ខេត្តកំពង់ស្ពឺ ៖ ទីតាំងផ្ទះ២កន្លែងដែលគេសង្ស័យថាទទួល ផលចោរកម្ម នៅក្នុងភូមិសាស្ត្រក្រុងច្បារមន ក្នុងភូមិបូរីកម្មករសង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងអាវុធហត្ថខេត្ត កណ្តាលបើកកិច្ចប្រតិបត្តិការឆែកឆេរ ។
កិច្ចសហប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ ក្រោមការសម្របសម្រួលពីតំណាងអយ្យការខេត្តកណ្តាល។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ជូ សារុនបានអោយដឹងថា កម្លាំងបានរកឃើញទីតាំងចំនួន ២ដែលសង្ស័យថាជាទីតាំងទទួលផលចោរកម្ម៖
ទីតាំងទី១-ម្ចាស់ផ្ទះម្ចាស់ឈ្មោះ ឌី បណ្ដូល ភេទស្រី អាយុ ៥៤ឆ្នាំ មានទីលំនៅភូមិបូរីកម្មករ សង្កាត់ច្បារមន ខេត្តកំពង់ស្ពឺ ។ ក្នុងនោះកម្លាំងឆែកឆេររកឃើញស្លាកលេខម៉ូតូចំនួន៤៤ ស្លាកលេខរថយន្ត១ និងកូនសោម៉ូតូមួយចំនួន។
ទីតាំងទី២-មិនស្គាល់ម្ចាស់ផ្ទះ តែកម្លាំងរកឃើញស្លាកលេខម៉ូតូចំនួនចំនួន១៦ ស្លាកលេខ ខ.ម ចំនួន១។ ឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ឈ្មោះ ហេង ភក្ដី ហៅ ម៉ាប់ ភេទប្រុសអាយុ២៦ឆ្នាំ ជាជាងធ្វើសោម៉ូតូ មានទីតាំងនៅភូមិបូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
វត្ថុតាងនិងជនសង្ស័យបានបញ្ជូនទៅខេត្តកណ្ដាល ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕ ជាយក្រុង