ភ្នំពេញ៖ បុរសម្នាក់បានធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួនឯង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ចោលប្រពន្ធនិងកូនប្រុស២នាក់ បង្កឲ្យមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២ និង៥០ នាទីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសរងគ្រោះឈ្មោះ សោម បឿន អាយុ៣៨ឆ្នាំ មុខរបរកម្មករឡនំបុ័ង បានយកខ្សែនីឡុងពណ៍ស ចងកជាប់នឹងដំបូលផ្ទះបាយ ។ បុរសនោះមានប្រពន្ធឈ្មោះ ស៊ុំ សំអាត ៣៤ឆ្នាំ មុខរបរកម្មការិនីរោង ចក្រកាត់ដេរ មានកូនប្រុស២នាក់នៅក្នុងបន្ទុក គ្រួសារ រស់នៅក្នុងភូមិកើតហេតុខាងលើនោះ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសនោះបាននៅផ្ទះ ម្នាក់ឯងរីឯស្រ្តីជា ប្រពន្ធបានទៅធ្វើការរោងចក្របាត់ ពេលនោះមិនដឹងថា គេមានវិបត្តិអ្វីទេ បានយកខ្សែនីឡុង ពណ៍ស១ខ្សែទៅធ្វើអត្តឃាតចងកសម្លាប់ខ្លួន ខណៈនោះមានស្រ្តី ម្នាក់ដែលត្រូវជាម្ដាយក្មេក បានចូលទៅរកកាំបិត នៅក្នុងផ្ទះបាយនោះ ក៏បានប្រទះឃើញ កូនប្រសារ ចងកសម្លាប់ខ្លួនស្លាប់បាត់ទៅ ហើយក៏បានស្រែកឲ្យអ្នកជិតខាង ជួយ ដោយសារមានការសង្ស័យថា មិនទាន់ស្លាប់នោះ ទើបក្រុមគ្រួសារនិងអ្មកភូមិ នាំគ្នាស្រាយខ្សែ ដាក់សាកសពចុះ បម្រុងនាំទៅកាន់មន្ទីរពេទ្យ ប៉ុន្តែអ្វីៗហួសពេលអស់ហើយ ព្រោះជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
ក្រោយមានហេតុការណ៍នោះគេឃើញមានសមត្ថកិច្ចចុះទៅពិនិត្យមើល និងប្រគល់សពឲ្យក្រុមគ្រួលារធ្វើបុណ្យតាមប្រពៃណីខ្មែរ ៕
ដោយ៖ សុខាសែនជ័យ