រថយន្តម៉ាកសាំយ៉ុងមួយគ្រឿងបើកបុកបុរសចំណាស់ជាអ្នកថ្មើរជើងម្នាក់បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ័ម

ចែករំលែក៖

 ខេត្តកណ្ដាលៈ បុរសចំណាស់ជាអ្នកថ្មើរជើងម្នាក់ត្រូវបានរថយន្តសាំយ៉ុងមួយគ្រឿងបើកមិនប្រយ័ត្នបុកស្លាប់យ៉ាងអណោចអធ័ម ខណៈដែលបុរសរងគ្រោះដើរឆ្លងផ្លូវ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៥និង១០នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល  ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា រថយន្តបង្កម៉ាកសាំយ៉ុង ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2S-5164 អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល  ។ ចំណែកជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ សិត សារ៉េត ហៅទូច ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។
      ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកថ្មើរជើង បានដើរឆ្លងផ្លូវក្នុងទិសដៅពីកើតមកលិច លុះដើរឆ្លងផ្លូវផុតដល់លើចិញ្ចើមផ្លូវខាងលិច ស្រាប់តែរថយន្តបង្កបានជ្រុលចង្កូតមកបុកជនរងគ្រោះ បណ្ដាលឲ្យជនរងគ្រោះដួលបោកទៅនឹងផ្លូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ  ។ ចំណែកឯរថយន្ត ក្រោយពីបុករួច អ្នកបើកបររថយន្តបានព្យាយាមបើករថយន្តគេចរហូតមកដល់គល់ស្ពានលេខ១៣ ភូមិស្វាយតានី ក៏ទុករថយន្តចោលរួចគេចខ្លួនបាត់តែម្ដង  ។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញបានចុះមកធ្វើការពិនិត្យ និងវាស់វែងកន្លែងកើតហេតុ រួចកសាងឯកសារដកហូតរថយន្តបង្កមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print