ប្រទេសមហាអំណាច៤ចេញសេចក្តីប្រកាសរួមគ្នាចោទប្រកាន់រុស្ស៊ីបំពុលចារបុរស

ចែករំលែក៖

មេដឹកនាំអាមេរិក អាល្លឺម៉ង់ បារំាង និងអង់គ្លេស បានចេញសេចក្តីប្រកាសរួមគ្នាចោទប្រកាន់រុស្ស៊ីនៅពីក្រោយការបំពុល អតីតចារបុរសជនជាតិអង់គ្លេសដើមកំណើតរុស្ស៊ី។

នៅក្នុងសេចក្តីប្រកាសរួមកាលពីថ្ងៃទី១៥ ខែមីនា ក្នុងនោះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រធានាធិបតីបារាំង ម៉ាក្រុង អធិការបតីអាល្លឺម៉ង់ អេនហ្គេលឡា មែរគែល នាយករដ្ឋមន្ត្រីអង់គ្លេស ធារីសា មេយ បានបញ្ជាក់ថា ពិតជារឿងគួរឲ្យខ្លាច ដែលវាយប្រហារទៅលើ លោក Sergei Skirpal អាយុ៦៦ឆ្នាំ និងកូនស្រី អាយុ៣៣ឆ្នាំ គឺនាង Yulia នៅតំបន់ Salisbury កាលពីថ្ងៃទី៤ ខែមីនា។ ប៉ូលិសដែលជួយដល់ជនរងគ្រោះទាំង២ក៏ជួបបញ្ហាសុខភាពផងដែរ។ ប្រភេទជាតិគីមីពុល ដែលបំពុលនោះ ត្រូវបានគេរកឃើញថា ផលិតនៅក្នុងប្រទេសរុស្ស៊ីក្នុងអំឡុងសង្គ្រាមលោកលើកទី២។

នៅក្នុងសេចក្តីប្រកាសរួមបានបញ្ជាក់ថា «នេះជាការវាយប្រហារនៅលើទឹកដីអង់គ្លេស ហើយភាគីណាមួយមានសកម្មភាព ប្រើប្រាស់ជាតិគីមី គឺជាការបំពានច្បាប់សន្ធិសញ្ញា អាវុធគីមី និងច្បាប់អន្តរជាតិ។ សកម្មភាពខាងលើ គឺបំពានដល់សន្តិសុខរបស់យើង»។

ប្រទេសទំាង៤ បានប្រកាសថា «គ្មានការបកស្រាយណាមួយសមស្របនោះឡើយ ពីការវាយប្រហាររបស់រុស្ស៊ីនៅលើទឹកដីអង់គ្លេស។ យើងសូមស្នើឲ្យភាគីរុស្ស៊ី ត្រូវតែទទួលខុសត្រូវ ក្នុងនាមជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រក្សាសន្តិសុខ និងសន្តិភាពលើពិភពលោក»។

កន្លងមក អង់គ្លេសក៏បានបណ្តេញមន្ត្រីស្ថានទូតរុស្ស៊ី២៣រូប និងផ្អាកទំនាក់ទំនងជាន់ខ្ពស់ជាមួយទីក្រុងមូស្គូ ពាក់ព័ន្ធនឹងហេតុការណ៍ខាងលើដែរ។ ប៉ុន្តែរុស្ស៊ីបានច្រានចោលការចោទប្រកាន់នេះ ហើយរុស្ស៊ីនឹងមានវិធានការតបតវិញ។

កន្លងមក រុស្ស៊ីបានចោទប្រកាន់ប្រទេសមហាអំណាចលោកខាងលិច មានបំណងបង្កើតហេតុការណ៍ ដើម្បីបណ្តេញរុស្ស៊ីចេញពីអង្គការសហប្រជាជាតិ។ ដោយសារតែកន្លងមក រុស្ស៊ីតែងតែរារាំងនូវគោលនយោបាយរបស់លោកខាងលិចនៅក្នុងអង្គការសហប្រជាជាតិ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print