អ្នកលក់ឈើនៅតំបន់ច្រាំងបាក់ច្បារធំពៅ ធ្វើឲ្យអ្នកដំណើរក្តៅក្រហាយនឹងយានយន្តចត គ្មានសណ្តាប់ធ្នាប់

ចែករំលែក៖

ភ្នំពេញៈ ទោះបីជាអាជ្ញាខណ្ឌច្បារអំពៅបានណែនាំនិងចុះរៀបចំសណ្តាប់ធ្នាប់ជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ  បញ្ហាសណ្តាប់ធ្នាប់សាធារណៈនៅកំណាត់ផ្លូវលេខ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់រហូតទៅដល់ច្រាំងបាក់មានចម្ងាយប្រហែលជា១០០០ម៉ែត្របានធ្វើឲ្យអ្នកដំណើរឆ្លងកាត់តំបន់នេះមានការខឹងសម្បាររៀងរាល់ថ្ងៃ ដោយសារតែអ្នកលក់ដូរនៅអមសង្ខាងផ្លូវ  យកចិញ្ចើមផ្លូវធ្វើជាកន្លែងចតយានយន្តគ្រប់ប្រភេទ  ជាពិសេសទីតាំងដេប៉ូលក់ឈើជិត៥០កន្លែងបានយកផ្លូវធ្វើជាកន្លែងដាក់ឈើ រថយន្តធុនធ្ងន់ចូលទៅដឹកឈើ  និងដាក់ឈើចុះ ទាំងថ្ងៃទាំងយប់ បណ្តាលឲ្យកំណាត់ផ្លូវនេះតូចចង្អៀតស្ទះចរាចរណ៍រៀងរាល់ថ្ងៃ ។

អ្វីដែលធ្វើឲ្យមហាជនរិះគន់ខ្លាំងជាងគេនោះគឺតំបន់លក់ឈើនេះតែម្តងថ្ងៃណាក៍ដូចថ្ងៃណាដែរ  ពោរពេញរថយន្តដឹកឈើធុនធ្ងន់ចូលទៅដាក់ឈើចុះ  និងដឹកឈើចេញ  ។  កំណាត់ផ្លូវបេតុងនៅកន្លែងលក់ឈើបានក្លាយជាទីចំណតសម្រាប់រថយន្តដឹកឈើនីមួយៗរបស់ម្ចាស់ដេប៉ូឈើដោយមិនគិតថាទង្វើបែបនេះធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈនោះឡើយ  ចង់មហាជនរិះគន់រិចមាត់ក៍មិនខ្វល់ដែរ ។  ផុតពីកន្លែងដេប៉ូឈើក៍មានដេប៉ូអេតចាយ១កន្លែងទៀតកំពុងតែធ្វើឲ្យអ្នកដំណើរមិនពេញចិត្តផងដែរដោយសារម្ចាស់ ដេប៉ូអេតចាយយកផ្លូវបេតុងធ្វើជាកន្លែងដាក់លក់សម្ភារៈផ្សេងៗ ។ មួយចំណុចទៀតនៅក្បែរដេប៉ូលក់អេតចាយមានជាងជួសជុលម៉ូតូ១កន្លែងក៍បានយកផ្លូវលេខ៣៦៩ធ្វើជាកន្លែងជួសជុលម៉ូតូផងដែរ ។

ពាក់ព័ន្ធបញ្ហាសណ្តាប់ធ្នាប់សាធារណៈនៅកំណាត់ផ្លូវលេខ៣៦៩ តំបន់ដេប៉ូលក់ឈើនេះដែរ លោក រស់ សុភក្តិ អភិបាលរងខណ្ឌ ទទួលបន្ទុកការងារសណ្តាប់ធ្នាប់និងសាធារណ ការបានប្រាប់ ដូច្នេះថា បញ្ហាសណ្តាប់នៅតំបន់ដេប៉ូលក់ឈើតាមបណ្តោយផ្លូវលេខ ៣៦៩នេះលោកទទួលស្គាល់ថាមានភាពស្មុគ្រស្មាញមែន  កន្លងមកអាជ្ញាធរបានចុះរៀបចំសណ្តាប់ធ្នាប់និងណែនាំ២-៣ ដងមកហើយ  តែបញ្ហាសណ្តាប់ធ្នាប់នេះនៅតែកើតមានដដែល ។ ទោះជាជួបបញ្ហាប្រឈមយ៉ាង ណាក៏ដោយ អាជ្ញាធរនិងខិតខំរកវិធីដោះស្រាយឲ្យបាន ៕ សណ្តោស

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print