ប្រភពព័ត៌មានពីកងកម្លាំងទាហានឥណ្ឌាបានបញ្ជាក់ថា កងទ័ពរបស់ប្រទេសប៉ាគីស្ថានបានបាញ់ប្រហារសម្លាប់កងទ័ពប្រទេសឥណ្ឌា២នាក់ ក្នុងការប៉ះប្រយុទ្ធគ្នានៅតាមបន្ទាត់ព្រំដែនដែលបែកចែកតំបន់កាស្មៀររវាងប្រទេសទាំងពីរនោះ ។
ប្រភពដដែលបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅតំបន់ Gurez ស្រុក Bandipora ព្រំដែនឥណ្ឌាជាប់ជាមួយប៉ាគីស្ថានកាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
ប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថានតែងតែទម្លាក់កំហុសគ្នាទៅវិញទៅមកថា ជាអ្នកបើកការបាញ់ប្រហារមុនរៀងខ្លួន នៅក្នុងជម្លោះតាមបន្ទាត់ព្រំដែនោះ ។ កិច្ចព្រមព្រៀងឈប់បាញ់មួយធ្វើឡើងកាលពីឆ្នាំ២០០៣រវាងប្រទេសទាំងពីរនោះនៅតែមានប្រសិទ្ធភាពនៅឡើយ ប៉ុន្តែប្រទេសទាំងពីរនេះតែងតែកើតមានអំពើហិង្សាជានិច្ច រំលោភទៅលើកិច្ចព្រមព្រៀងឈប់បាញ់នេះ ។
ការផ្ទុះអំពើហិង្សានេះបានកើតឡើងមួយថ្ងៃមុនពេលនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី មានគម្រោងធ្វើទស្សនកិច្ចទៅកាន់តំបន់កាស្មៀរដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឥណ្ឌា ។
មន្ត្រីយោធាឥណ្ឌាម្នាក់បានបញ្ជាក់ថា ខាងកងទ័ពប៉ាគីស្ថានបានប្រើកាំភ្លើងយន្ត និងគ្រាប់បែកវាយប្រហារមកកាន់កងទ័ពឥណ្ឌា ។
ក្រុមអ្នកសង្កេតការបានមើលឃើញថា ការប្រឈមុខតានតឹងខ្លាំងឡើង បញ្ហាអរិភាពតែងតែកើងឡើងជានិច្ចរវាងប្រទេសជិតខាងទាំង២នេះ ជាពិសេសចាប់ពីឆ្នាំមុនមកម្ល៉េះ ។ អំឡុងឆ្នាំចុងក្រោយនេះមានការផ្ទុះហិង្សាដាក់គ្នារវាងប៉ាគីស្ថាន នឹងឥណ្ឌាសដែលមិនធ្លាប់កើតមានក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ ភាគីទាំងពីរបានចង្អុលមុខដាក់គ្នាថា ជាអ្នកផ្តើមអំពើហិង្សាមុនរៀងៗខ្លួន ៕
ប្រែសម្រួល៖ ថាច់ យ៉ាត