ជីតាទើបទិញរថយន្តថ្មី តែរៀនបើកបរខ្លួនឯងដោយគ្មានគ្រូ ស្រាប់តែបង្កឲ្យចៅស្រីស្លាប់យ៉ាងអាណោចអធម៌

ចែករំលែក៖

ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ បន្ទាប់ពីទើបនឹងទិញរថយន្តថ្មី ទុកគ្រាន់ដឹកកូន ចៅ នឹកថាឲ្យស្រុកស្រួលកាយសប្បាយ​ចិត្តនឹងគេ តែផ្ទុយទៅវិញ ខណៈដែលកំពុងរៀនបើកបរ ដោយខ្លួនឯង ទាំងមិនមានគ្រូបង្រៀនឡើយ ស្រាប់តែកើតមានរឿងអកុសលមួយសម្រាប់ក្រុមគ្រួសារ រថយន្តបានរេចង្កូតជ្រុលទៅបុកចៅ ស្រីខ្លួនឯង២នាក់កំពុងអង្គុយលេងចិញ្ចើមផ្លូវ រុញផ្ទប់ទៅនឹងរបងថ្មបណ្តាលឲ្យស្លាប់ម្នាក់ របួសស្រាលម្នាក់ កាលពីវេលាម៉ោង១០និង​៣០នាទីព្រឹក ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវលំ ក្នុងភូមិធ្លះសណ្តាយ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពក្មេងស្រីរងគ្រោះក្នុងហេតុការណ៍ខាងលើមានឈ្មោះ សំណាង ពិសី អាយុ៥ឆ្នាំ សិស្សមត្តេយ្យ ជាកូនកំព្រា ឪពុកមានប្រពន្ធផ្សេងទៀត រស់នៅស្រុកផ្សេង ម្តាយស្លាប់ចោលបាត់ ឈ្មោះ សាវ៉ាត អាយុ៣៥ឆ្នាំ បច្ចុប្បន្ន រស់នៅជាមួយម្តាយមីង ឈ្មោះ ថន ស្រី មុំ អាយុ៣២ឆ្នាំ មុខរបរ នៅផ្ទះ ភូមិ សង្កាត់កើតហេតុខាងលើ រីឯក្មេងស្រីម្នាក់ទៀតរបួសស្រាល អាយុ៤ឆ្នាំ ក៏ត្រូវជាបងប្អូនដែរ ។ ចំណែកជីតារបស់ក្មេងស្រីរងគ្រោះ ហើយជាអ្នកបើកបររថយន្តបង្កហេតុ មានឈ្មោះ ទី បាន ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរ កសិករ រស់នៅក្នុងភូមិកើតហេតុ ហើយរថយន្តបង្កខាងលើ ម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-3765 ។

យោងតាមសម្ដីសាច់ញាតិ ជនរងគ្រោះ ក៏ដូចជាសាច់ញាតិអ្នកបើកបររថយន្តបង្ក បានឲ្យដឹងថា ក្មេងស្រីរងគ្រោះនិងអ្នកបើកបររថយន្តត្រូវជា ចៅ តា ជីដូនមួយ រស់នៅក្បែរខាងក្នុងភូមិ ហើយរថយន្តជនបង្កទើបតែទិញ បានជាង១០ថ្ងៃ យកមកហើយរៀនបើកបរ ទាំងមិនមានគ្រូបង្រៀនឡើយ ពោលរៀនបើកដោយខ្លួនឯង ស្រាប់តែនៅវេលាម៉ោងខាងលើ ខណៈដែលជីតាកំពុងរៀនបើកបរ បើកក្រឡឹងតាមផ្លូវលំក្នុងភូមិបាន២ទៅ៣ជុំទៅហើយ គ្រាដែលបើកចេញពីក្រោយភូមិមិវិញ ពីកើតទៅលិច ដល់កន្លែងកើតហេតុ សង្ស័យច្រឡំស្លន់ ហ្គា ថាហ្វ្រាំង ហើយរេចង្កូតជ្រុលទៅឆ្វេងដៃ បុកចៅស្រី២នាក់កំពុងអង្គុយលេងចិញ្ចើមផ្លូវ រុញផ្ទប់នឹងរបងថ្ម បាក់រេលំឥដ្ឋមួយផ្ទាំង ចៅស្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ម្នាក់ទៀតរងរបួសស្រាល ត្រូវបានក្រុមគ្រួសារ ភ័យស្លន់ដឹកយកទៅមន្ទីរពេទ្យបាត់ ។

តាមសម្ដីប្រជាពលរដ្ឋរស់នៅក្នុងភូមិកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ក្មេងស្រីរងគ្រោះ២នាក់កំពុងអង្គុយលេងចិញ្ចើមផ្លូវ ក្នុងភូមិ ស្រាប់តែនៅវេលាម៉ោងខាងលើ ស្រាប់តែមាន រថយន្តមួយគ្រឿងម៉ាកសាំយ៉ុង អ្នកបើកបរត្រូវបានគេស្គាល់ ត្រូវជាជីតារបស់ក្មេងខាងលើ កំពុងរៀនបើកបររថយន្ត ដោយបើកតាមផ្លូវលំក្នុងភូមិពីកើតទៅលិច មិនដឹងថាស្លន់បែបណានោះទេ ទើបរេចង្កូតជ្រុលទៅបុកចៅសបរីស្លាប់ម្នាក់ របួសស្រាលម្នាក់ របងថ្មបាក់អស់មួយផ្ទាំង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យដល់កន្លែងកើតហេតុ ឃាត់នាំខ្លួនជនបង្ក ទៅសាកសួរនៅប៉ុស្តិ៍នគរបាល ក្មេងស្រីរងគ្រោះស្លាប់បាត់ជីវិតត្រូវបានក្រុមគ្រួសារ លើកបីត្រកងទៅផ្ទះរងចាំសមត្ថកិច្ចជំនាញពិនិត្យ​។ ​ចំណែកក្មេងស្រីម្នាក់ទៀតក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យ ។

‎​ ពាក់ព័ន្ធទៅនិងករណីខាងលើនេះ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ប្រគល់ជូនឲ្យកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print