ខេត្តកណ្តាល ៖ ជនសង្ស័យជាឃាតករសម្លាប់ស្រ្តីវ័យ២៩ឆ្នាំ ចិញ្រ្ចាំទាំងអាក្រាធកាយ ញាត់ចូលធុងទឹកកក យកទៅទម្លាក់ចោលនៅព្រែកតាមាក់ ត្រូវបានចាប់ខ្លួនដោយសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ សហការជានគរបាលខេត្តកណ្តាល និង នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សមត្ថកិច្ចបង្ហើបថា៖ ករណីនេះជាអំពើឃាតកម្ម ដោយសារជនសង្ស័យវក់និងល្បែងអនឡាញចាញ់ អស់លុយ និងបញ្ចាំម៉ូតូ ក៏សម្រេចសម្លាប់ស្ត្រីរងគ្រោះ កាប់ចិញ្រ្ចាំរួចញាត់ចូលធុងទឹកកក។ សមត្ថកិច្ចបន្តថា៖ សម្លាប់ញាត់ចូលធុងទឹកកកហើយមិនទាន់យកទៅទំលាក់ចោលទេ គឺយកម៉ូតូជនរងគ្រោះទៅលក់សិន ដើម្បីទៅលោះម៉ូតូខ្លួនបញ្ចាំ ទើបទឹកសពយកទៅទម្លាក់ចោលនៅព្រែកតាមាក់។
ជនសង្ស័យនិងស្រ្តីរងគ្រោះរាប់អានគ្នាជិត២ឆ្នាំហើយ ព្រោះស្ត្រីរងគ្រោះធ្លាប់ទៅធ្វើទូរស័ព្ទ មានលុយ មានខ្សែ ក ក្រវិល ប្លាកដៃ កងជើង កងដៃជាដើមទើបជនសង្ស័យសម្លាប់យកទ្រព្យសម្បត្តិ។
ដោយឡែក កម្លាំងនគរបាលស្រុកកោះធំឃាត់ខ្លួនជនសង្ស័យ៦នាក់ពាក់ព័ន្ធករណីឃាតកម្ម។ ប្រតិបត្តិការឃាត់ខ្លួនក្រុមជនដៃដល់ខាងលើបានធ្វើឡើងនៅនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨។
លោកវរសេនីយ៍ទោ ស៊ឹម ឃាង អធិការស្រុកកោះធំបានឲ្យដឹងថាមានករណីឃាតកម្មមួយបានកើតឡើង
កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៩ និង ៥០នាទី នៅចំណុច លើចិញ្ចើមផ្លូវជាតិលេខ២១ ភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ ជនរងគ្រោះឈ្មោះ ចេក ភាព ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កម្មករបើកម៉ូតូលក់ទឹកកក(ស្លាប់)។
ជនសង្ស័យចំនួន ០៩នាក់រួមមានទី១-ឈ្មោះ គាត សំណាង ហៅឡេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ រត់តុការ ជាជនដៃដល់(ឃាត់ខ្លួន), ទី២-ឈ្មោះ ហោ សោភ័ណ្ឌ(ហៅឡុង) ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកប៉ុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ រត់តុការ ជាអ្នកចូលរួម(ឃាត់ខ្លួន), ទី៣-ឈ្មោះ ឌី ឌឿន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិ៍រាម្មា ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន), ទី៤-ឈ្មោះ បេង តាំងអេង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកមេស្រុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កាប់ជ្រូកលក់(ឃាត់ខ្លួន), ទី៥-ឈ្មោះ វ៉ាន់ សំណាង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ (ឃាត់ខ្លួន), ទី៦-ឈ្មោះ សិលា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកមេស្រុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល (គេចខ្លួន), ទី៧-ឈ្មោះ យឹម ឌីណា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកស្ដី ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ (ឃាត់ខ្លួន), ទី៨-ឈ្មោះ ជ្រុយ វុទ្ធា(ហៅធា) ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកលោក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ(គេចខ្លួន) និងទី៩-ឈ្មោះ មាន លាងហ៊ី ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះចាស់ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ(គេចខ្លួន)។
