បទអត្ថាធិប្បាយ ៖ តើការដកតំណែងឯកឧត្តម កឹម សុខា ពីអនុប្រធានទី១ នៃរដ្ឋសភាអនុវត្តត្រឹមត្រូវតាមស្មារតីរដ្ឋធម្មនុញ្ញដែរឬទេ?

ចែករំលែក៖

បន្ទាប់ពីមានការបោះឆ្នោតដកតំណែងឯកឧត្ដម កឹម សុខា ពីអនុប្រធានទី១ នៃរដ្ឋសភា ដោយសម្លេង ភាគច្រើនដាច់ខាតរបស់សមាជិកសភារួចមក គណបក្សសង្គ្រោះជាតិបានចេញសេចក្ដីថ្លែងការណ៍ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ ដោយបកស្រាយភូតកុហក បំផ្លើស និងប្រាសចាកពីការពិតទាំងស្រុង ដែលអាចនាំឲ្យ​មានការភ័ន្តច្រឡំពីសាធារណមតិជាតិ និងអន្តរជាតិ ក្នុងគោលបំណងកេងចំណេញនយោបាយ​ប្រកប​ដោយ​គ្រោះថ្នាក់បំផុត។

សេចក្ដីថ្លែងការណ៍នេះបានចោទប្រកាន់ថា ការដកតំណែងនេះគឺជាការរំលោភលើរដ្ឋធម្មនុញ្ញ ដោយ ផ្អែកលើមាត្រា៨៧ និងជាការរំលោភលើកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សទាំងពីរ។

ការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាប់របស់គណបក្សសង្គ្រោះជាតិនេះ តម្រូវឲ្យមានការបកស្រាយ ជូនសាធារណមតិជាតិ និងអន្តរជាតិ អំពីការអនុវត្តនីតិវិធីក្នុងការដកតំណែងនេះ ដើម្បីបញ្ចៀសនូវការចាញ់​ឧបាយកលភូតកុហករបស់គណបក្សប្រឆាំង។

ដើម្បីយល់ការពិតអំពីគោលការណ៍ច្បាប់ពាក់ព័ន្ធនឹងការដកតំណែងឯកឧត្ដម កឹម សុខា យើងគប្បីស្វែង យល់មាត្រា៣៥ និងមាត្រា៧៧នៃរដ្ឋធម្មនុញ្ញ។ មាត្រា៣៥ចែងថា «… សេចក្ដីស្នើទាំងឡាយ​របស់​ប្រជា​ពលរដ្ឋ​ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ»។ នេះបានន័យថា រដ្ឋសភា​គឺជា​អង្គការ​រដ្ឋ​ជាន់ខ្ពស់បំផុត។ ដូច្នេះ ក្នុងករណីមានញត្តិពីប្រជាពលរដ្ឋ រដ្ឋសភាត្រូវយកចិត្តទុកដាក់ពិនិត្យ និងដោះស្រាយ។ មាត្រា៧៧ចែងថា រាល់អាណត្តិអាជ្ញាបញ្ជាលើរដ្ឋសភាដែលជាអង្គការកំពូលរបស់រដ្ឋ ត្រូវចាត់ទុកជាមោឃៈ។ នេះបានន័យថា គ្មានជនណា ឬស្ថាប័នណាមានសិទ្ធិដាក់អាណត្តិអាជ្ញាបញ្ជាលើរដ្ឋសភាឡើយ ដូច្នេះញត្តិរបស់​ប្រជាពលរដ្ឋមិនមានលក្ខណៈជាអាណត្តិអាជ្ញាបញ្ជា ឬជាញត្តិដែលត្រូវតែគោរពអនុវត្តន៍តាមនោះទេ។

