អង្គការ​ជិត​២០​ត្រៀម​ជួប​លោក​ យន្ដ​ មីន​ អភិបាលខេត្ដ​ព្រះ​សីហ​នុ​ពិភាក្សា​បញ្ហា​ដី​ចំណី​បឹង​ព្រែក​ទប់

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​៖​ សង្គម​ស៊ី​វិល​ជិត​ ២០​អង្គភាព​នៅ​ខេត្ដ​ព្រះ​សីហ​នុ​ត្រៀម​ លើកយក​បញ្ហា​ប្រឈម​ដែល​កើត​មាន​ នៅ​ខេត្ដ​នេះ​ជា​ពិសេស​ករណី​រំលោភ​ចំណី​ មាត់បឹង​ព្រែក​ទប់​ និង​ដី​អនុក្រឹត្យ​លេខ​ ៧៦​សម្រាប់​រក្សា​ប្រភព​ទឹក​ស្អាត​ជាដើម​ ដាក់​ជូន​អភិបាលខេត្ដ​ព្រះ​សីហ​នុ​បំភ្លឺ​ ដើម្បី​រួម​គ្នា​រក​ដំណោះស្រាយ​ ។​ បណ្ដាញ​ អង្គការ​មិនមែន​រដ្ឋាភិបាល​ ឬ​ហៅ​ថា​ បណ្ដាញ​តស៊ូ​មតិ​ដែល​មាន​អង្គការ​សមាគម​ជិត​២០​ស្ថាប័ន​ជា​សមាជិក​នៅ​ខេត្ដ​ ព្រះ​សីហ​នុ​នឹង​បើក​កិច្ចប្រជុំ​លើកយក​ បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​បាន​កើត​មាន​នា​មូលដ្ឋាន​នេះ​ ប៉ុន្ដែ​អាជ្ញាធរ​ខេត្ដ​ មិន​ទាន់​បាន​ដោះស្រាយ​យក​ទៅ​ពិភាក្សា​នៅ​ថ្ងៃ​ទី​៥​នេះ​ ។​

sew

​ប្រធាន​អង្គការ​មួយ​រូប​មាន​ប្រសាសន៍​ថា​ លទ្ធផល​ដែល​ទទួល​បាន​ពី​កិច្ចប្រជុំ​ នេះ​នឹង​ដាក់​ជូន​ទៅ​អភិបាលខេត្ដ​ព្រះ​ សីហ​នុ​បំភ្លឺ​ ឬ​រួម​គ្នា​រក​ដំណោះស្រាយ​ ។​ លោក​បន្ដ​ថា​ឯកសារ​ដែល​ត្រៀម​ដាក់​ជូន​អភិបាលខេត្ដ​ព្រះ​សីហ​នុ​នា​សបា្ដហ៍​ក្រោយ​ គឺ​ផ្ដោត​ទៅ​លើ​ការ​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​នៅ​ជុំវិញ​មាត់បឹង​ព្រែក​ទប់​និង​ករណី​ទន្ទ្រាន​កាន់កាប់​ដី​អនុក្រឹត្យ​លេខ​៧៦​នៅ​តំបន់​ ក្បាលឆាយ​ដើម្បី​រក្សា​ប្រភព​ទឹក​ស្អាត​ ។​ ប្រជាពលរដ្ឋ​រិះគន់​ថា​អាជ្ញាធរ​ខេត្ដ​ព្រះ​សីហ​នុ​បាន​អនុញ្ញាត​ឱ្យ​មាន​សកម្មភាព​សាងសង់​វីឡា​ធំ​ស្កឹមស្កៃ​នៅ​ជាប់​មាត់បឹង​ព្រែក​ទប់​អាច​បន្ដ​ដំណើរការ​ដោយ​រលូន​និង​គ្មាន​ការ​ហាមឃាត់​ទេ​ ។​

