ភ្នំពេញ៖ រថយន្ដដឹកប្រេងរបស់ក្រុមហ៊ុនL.H.R បានធ្វើដំណើរក្នុងល្បឿនលឿន ហើយរេចង្កូតក្រឡាប់ធ្លាក់ផ្លូវ បណ្ដាលឲ្យក្រឡាប់២-៣ជុំ និងធ្វើឲ្យតៃកុងរថយន្ដរងរបួសស្រាល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅតាមបណ្ដោយផ្លូវទំនប់៧មករា ក្នុងភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ កាលពីវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹង ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ។
យោងតាមសម្ដីតៃកុងរថយន្ដបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានបើករថយន្ដដឹកប្រេងរបស់ក្រុមហ៊ុន L.H.R ដោយដឹកប្រេងយកទៅដាក់ឲ្យម៉ូយនៅស្រុកស្អាង ខេត្ដកណ្ដាល ហើយក៏បានបើករថយន្ដ ត្រលប់ទៅកន្លែងវិញនៅអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ដោយបានធ្វើដំណើរតាមផ្លូវទំនប់៧មករា លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែកាំងចង្កូត បណ្ដាលឲ្យជ្រុលទៅធ្លាក់ផ្លូវក្រឡាប់២-៣ ត្រលប់ចូលទៅក្នុងវាលស្រែតែម្ដង ហើយបង្កឲ្យរងបួសស្រាល២នាក់ទាំងតៃកុងនិងព្រូ ឯរថយន្តរងការខូចខាតផងដែរ ។ នៅពេលនោះតៃកុងរថយន្ដមិនបានប្រាប់អត្ដសញ្ញាណនោះទេ ។
បើយោងតាមសម្ដីប្រជាពលរដ្ឋបានបង្ហើបប្រាប់ឲ្យដឹងថា សង្ស័យមកពីតៃកុងរថយន្ដងងុយដេក ហើយបើករថយន្ដក្នុងល្បឿនលឿនទើបជ្រុលចង្កូតក្រឡាប់ធ្លាក់ចូលទៅក្នុងស្រែបែបនេះ ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ ហើយបានសួរនាំទៅតៃកុងរថយន្ដរួចក៏ត្រឡប់ទៅវិញដោយសារតែ រថយន្ដក្រឡាប់នេះបង្កដោយខ្លួនឯង និងមិនប៉ះពាល់ដល់សម្បត្ដិរដ្ឋ និងបង្ករបួសដល់អ្នកដទៃឡើយ ទើបសមត្ថកិច្ចបានអោយតៃកុងរថយន្ដទាក់ទងទៅរករថយន្ដស្ទូចដើម្បីយកទៅជួសជុលដោយខ្លួនឯងវិញតែម្ដងទៅ ៕ដោយ៖ ភារ៉ា ដង្កោ