ខេត្តបន្ទាយមានជ័យ៖យ៉ាងហោចណាស់ជាងធ្វើផ្ទះ២នាក់ស្លាប់និង២នាក់ទៀតទទួលរងរបួសធ្ងន់ស្រាលក្នុងចំណោមជាងធ្វើផ្ទះសរុប៨នាក់ត្រូវបានផ្ទះកសាងពីឈើដួលរលំសង្កត់ពីលើខណៈដែលជនរងគ្រោះយកដែកដូយផ្ទះលើកឡើងលើដើម្បីរៀបចំការ៉ូឡា។ហេតុការណ៍កើតឡើងកាលពីរសៀលថ្ងៃទី១២ខែមីនាឆ្នាំ២០១៨នៅចំណុចទល់មុខមន្ទីរពន្ធដារខេត្តបន្ទាយមានជ័យស្ថិតនៅភូមិក្បាលស្បានសង្កាត់ព្រះពន្លាក្រងសិរីសោភ័ណ។
បើតាមប្រភពព័តឥមានពីនគរបាលប៉ុស្ថិ៍រដ្ឋបាលសង្កាត់ព្រះពន្លាប្រាប់ឱ្យដឹងថា ជនរងគ្រោះដែលស្លាប់មាន១.ឈ្មោះ ខ្លូត សារួន ភេទប្រុសអាយុ៥៩ឆ្នាំ(មេជាង)រស់នៅភូមិស្វាយដង្គត់សង្កាត់កោះពងសត្វក្រុងសិរីសោភ័ណ ២.ឈ្មោះ ធុច ពិសិដ្ឋ ភេទប្រុសអាយុ៤០ឆ្នាំរស់នៅភូមិអង្គាបុស្សសង្កាត់កោះពងសត្វក្រុងសិរីសោភ័ណចំណែកអ្នករងរបួសធ្ងន់មានឈ្មោះ ឆាវ បួត ភេទប្រុសអាយុ២៩ឆ្នាំរស់នៅភូមិអង្គាបុស្សសង្កាត់កោះពងសត្វក្រុងសិរីសោភ័ណ និងអ្នករងរបួសស្រាលម្នាក់ទៀតសមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ។
បើតាមការរៀបរាប់ពីអ្នកឃើញហេតុការណ៍ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុគឺមានក្រុមជាងឈើធ្វើផ្ទះមួយក្រុមមានគ្នា៨នាក់នាំគ្នាដូយផ្ទះឈើ២ល្វែងនៅចំណុចខាងលើដែលមានម្ចាស់ផ្ទះឈ្មោះ ទី ប្រកបមុខលក់ម៉ូតូនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ បាននាំគ្នារំកិលនិងដូយផ្ទះឈើ២ល្វែងដើម្បីរៀបចំអិដ្ឋការ៉ូឡាផ្នែកខាងក្រោមខណៈដែលដូយដាក់កំណល់ឈើក៏មានការខុសបច្ចេកទេសភ្លាត់ស្នៀតបណ្តាលឱ្យផ្ទះឈើបានដួលរលំសង្កត់លើក្រុមជាងទាំងនោះស្លាប់២នាក់នៅកន្លែងកើតហេតុចំណែក២នាក់ទៀតទទួលរងរបួសដោយអ្នករងរបួសក៏ត្រូវបានគេដឹកបញ្ជូនយកទៅសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន។
ករណីហេតុការណ៍ខាងលើនោះគេមិនទាន់ដឹងថាសមត្ថកិច្ចស្រាវជ្រាវស៊ើបអង្កេតបែបណានៅឡើយនោះទេ ហើយក៏មិនទាន់ដឹងថាម្ចាស់ផ្ទះនោះបានដោះស្រាយជួយឧបត្ថម្ភក្រុមគ្រួសារជនរងគ្រោះនៅឡើយនោះផងដែរ។ដោយឡែកគេសង្កេតឃើញនៅយប់ថ្ងៃ១២ ខែមីនា នោះផងដែរ អភិបាលក្រុងសិរីសោភ័ណ លោក ហ៊ីល រីយ៉ានិងក្រុមការងារ បានចុះទៅសាកសួរសុខទុក្ខសាច់ញាតិជនរងគ្រោះ ហើយថែមឧបត្ថម្ភនូវក្តាមឈូសដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យប្រគល់ជូនសាច់ញាតិសពសម្រាប់រៀបចំចាត់ចែងធ្វើបុណ្យសពតាមប្រពៃណី៕សំ វិច្ឆិកា