សូមបញ្ជាក់ថា ការដកតំណែងរបស់ឯកឧត្ដម កឹម សុខា គឺ «មិនមែនដោយសារការអនុម័តញត្តិ» ដូចដែលសេចក្ដីថ្លែងការណ៍ដ៏ខុសឆ្គងរបស់គណបក្សសង្គ្រោះជាតិបានចោទប្រកាន់នោះទេ ប៉ុន្តែ​គឺតាមរយៈ​លទ្ធផល​នៃការបោះឆ្នោត ព្រោះថា បើសិនជាលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ គ្មានសម្លេងស្មើ ឬលើសពី៥០ភាគរយ បូក១នោះទេ នោះឯកឧត្តម កឹម សុខា ក៏មិនត្រូវបានដកពី​តំណែង​អនុប្រធានទី១នៃរដ្ឋសភាដែរ។

ក្នុងករណីដកតំណែងនេះ គោលការណ៍ច្បាប់ធំ និងសំខាន់ពីរត្រូវបានពិនិត្យ និងសិក្សាលម្អិត។ ទី១. រដ្ឋធម្មនុញ្ញ្ញ ឬបទបញ្ជាផ្ទៃក្នុងរដ្ឋសភាពុំមានចែងអំពីរបៀបនៃការដកតំណែងអនុប្រធានរដ្ឋសភាទេ ប៉ុន្តែ​ក៏មិន​មាន​មាត្រាណាមួយដែលហាមឃាត់មិនឲ្យដកអនុប្រធានរដ្ឋសភាដែរ ហើយការផ្លាស់ប្តូរថ្នាក់ដឹកនាំរដ្ឋសភានេះ ក៏មិនមែនទើបនឹងកើតឡើងជាលើកទី១នោះដែរ។ នេះជាគោលការណ៍ le silence vaut l’acceptation ដែលមានន័យថា ក្នុងករណីដែលច្បាប់ពុំមានចែង នោះមិនមែនមានន័យថាជាការហាមឃាត់ទេ។ ទី២. រដ្ឋធម្មនុញ្ញ ឬបទបញ្ជាផ្ទៃក្នុងរដ្ឋសភាមានចែងអំពីការជ្រើសតាំង​អនុប្រធាននៃរដ្ឋសភាដោយ​សម្លេងភាគច្រើន​ដាច់​ខាត។ ដូច្នេះ គេអាចប្រើប្រាស់គោលការណ៍ទូទៅនៃច្បាប់បាន (Principes généreaux du droit) ដែលនៅត្រង់ចំណុចនេះ គឺគេអនុវត្តន៍គោលការណ៍ភាពស្របគ្នានៃទម្រង់ច្បាប់ (Principe du parallélisme des forms)ដែលបានន័យថា បើតែងតាំងតាមវិធីណា នោះក៏អាចត្រូវដកពីតំណែងតាមវិធីនោះវិញបានដែរ ឬក៏​អាច​និយាយបែបសាមញ្ញថា «មកតាមផ្លូវណា ទៅវិញតាមផ្លូវនោះ»។ ដោយអនុវត្តន៍​តាមគោលការណ៍​ច្បាប់​នេះ ឯកឧត្ដម កឹម សុខា ត្រូវបានជ្រើសតាំងដោយប្រើរូបមន្តសម្លេង៥០ភាគរយបូក១ ដើម្បីឡើង​កាន់​តំណែង​ជាអនុប្រធានទី១នៃរដ្ឋសភាកាលពីឆ្នាំ២០១៤ ហើយនៅពេលនេះត្រូវបានដកពីតំណែងដោយសាររូបមន្ត​៥០​ភាគរយបូក១ដដែលនេះដែរ។ ដូច្នេះ ការដកតំណែងឯកឧត្ដម កឹម សុខា គឺជាការអនុវត្តដ៏ត្រឹមត្រូវ​តាមស្មារតី​ច្បាប់ និងរដ្ឋធម្មនុញ្ញជាធរមាន។

