ខេត្តសៀមរាប៖ អាជ្ញាធរខេត្ត និងខណ្ឌរដ្ឋបាលព្រៃឈើចុះកាប់មែកឈើពុក ផុយ ងាប់ តាមដងស្ទឹងសៀមរាប ដើម្បីការពារសុវត្ថិភាពជូនភ្ញៀវជាតិ អន្តរជាតិ នៅថ្ងៃបុណ្យអុំទូកនាពេលខាងមុខនេះ ។
ក្នុងប្រតិបត្តិការចុះកាប់មែកឈើពុក ផុយ ងាប់នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិការនេះ ស្ថិតនៅតាមបណ្តោយស្ទឹងសៀមរាប ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដឹកនាំដោយលោក ទា គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ។
តាមប្រភពពីមន្ត្រីរដ្ឋបាលព្រៃឈើខេត្តបានប្រាប់ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិការនេះថា ការកាប់ដើមឈើនាព្រឹកថ្ងៃនេះគឺ ដើម្បីការពារសុវត្ថិភាពភ្ញៀវ ក្រែងល មានហេតុការកើតឡើងនៅថ្ងៃណាមួយពុំខាន ។
មន្ត្រីដដែរបន្តថា ព្រោះដើមឈើដែលនៅតាមដងស្ទឹងសៀមរាប វាមានសភាពចាស់មួយចំនួនទៅហើយ ដូច្នេះក្រុមការងាររបស់លោក ត្រូវសុំយោបល់ថ្នាក់លើ ដើម្បីសហការជាមួយអាជ្ញាធរខេត្តចុះកាប់មែកដែលពុក ផុយ ងាប់ តាមដងស្ទឹង ដើម្បីការពារសុវត្ថិភាពភ្ញៀវជាតិ និងអន្តរជាតិ នៅក្នុងពិធីថ្ងៃបុណ្យអុំទូក ដែលជាប្រពៃណីខ្មែរ នាពេលខាងមុខនេះ។ មន្ត្រីដដែលបានបញ្ជាក់ប្រាប់ថា មែកឈើដែលកាប់ទំលាក់មកនេះខាងជំនាញរបស់រដ្ឋបាលព្រៃឈើបានត្រឹមតែកាប់ទំលាក់ប៉ុណ្ណោះទេ ចំពោះគេយកទៅណានោះគឺខាងសាលាក្រុងជាអ្នកចាត់ចែង ។
ជុំវិញការកាប់ដើមឈើនៅតាមដងស្ទឹងសៀមរាបនិងសម្អាតស្ទឹងនាព្រឹកថ្ងៃទី០៤ខែវិច្ឆិការឆ្នាំ២០១៥នេះ លោក សូ ប្លាតុង អភិបាលក្រុងសៀមរាបបានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី០៤ខែវិច្ឆិការថា ការកាប់មែកឈើដែលពុក ផុយ ងាប់ តាមដងស្ទឹងនេះ គឺដើម្បីការពារសុវត្ថិភាពភ្ញៀវជាតិនិងអន្តរជាតិ នៅថ្ងៃបុណ្យអុំទូកនាពេលខាងមុខនេះ។ ចំណែកកាកសំណល់និងកំទេចកំទីផ្សេងៗដែលអណ្តែតនៅក្នុងទឹកស្ទឹងសៀមរាប ត្រូវបានសម្អាត ដើម្បីជាសោភណ្ឌភាព នៅក្នុងពិធីបុណ្យអុំទូកនាពេលខាងមុខ ៕
ដោយ៖ ឡាំ សុធា