ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ រឿន ណារ៉ា ស្នងការរងខេត្តកណ្តាលទទួលផែនកណ្តាលយុត្តិធម៌ ដោយមានចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការខេត្តកណ្តាល និងសម្របសម្រួលផ្លូវច្បាប់ដោយលោកឯក ស៊ុន រស្មី ព្រះរាជអាជ្ញាររងខេត្តកណ្តាល បានដឹកនាំកម្លាំងរុករកវត្ថុតាងនៅស្រះទឹក នៅខាងលិចបន្ទាយភូមិ៣ ភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ស្រាវជ្រាវរកឃើញស្លាកលេខម៉ូតូចំនួន១៩៨ ស្លាក។
ស្លាកលេខទាំង១៩៨រួមមានៈ ភ្នំពេញ ១៣៨សន្លឹក, កណ្តាល ១០សន្លឹក, កំពង់ស្ពឺ ៧សន្លឹក, បន្ទាយមានជ័យ ៥សន្លឹក, កំពត ៤សន្លឹក, កំពង់ចាម ៤សន្លឹក, បាត់ដំបង ៣សន្លឹក, ស្វាយរៀង ២សន្លឹក, ព្រៃវែង ៣សន្លឹក, តាកែវ ៣សន្លឹក, បាត់ដំបង ៣សន្លឹក, ឧត្តរមានជ័យ ១សន្លឹក, ត្បូងឃ្មុំ ២សន្លឹក, ក្រចេះ ២សន្លឹក, កោះកុង ២សន្លឹក, កំពង់ឆ្នាំង ២សន្លឹក, ពោធិសាត់ ២សន្លឹក, ព្រះសីហនុ ១សន្លឹក, ស្លាកលេខចាស់ៗ ៤សន្លឹក, ខេមរភូមិន្ទ ១សន្លឹក, ស្លាកលេខរថយន្ត ២(៤មុខក្រោយ), ដុំសោម៉ូតូ ៦សន្លឹក។
លោកស្នងការរងបានបញ្ជាក់ថា បន្ទាប់ធ្វើការសួរនាំក្រុមទទួលផលចោរកម្មរួច ពួកវាបានឆ្លើយសារភាពថា ស្លាកលេខជាច្រើនដែលពួកវាយកមកផ្លាស់ប្តូរ បានគប់ចោលទៅក្នុងស្រះទឹក និងដើមឈើ ទើបកម្លាំងសមត្ថកិច្ចខេត្តកណ្តាល បន្តរធ្វើការរុករកស្រាវជ្រាវ។
ក្រុមទទួលផលចោរកម្មមានឈ្មោះទី០១ឈ្មោះ តេង លី ហៅម៉ូម ភេទប្រុស ទី០២ ឈ្មោះសេង បូរិទ្ធ ភេទប្រុស ទី០៣ឈ្មោះហេង ភក្តី ហៅម៉ាប់ ភេទប្រុស ទី០៤ឈ្មោះយន់ សំអឿន ហៅចាន់ អឿន ភេទប្រុស ទី០៥ឈ្មោះលន់ វាសនា ហៅ ស្នា ។
រំលឹកថា៖នៅរសៀលថ្ងៃទី១៤ មីនា លោក ឯក ស៑ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងបានសម្រេចធ្វើការចោទប្រកាន់ក្រុមទទួលផលចោរកម្មទាំង០៦នាក់ ក្រោមបទចោទ” ទទួលផលចោរកម្មមានស្ថានទម្ងន់ទោស” តាមមាត្រា៣៩៩ មាត្រា៤០០ និងមាត្រា៤០១។ បទល្មើសនេះកំណត់ផ្តន្ទាទោស០៥(ប្រាំ)ឆ្នាំ ទៅ១០(ដប់)ឆ្នាំ។
សូមជម្រាបថា៖ក្នុងរយះពេលបីថ្ងៃកម្លាំងព្រហ្មទណកំរិតធ្ងន់ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ាស្នងការរងនគរបាលខេត្តកណ្តាលទទួលបន្ទុកនគរបាលព្រហ្មទណ្ឌ បានចុះប្រតិបត្តិការណ៍បង្ក្រាបក្រុមចោរប្លន់ជនសង្ស័យ០៦នាក់ ទាក់ទិនករណីវាយប្លន់យកម៉ូតូ និងបន្តពន្លាតសមត្ថកិច្ចបើកទីតាំងទទួលផលចោរកម្មចំនួន០៥កន្លែងនៅខេត្តកំពង់ស្ពឺ និងកំពង់ឆ្នាំង និង ឃាត់មុខសញ្ញាទទួលផលចោរកម្មបាន ៦នាក់ថែមទៀត សរុបឃាត់ខ្លួនបាន១២នាក់។
វត្ថុតាងចាប់យកបានម៉ូតូ១៦គ្រឿង ស្លាកលេខមួយចំនួនធំ និងសម្ភារះពាក់ពន្ធ័និងផ្លាស់ប្តូរមួយចំនួនធំទៀត៕ ឆ ដា