សមត្ថកិច្ច​កំណត់​មុខ​សញ្ញា​អ្នក​ប្រើ​ហិង្សា​លើ​បណ្ឌិត​ ស៊ុយ​ សារ៉េត​ មាន​រហូត​ដល់​១១នាក់​ (Video Inside)

ចែករំលែក៖

ភ្នំពេញ​៖ ពេល​នេះ​ សមត្ថកិច្ច​កំណត់​មុខសញ្ញា​ដែល​ប្រើ​ហិង្សា​និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​បណ្ឌិត​ស៊ុយ​ សារ៉េត​ រហូត​ដល់​ទៅ​១១នាក់​ ដែល​ពេល​នេះ​មាន​ជនសង្ស័យ​៣នាក់​ហើយ​ដែល​ចាប់​ខ្លួន​បាន​បញ្ជូន​មក​តុលាការ​។

ជនសង្ស័យ​ទាំង​៣នាក់​ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែ​មីនា​ នេះ​ ដែល​បច្ចុប្បន្ន​លោក​ព្រះរាជ​អាជ្ញា​រង​ ខៀវ​ ផល្លា​ កំពុង​ចាត់​ការ​តាម​នីតិវិធី​ ។

សមត្ថកិច្ច​បាន​សន្និដ្ឋាន​ចោទប្រកាន់​លើ​ជនសង្ស័យ​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​និង​បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ ។

លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ថ្លែង​ក្នុង​សន្និសីទកាសែត​កាល​ពី​រសៀល​ថ្ងៃ​ទី​១៦​ ខែ​មីនា​ ថា​ ជំហានដំបូងកម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់គឺឈ្មោះ អាន វិនទី អាយុ២១ឆ្នាំ មុខរបរជាងទង ស្នាក់នៅផ្ទះមិនចាំលេខ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក និង​ ឈ្មោះ យាត ទិត្យា ហៅយ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។ជនទាំង២នាក់ឃាត់បានកាលពីល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅត្រង់ចំណុចភោជនីយដ្ឋានឈូកទិព្វ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។

នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរូបនេះបានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ទើបបន្តការស្រាវជ្រាវបន្ថែម រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន ម្នាក់ទៀតឈ្មោះ អាន ផល្លី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបររត់រ៉ឺម៉កកង់បី ស្នាក់នៅផ្ទះលេខ២៥៤១ ផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចក្នុងឃុំល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោកបន្តទៀតថា ជនសង្ស័យដែលបានបង្កហិង្សាទៅលើលោកបណ្ឌិត ស៊ុយ សារ៉េត និងវាយរថយន្ដបណ្ដាល​ឱ្យ​រងការខូចខាតស្ទើរទាំងស្រុង ទាំងអស់មានចំនួន១១នាក់ និងបានឃាត់ខ្លួន៣នាក់ និង៨នាក់ផ្សេងទៀត ដែលនៅសេសសល់ បានស្គាល់អំពីអត្តសញ្ញាណអស់ហើយ និងកំពុងបន្តស៊ើបអង្កេតស្វែងរកឃាត់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាម ។

សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍​មួយកើតឡើងដ៏មានការភ្ញាក់ផ្អើលរវាងរថយន្តនិងម៉ូតូ ម្ចាស់រថយន្តបង្កដែលគេស្គាល់ថា ឈ្មោះ ស៊ុយ សារ៉េត សាស្រ្តាចារ្យសាកលវិទ្យាល័យកម្ពុជា បន្ទាប់ពីបង្កគ្រោះថ្នាក់រួចហើយព្យាយាមបើករត់ តែត្រូវប្រជាពលរដ្ឋ និងជនឱកាសនិយមឆ្លៀតវាយកម្ទេចរថយន្ត និងអ្នកបើកបររបួសយ៉ាងដំណំ ។ ដោយពិនិត្យឃើញស្ថានភាពជំងឺធ្ងន់ធ្ងរ លោកត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យប្រទេសវៀតណាម តែពេលនេះពេទ្យបញ្ជាក់ថា មិនប៉ះពាល់ក្បាលខ្លាំងនោះឡើយ។

សមត្ថកិច្ចបានបញ្ជាក់ថាក្នុងហេតុការណ៍នេះគឺ រថយន្តបង្កហេតុដែលបើកដោយ លោក ស៊ុយ សារ៉េត បានបើកបុកគេដំបូងនៅម្តុំវត្តទួលអស់លោក ក្នុងខណ្ឌប្ញស្សីកែវ នៅវេលាម៉ោង ៥ល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្លូវ ២៦១ កែងផ្លូវ១៦០ រវាងរថយន្ត ម៉ាកGS5 ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2AP-9719 និងម៉ូតូ១គ្រឿង ម៉ាកឃ្លិច ពណ៌ស ពាក់​ផ្លាក​លេខភ្នំពេញ 2FM-2402 ហើយបន្តបើករត់គេចតាមផ្លូវ រហូតដល់ម្តុំផ្សារធំថ្មី ជិះ២-៣ជុំនៅម្តុំផ្សារថ្មី ហើយបន្តបើករត់គេចតាមផ្លូវម្តុំផ្សារដេប៉ូ ក៏បានបុកប្រជាពលរដ្ឋតាមផ្លូវផងដែរ ហើយបន្តទៅម្តុំក្រោយមន្ទីរពេទ្យលោកសង្ឃ ក៏ត្រូវបានប្រជាពលរដ្ឋជិះម៉ូតូ ជិះម៉ូតូជិត២០០គ្រឿងតាមទាន់តែម្តង ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print