ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ និងដឹកបញ្ជូនជនសង្ស័យម្នាក់ ទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ករណីរំលោភលើទំនុកចិត្ត ។
ជនសង្ស័យឈ្មោះ វ៉ាត ធី ហៅស្មី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាអ្នកបើកបររថយន្ត ក្នុងក្រុមហ៊ុន ប្រេស៊ីឌិន លក់គ្រឿងសង្ហារឹម ស្នាក់នៅផ្ទះជួលភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចប្រាប់ឲ្យដឹងថា ការដែលឃាត់ខ្លួនជនសង្ស័យ ដោយយោងតាមពាក្យបណ្តឹង ពីជនរងគ្រោះឈ្មោះ ស៊្រុន ម៉េងថុង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរប្រធានគ្រប់គ្រងឃ្លាំង ក្រុមហ៊ុនប្រេស៊ីឌិន លក់គ្រឿងសង្ហារឹម មានទីលំនៅផ្ទះលេខ៥៨ ផ្លូវ២១៧ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ប្រភពដដែលបានបន្តឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៤ វេលាម៉ោង៨ និង៣០នាទី ជនរងគ្រោះ បានប្រើឲ្យជនសង្ស័យឈ្មោះ វ៉ាត ធី និងកម្មករបម្រើការងារនៅក្នុងក្រុមហ៊ុនចំនួន ៣នាក់ ផ្សេងទៀត ដឹកគ្រឿងសង្ហារឹម មានដូចជា តុ កៅអី ( សម្ភារៈការិយាល័យ ) យកទៅឲ្យម៉ូយនៅតំបន់សេដ្ឋកិច្ចពិសេស ផ្លូវជាតិលេខ៤ ខណ្ឌពោធិ៍សែនជ័យ ដោយជនរងគ្រោះបានធ្វើវិកយប័ត្រគិតលុយ សរុប ចំនួន៣.៥៧៨ដុល្លា ។ លុះពេលទទួលបានលុយដល់ដៃហើយ ពួកគេទាំងអស់គ្នាបានបើករថយន្តត្រឡប់មកវិញ ទុកចោលក្បែរក្រុមហ៊ុន ហើយពួគគេទាំង៤នាក់ បានយកលុយចំនួន ៣.៥៧៨ដុល្លា នោះ រត់គេចខ្លួនបាត់ស្រមោល ទាំងអស់គ្នា ។
សមត្ថកិច្ចប្រាប់បន្តទៀតឲ្យដឹងថា ការបាត់បង់លុយទាំងនេះ គឺជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ចឲ្យបានដឹងឡើយ ប៉ុន្តែជនរងគ្រោះបានធ្វើការព្យាយាមតាមដានស្រាវជ្រាវរកក្រុមជនសង្ស័យដោយខ្លួនឯង លុះរហូតដល់វេលាម៉ោង ១០ និង៣០នាទី ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ បានតាមរកឃើញជនសង្ស័យឈ្មោះ វ៉ាត ធី ហៅស្មី នៅចំណុចផ្លូវ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ទើបចាប់ឃាត់ខ្លួន និងដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់ ៕
...
ដោយ៖ ស រស្មី