​លោក​ ប៊ួ​ន​ ណា​រិ​ទ្ធិ​ មន្ដ្រី​សម្រប​ សម្រួល​អង្គការ​លី​កាដូ​ (LICADHO)​ ខេត្ដ​ព្រះ​សីហ​នុ​ចាត់​ទុក​ថា​ រាល់​ការ​ ចេញ​ប័ណ្ណកម្មសិទ្ធិ​អនុញ្ញាត​ដោយ​ មន្ទីរ​សុរិយោដី​ខេត្ដ​ទៅ​លើ​ដី​ចំណី​មាត់​ បឹង​ព្រែក​ទប់​ឬ​ផ្ទៃ​រងទឹក​ភ្លៀង​បឹង​ធម្មជាតិ​មួយ​នេះ​កើតឡើង​ដោយ​ការ​ឃុបឃិត​ ខុស​នីតិវិធី​ច្បាប់​ ។​ ដូច្នេះ​បើ​អភិបាល​ ខេត្ដ​មាន​ឆន្ទៈ​ចង់​រក្សា​តំបន់​នេះ​ទុកជា​ ប្រភព​ទឹក​ស្អាត​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ពិតប្រាកដ​ ហើយ​អំណាច​ ថ្នាក់​ខេត្ដ​មិន​អាច​ដោះស្រាយ​បាន​ គឺ​ ត្រូវ​សុំ​គោលការណ៍​ពី​រាជរដ្ឋាភិបាល​ ដើម្បី​មោឃភាព​ប្លង់​សិទ្ធិ​ដី​នៅ​ជុំវិញ​ បរិវេណ​មាត់បឹង​ព្រែក​ទប់​មក​ដាក់​ជា​ សម្បត្ដិ​រដ្ឋ​គ្រប់គ្រង​វិញ​ ។​ បើ​មិន​ដូច្នេះ​ទេ​ អាជ្ញាធរ​ខេត្ដ​មិន​អាច​ទប់ស្កាត់​មហិច្ឆតា​រំលោភ​កាន់កាប់​ពី​សំណាក់​ឈ្មួញ​ និង​ មន្ដ្រី​មាន​អំណាច​ទាំងនោះ​ដោយ​ខ្លួនឯង​ បាន​ទេ​ ហើយ​បឹង​ព្រែក​ទប់​ នឹង​ត្រូវ​បាត់​ បង់​ ឬ​រលាយ​ហិនហោច​ ។​

​លោក​យន្ដ​ មីន​ អភិបាលខេត្ដ​ព្រះ​សីហ​នុ​ ធ្លាប់​មាន​ប្រសាសន៍​ថា​ រាល់​ការ​ចេញ​ ប័ណ្ណកម្មសិទ្ធិ​ជូន​បុគ្គល​របស់​មន្ទីរ​ជំនាញ​ខេត្ដ​នេះ​ទៅ​លើ​ដី​ចំណី​មាត់បឹង​ព្រែក​ទប់​កន្លង​មក​ គឺ​ទុក​មួយ​ឡែក​សិន​ ។​ ប៉ុន្ដែ​ បច្ចុប្បន្ន​អាជ្ញាធរ​ខេត្ដ​នេះ​អាច​ទប់ស្កាត់​ទាំងស្រុង​មិន​ឱ្យ​មាន​សកម្មភាព​ដឹក​ដី​ ចាក់​ចូល​បឹង​ព្រែក​ទប់​ទៀត​ទេ​ ។​

​មន្ដ្រី​សង្គម​ស៊ី​វិល​និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ខេត្ដ​ព្រះ​សីហ​នុ​បាន​អះអាង​ថា​ រាល់​ថ្ងៃនេះ​សកម្មភាព​សាងសង់​ វីឡា​ធំ​ស្កឹមស្កៃ​មា​នទី​តាំងនៅ​ជាប់​មាត់បឹង​ព្រែក​ទប់​ ស្ថិត​ក្នុង​សង្កាត់​លេខ​៣​ ដែល​គេ​ស្គាល់​ថា​ជា​កម្មសិទ្ធិ​របស់​លោក​ តាក់​ វណ្ណ​ថា​ អតីត​ស្នងការ​នគរបាល​ ខេត្ដ​ព្រះ​សីហ​នុ​ និង​បច្ចុប្បន្ន​ជាស​មា​ ជិ​ក​ក្រុមប្រឹក្សា​ខេត្ដ​នេះ​បាន​បន្ដដំណើរ​ ការ​សាងសង់​ដោយ​គ្មាន​អាជ្ញាធរ​ហាមឃាត់​ទេ​ ។​

