កាលពីថ្ងៃទី២ ខែវិច្ឆិកា យន្តហោះដឹកអ្នកដំណើរដំបូងគេបង្អស់ដែលចិនផលិតដោយបច្ចេកវិទ្យាខ្លួនឯងបានរួចរាល់ហើយ ដាក់បង្ហញជាសាធារណៈ ។
តាមសារព័ត៌មានAFP យន្តហោះC 919 បានដំឡើងរូបរាងក្នុងរយៈពេលជាងមួយឆ្នាំនៅក្រុមហ៊ុនផលិតយន្តហោះពាណិជ្ជកម្មចិន COMAC នៅទីក្រុងសៀងហៃ។
នេះគឺជាការខិតខំរបស់ចិនជាច្រើនឆ្នាំកន្លងមកដើម្បីកាត់បន្ថយការអាស្រ័យទៅលើយន្តហោះបរទេស និងឆ្ពោះទៅរកការប្រកួតប្រជែង ជាមួយក្រុមហ៊ុនផលិតយន្តហោះធំបំផុតលើពិភពលោក Boeing និង Airbus។ យន្តហោះ C 919 អាចហោះហើរបានចម្ងាយ៥.៥៥៥គីឡូម៉ែត្រដឹកបានអ្នកដំណើរ១៦៨នាក់។ តាមគម្រោងយន្តហោះខាងលើ នឹងហោះហើរសាកល្បងដំបូងបង្អស់នៅដើមឆ្នាំ២០១៦។
បើទោះបីយន្តហោះផលិតនៅក្នុងប្រទេសចិន ប៉ុន្តែក្រុមហ៊ុនបរទេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់បណ្តាញ ក៏ដូចជាគ្រឿងម៉ាស៊ីន។
ប្រាក់ចំណាយសម្រាប់ផលិតយន្តហោះ C 919 មិនទាន់បានប្រកាសនៅឡើយ ប៉ុន្តែក្រុមហ៊ុនខាងលើទទួលបានលិខិតបញ្ជាទិញយន្តហោះដល់ទៅ៥១៧គ្រឿងប្រភេទ C 919 ភាគច្រើនអ្នកទិញសម្រាប់ហោះហើរនៅក្នុងស្រុក។
ដោយឡែកក្រុមហ៊ុនអាកាសចរណ៍ City Airways របស់ថៃ ក៏បានដាក់ទិញយន្តហោះប្រភេទខាងលើ១០គ្រឿងផងដែរ ៕
ប្រែសម្រួល៖ ម៉ែវ សាធី