ទន្ទឹមនឹងនេះ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន គណបក្សសង្រ្គោះជាតិក៏បានធ្វើការចោទ​ប្រកាន់​ផងដែរថា គណបក្សកាន់អំណាចរំលោភលើកិច្ចព្រមព្រៀង ស្ដីពី​ដំណោះស្រាយនយោបាយរវាង​គណបក្ស​ប្រជា​ជន​​​កម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលចុះហត្ថលេខាដោយថ្នាក់ដឹកនាំជាន់ខ្ពស់​នៃគណបក្ស​ទាំងពីរ​ចំនួន៦រូប កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ ដែលចែងថា អនុប្រធានទី១ នៃរដ្ឋសភា គឺមកពីគណបក្ស សង្គ្រោះជាតិ។ ការចោទប្រកាន់នេះត្រូវបានធ្វើឡើងដោយគ្មានមូលដ្នាន និងជាចេតនាទុច្ចរិតដ៏គួរឲ្យ​ស្អប់ខ្ពើម​បំផុត ព្រោះថា ក្រោយពីឯកឧត្តម កឹម សុខា ត្រូវបានរដ្ឋសភាបោះឆ្នោតដកតំណែងពីអនុប្រធានទី១នៃរដ្ឋសភារួច រដ្ឋសភាក៏បានស្នើឲ្យគណបក្សសង្គ្រោះជាតិបញ្ជូនបេក្ខភាពថ្មីមករដ្ឋសភា ដើម្បីធ្វើការបោះឆ្នោតជ្រើសតាំងជាថ្មី ប៉ុន្តែការសម្រេចបញ្ជូន ឬមិនបញ្ជូនបេក្ខភាពថ្មីមកជំនួស គឺជាសិទ្ធិរបស់គណបក្សសង្រ្គោះជាតិ។ ដូច្នេះ ការ​ដក​តំណែងរបស់ឯកឧត្ដម កឹម សុខា គឺពុំមែនជាការរំលោភលើកិច្ចព្រមព្រៀងរវាងគណបក្សទាំងពីរនោះទេ។

ក្រោយពី​ឯកឧត្ដម កឹម សុខា ត្រូវបានបោះឆ្នោតដកតំណែង យើងទាំងអស់គ្នាគប្បី​ស្វែងយល់​ផង​ដែរ​ថា ហេតុដូចម្ដេចបានជានាំឲ្យមានការបោះឆ្នោតដកតំណែងនេះ? តើឯកឧត្ដម កឹម សុខា បាន​ប្រព្រឹត្ត​ខុសឆ្គង ប្រាសចាកពីតួនាទីភារកិច្ចរបស់ខ្លួនអ្វីខ្លះ ដែលជាហេតុបណ្ដាលឲ្យមានការ​ស្នើសុំឲ្យ​ដក​តំណែងនេះ?

ដើម្បីឆ្លើយតបនឹងសំណួរនេះ យើងខ្ញុំសូមរំលឹកឡើងវិញបន្តិចថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ប្រជាពលរដ្ឋប្រមាណជាង៥ពាន់នាក់បាននាំគ្នាធ្វើបាតុកម្មដោយសន្តិវិធី និងកាន់បដាតវ៉ានៅមុខរដ្ឋសភា ព្រម​ទាំង​បានដាក់ញត្តិជាផ្លូវការជូនរដ្ឋសភា ហើយជាបន្តបន្ទាប់រដ្ឋសភាបានទទួលញាត្តិពីតំណាងប្រជាពលរដ្ឋ​ជាច្រើន​ម៉ឺននាក់នៅតាមបណ្ដាខេត្ត ទាមទារឲ្យឯកឧត្ដម កឹម សុខា ចុះចេញពីតំណែង។

