ខេត្តកំពង់ធំ ៖ ជនដៃដល់ទី៣ដែលបានប្រើហិង្សាប៉ុនប៉ងវាយ សម្លាប់លោកសាស្ត្រាចារ្យ ស៊ុយ សារ៉េត ពាក់ព័ន្ធបញ្ហាគ្រោះ ថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ បួនថ្ងៃមុន ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការ ជាមួយអាជ្ញាធរមូលដ្ឋានស្រុកភ្នំសន្ទុក និងស្រុកបារាយណ៍ ខេត្តកំពង់ធំ ឃាត់ខ្លួន នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨។
លោកវរសេនីយ៍ត្រី កែ កញ្ចនា អធិការរងស្រុកបារាយណ៍បានអោយអង្គភាពនគរដ្រេហ្គនដឹងថា ជនដៃដល់ទី៣នេះ ឃាត់ខ្លួន នៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ខណៈរត់គេចមកលាក់ ពួននៅផ្ទះបង ។
លោកបន្តថា ជនសង្ស័យ ឈ្មោះ អាន ផល្លី ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅសង្កាត់ច្រាំចំរះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងមានប្រពន្ធឈ្មោះជៀន វណ្ណា កូន២នាក់ ប្រុស ១នាក់ និងស្រី១នាក់ មុខរបររត់ម៉ូតូកង់បី ។
លោកវរសេនីយ៍ត្រី កែ កញ្ចនា បានអោយដឹងទៀតថា ជន សង្ស័យត្រូវបាននាំខ្លួនមករាជធានីភ្នំពេញ ដើម្បីចាត់ការតាម ច្បាប់ ៕ ប៊ុន រិទ្ធី