ស្វាមីតារាចំរៀង សុគន្ធ នីសា សង្ស័យស្រវឹងស្រាបើករថយន្តបុកម៉ូតូចតចិញ្ចើមផ្លូវហើយបើករត់ ពេលតាមទាន់ ព្រមសង៤៥០ដុល្លារបញ្ចប់រឿង

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក RAGE ROVER មួយគ្រឿង ដែលបើកបរដោយបុរសម្នាក់ជាស្វាមី សុគន្ធ នីសា តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស បានជ្រុលទៅបុកម៉ូតូហុងដាឌ្រីម២០១៣ របស់យុវជនម្នាក់ចតចោលនៅចិញ្ចើមផ្លូវសុរាម្រឹត (ក្បែររូបសំណាក់ព្រះបរមរតនកោដ្ឋ) ក្នងសង្កាត់ ចតុមុខ ខណ្ឌដូនពេញ បណ្ដាលឲ្យម៉ូតូរងការខូចខាត ហើយរថយន្តបង្ក បានបន្តបើករត់រហូតទៅដល់ស្ពាននាគក្បែរវត្តភ្នំ ទើបមិត្តភក្តិជនរងគ្រោះ​ និងប្រជាពលរដ្ឋឃាត់ជាប់ ដោយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ។

តាមសម្ដីយុវជនរងគ្រោះជាម្ចាស់ម៉ូតូហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៣ ពាក់ស្លាកលេខភ្នំពេញ 1AW-1750 បានជិះមកឈប់ ចតនៅលើចិញ្ចើមផ្លូវកើតហេតុខាងលើ ពេលនោះជនរងគ្រោះ ក៏ឃើញរថយន្តស៊េរីទំនើបម៉ាក RAGE ROVER មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V-9779 ដែលអ្នកបើកបរជាស្វាមី សុគន្ធ នីសា កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស មកបុកម៉ូតូរបស់គាត់ពីក្រោយទាំងកំរោលអូសជិត១០ម៉ែត្រ បណ្ដាលឲ្យរងការខូចខាតទាំងពីក្រោយ និងខាងមុខ ។ ភ្លាមៗនោះ​ រថយន្តបង្កបានព្យាយាមបើករត់គេចពីកន្លែងកើតហេតុ​ រហូតទៅដល់ស្ពាននាគវត្តភ្នំ ស្ថិតក្នុងខណ្ឌដូនពេញដដែល ក៏ត្រូវបានមិត្តភក្តិជនរងគ្រោះ និងប្រជាពលរដ្ឋជួយឃាត់ជាប់ ហើយនាំមកកន្លែងកើតហេតុវិញ ដើម្បីដោះស្រាយជាមួយភាគីខាងម៉ូតូជនរងគ្រោះតាមសន្តិវិធី ។

បន្ទាប់មកក្រោយ ដោយមានការសម្រួលពីសមត្ថកិច្ច មូលដ្ឋាន ម្ចាស់រថយន្តបង្កព្រមសងថ្លៃខូចខាតទៅខាងភាគីម៉ូតូ​រងគ្រោះចំនួន ៤៥០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print