ពីរថ្ងៃបន្ទាប់មក គឺនៅថ្ងៃទី២៨ ខែតុលា តំណាងរាស្ត្រចំនួន៦៣រូប បានដាក់ញត្តិគោរពជូនគណៈ កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងសម្ដេចអគ្គមហាពញាចក្រីប្រធានរដ្ឋសភា ស្នើសុំឲ្យមានការបោះឆ្នោតបញ្ចេញ​មតិអំពី​តួនាទីអនុប្រធានទី១នៃរដ្ឋសភារបស់ឯកឧត្តម កឹម សុខា។

តាមរយៈញាត្តិនេះ ក្រុមអ្នកតំណាងរាស្រ្តបានអះអាងថា ឯកឧត្ដម កឹម សុខា បានប្រព្រឹត្តផ្ទុយ និង​រំលោភ​លើបទបញ្ញត្តិដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងច្បាប់ស្ដីពីលក្ខន្តិកៈ​តំណាង​រាស្ត្រ។ ញត្តិនេះបានបន្ថែមផងដែរថា ឯកឧត្ដម កឹម សុខា បានប្រើសម្ដីវាយប្រហារ និងជេរប្រមាថ​ជាបន្ត​បន្ទាប់មកលើគណបក្ស និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ផ្ទុយពីគោលការណ៍នៃវប្បធម៌សន្ទនា និង​បាន​ញុះ​ញង់ដុតបញ្ឆេះកំហឹងជាតិសាសន៍ បង្កឲ្យមានចលាចល អស្ថិរភាពក្នុងសង្គមជាតិ។ល។ ដែលទង្វើ​ទាំងអស់នេះ មិនសក្ដិសមជាថ្នាក់ដឹកនាំកំពូលនៃប្រទេសឡើយ។

នៅថ្ងៃទី៣០ ខែតុលា ជាការឆ្លើយតបទៅនឹងទង្វើដែលឯកឧត្ដម កឹម សុខា បានប្រព្រឹត្ត សមាជិក​សភា​លើសពី៥០ភាគរយបូក១ គឺចំនួន៦៨ លើ៦៨ បានសម្រេចជាឯកច្ឆន្ទបោះឆ្នោតទម្លាក់ ឯកឧត្ដម កឹម សុខា ចេញពីតំណែងអនុប្រធានទី១នៃរដ្ឋសភា តាមសំណើរបស់ក្រុមអ្នកតំណាងរាស្ត្រចំនួន៦៣រូប នៃគណបក្ស​ប្រជាជនកម្ពុជា។

...

សរុបសេចក្តីមក ការបោះឆ្នោតដកឯកឧត្តម កឹម សុខា ចេញពីតំណែងអនុប្រធានទី១នៃរដ្ឋសភា ត្រូវ​បានធ្វើឡើងយ៉ាងត្រឹមត្រូវ និងស្របតាមនីតិវិធីច្បាប់ ដោយគោរពតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់​ជាធរមាន និងមិនបានរំលោភលើកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០១៤ រវាង​គណបក្សទាំងពីរទេ ដែលផ្ទុយគ្នាទាំងស្រុងពីការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ក្នុងចេតនា​មួល​បង្កាច់​បំភ្លៃ​ការពិតរបស់គណបក្សសង្រ្គោះជាតិ អង្គការក្រៅរដ្ឋាភិបាល និងក្បាលម៉ាស៊ីនព័ត៌មានមួយចំនួន។ ការអនុវត្ត​ច្បាប់យ៉ាងច្បាស់លាស់ និងការប្រើប្រាស់ច្បាប់យ៉ាងត្រឹមត្រូវ មិនមែនជាការគម្រាមកំហែង​បំបិទសិទ្ធិ​សេរីភាព​នោះទេ ប៉ុន្តែ គឺជាគោលការណ៍ចម្បងក្នុងការពង្រឹងនីតិរដ្ឋដែល​ជាមូលដ្ឋានដ៏សំខាន់បំផុត ​នៃល​ទ្ធិ​ប្រជាធិប​តេយ្យ​សេរីពហុបក្ស៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print