទាំងបានជូនបាច់ផ្កាអនុស្សវរីយ៍ដល់ភរិយាថ្នាក់ដឹកនាំផងដែរ ។ ក្នុងនោះថវិកា ឯកឧត្តមប្រធានក្រុមការងារចំនួន១,២០០,០០០រៀល និង ថវិកាលោក អនុប្រធានគណបក្សខណ្ឌចំនួន ៤,៧៩០,០០០រៀល ៕ស តារា