​ត្រង់​ចំណុច​នេះ​ លោក​ ប៊ួ​ន​ ណា​រិ​ទ្ធិ​ ប្រធាន​អង្គការ​លី​កាដូ​ប្រចាំ​ខេត្ដ​ព្រះ​ សីហ​នុ​ចាត់​ទុក​សំណង់​វីឡា​ធំ​ស្កឹមស្កៃ​ជា​កម្មសិទ្ធិ​របស់​លោក​ តាក់​ វណ្ណ​ថា​ ដែល​ កំពុង​បន្ដ​សាងសង់​ថា​បាន​ផ្គើន​ទៅ​នឹង​ បទបញ្ជា​របស់​សម្ដេច​ក្រឡាហោម​ ឧបនាយករដ្ឋមន្ដ្រី​ ស​ ខេ​ង​ រដ្ឋមន្ដ្រីក្រសួង​ មហាផ្ទៃ​ និង​បទបញ្ជា​របស់​សម្ដេច​ នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​ដាក់​ឱ្យ​ អាជ្ញាធរ​អភិរក្ស​តំបន់​នេះ​សម្រាប់​ប្រភព​ទឹក​ស្អាត​ ។​

​វីឡា​ធំ​ស្កឹមស្កៃ​ជា​កម្មសិទ្ធិ​របស់​ លោក​ តាក់​ វណ្ណ​ថា​ ត្រូវ​ លោក​ នួន​ ប៉ុក​ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ខេត្ដ​ព្រះ​សីហ​នុ​ ទើប​ឡើង​កាន់​តំណែង​ថ្មី​បញ្ជាក់​ថា​ “​លោក​បាន​សុំ​ចុះបញ្ជី​ស្នើ​ប្លង់​កម្មសិទ្ធិ​ ត្រឹមត្រូវ​ពី​ស្ថាប័ន​ខ្លួន​នា​ពេល​កន្លង​មក​”​ ។​ លោក​ថា​ សំណង់​នេះ​ សង់​មានច្បាប់​ ឬ​អត់​ច្បាប់​អនុញ្ញាត​ គឺ​មិន​បានដឹង​ទេ​ ព្រោះ​មិន​ស្ថិត​ក្រោម​ជំនាញ​របស់​លោក​គ្រប់គ្រង​ឡើយ​ ។​

​សម្ដេច​ក្រឡាហោម​ឧបនាយក​រដ្ឋ​ មន្ដ្រី​ ស​ ខេ​ង​ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ ធ្លាប់​ព្រមាន​ធ្ងន់ៗ​ទៅ​លើ​មន្ដ្រី​រដ្ឋាភិបាល​ទាំងឡាយ​ណា​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ សកម្មភាព​រំលោភ​យក​ដី​បឹង​ព្រែក​ទប់​ ត្រូវ​ដកខ្លួន​ជា​បន្ទាន់​ដើម្បី​ទុក​តំបន់​នេះ​សម្រាប់​អភិរក្ស​ប្រភព​ទឹកសាប​ប្រើប្រាស់​នៅ​ទាំង​ខេត្ដ​ព្រះ​សីហ​នុ​ ។​

​ទោះ​យ៉ាងណា​បទបញ្ជា​នេះ​ ទាំង​មន្ដ្រី​ សង្គម​ស៊ី​វិល​និង​ប្រជាពលរដ្ឋ​ខេត្ដ​ព្រះ​ សីហ​នុ​ថ្លែង​ថា​ មិន​ទាន់​ឃើញ​អាជ្ញាធរ​ ខេត្ដ​នេះ​មាន​ចំណាត់ការ​តាម​ផ្លូវច្បាប់​ ទៅ​លើ​ជន​រំលោភ​ដី​ចំណី​មាត់បឹង​ព្រែក​ទប់​ ដែល​បាន​ហ៊ុម​ព័ទ្ធ​របង​ថ្ម​ ឬ​ចាក់​ដី​ លុប​មាត់បឹង​ទុក​ចោល​នោះ​ទេ​ ។​ ជាង​ នេះ​ចំពោះ​វីឡា​ធំ​ស្កឹមស្កៃ​ដែល​កំពុង​ សាងសង់​នៅ​ខាងលើ​ជាប់​មាត់បឹង​ព្រែក​ទប់​ជា​កម្មសិទ្ធិ​របស់​ លោក​ តាក់​ វណ្ណ​ថា​ សមាជិក​ក្រុមប្រឹក្សា​ខេត្ដ​ព្រះ​សីហ​នុ​ ក្នុង​តំណែង​សព្វ​ថ្ងៃនេះ​បាន​បន្ដសកម្មភាព​សាងសង់​ដោយ​គ្មាន​កោតញញើត​អាជ្ញាធរ​ខេត្ដ​នោះ​ទេ​ ៕​

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print