វត្ថុតាងចាប់យកៈ ម៉ូតូចំនួន ០២គ្រឿង ម៉ាក Honda SL ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ០១គ្រឿង និងម៉ាកSuzuki Nex ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ 1U-5738 ០១គ្រឿង, ដាវចំនួន ០២ដើម កាំបិតចំនួន ០២ដើម, ទូរស័ព្ទចល័តចំនួន ០៦គ្រឿង។
លោកអធិការស្រុកបន្តថាមុនពេលកើតហេតុជនរងគ្រោះធ្លាប់មានទំនាស់ពាក្យសម្ដី ជាមួយក្រុមដែលមានរហ័សនាមថា KTS ដែលជាGroup របស់ពួកគេប្រើក្នុងFacebook របស់ជនសង្ស័យទាំងអស់ខាងលើ។ តាមចម្លើយសារភាពរបស់ជនដៃដល់ គាត សំណាង ហៅឡេង បានសារភាពថា ខ្លួនគឺពិតជាយកដាវកាប់ទៅលើជនរងគ្រោះ ចេក ភាព ប្រាកដមែន ដោយមុនពេលកើតហេតុជនដៃដល់ គាត សំណាង ព្រមទាំងបក្ខពួកមានឈ្មោះ មាន លាងហ៊ី ជិះម៉ូតូម៉ាកSuzuki Let ឌុប ឈ្មោះ គាត សំណាង មានដាវ ០១ដើម , ឈ្មោះ ជ្រុយ វុទ្ធា ជិះម៉ូតូ ហុងដាឌ្រីម បិតស្កុតខ្មៅពុំចាំម៉ាក ឌុបឈ្មោះ យឹម ឌីណា មានដាវ០២ដើម ,ហើយឈ្មោះ ហោ សោភ័ណ្ឌ ជិះម៉ូតូម៉ាកហុងដានិច ឌុបឈ្មោះ ជី សិលា មានដាវ ០១ដើម ។ ដោយពួកគេជួបជុំគ្នា និងធ្វើដំណើរក្នុងគោលបំណងទៅលេងបុណ្យវត្តកោះទៀវ នៅពេលដែលឈ្មោះ មាន លាងហ៊ី ឌុបឈ្មោះ គាត សំណាង ជិះទៅមុន ដល់ចំណុចខាងត្បូងស្ពានព្រែកទីវ ស្ថិតក្នុងភូមិកោះទៀវ (ខ) ឃុំសំពៅពូន ក៏បានជួបជនរងគ្រោះជិះម៉ូតូម៉ាកហុងដានិច ជ្រួសផ្លូវគ្នា ហើយជនរងគ្រោះកំពុងតែជិះ និងនិយាយទូរស័ព្ទ។ ពេលនោះពួកគេក៏បន្តដំណើរទៅមុខទៀត រហូតដល់ជិតវត្តកោះទៀវ ក៏ឃើញមានបក្ខពួករបស់ជនរងគ្រោះឈរនៅមុខក្លោងទ្វាវត្តកោះទៀវ ដោយមានកាន់ពូថៅ និងដុំថ្ម ភ្លាមនោះ ឈ្មោះ មាន លាងហ៊ី ក៏បានឌុប គាត សំណាង ជិះត្រលប់បកក្រោយវិញ ហើយជនដៃដល់ គាត សំណាង បានដកដាវពីក្រោមគូទលើកែបម៉ូតូមកកាន់ ដោយជិះម៉ូតូយ៉ាងលឿនមកដល់ចំណុចកើតហេតុខាងលើ ពួកគេបានឃើញជនរងគ្រោះ ឈ្មោះ ចេក ភាព កំពុងឈប់ម៉ូតូ ឈរលើម៉ូតូដៃម្ខាងកាន់ទូរស័ព្ទនិយាយ ភ្លាមនោះ ឈ្មោះ មាន លាងហ៊ី ស្រែកថាកាប់ទៅគ្នាវាហើយ រំពេចនោះ ឈ្មោះ គាត សំណាង បានយកដាវនោះកាប់ទៅលើឈ្មោះ ចេក ភាព ០១ដាវ ត្រូវចំក រួចក៏ជិះម៉ូតូយ៉ាងលឿងជែងឡានធំ រួចហើយ គាត សំណាង បានទូរស័ព្ទប្រាប់ឈ្មោះ យឹម ឌីណា ថាខ្លួនបានកាប់គេបានហើយ មិនដឹងស្លាប់ ឬរស់ទេ ហើយបានបន្តដំណើរដល់ចំណុចស្ពានក្បាលកោះទៀវ ក៏បានជួបនិងបក្ខពួកខ្លួនដែលជិះពីលើមក រួចក៏បាននាំគ្នាជិះទៅជួបជុំគ្នានៅវត្តជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ ។
ដោយនៅទីនោះ គាត សំណង បាននិយាយពីរឿងហេតុកាប់ឈ្មោះ ចេក ភាព ជាមួយនិងបក្ខពួក តើគួធ្វើយ៉ាងណាបើកាប់គេហើយ? បន្ទាប់មកពួកគេក៏បាននាំគ្នាយកដាវដែលកាប់ និងដាវ ០១ទៀត ទៅផ្ញើនៅនិងមិត្តភក្ដិពួកគេម្នាក់ទៀតឈ្មោះ វ៉ាន់ សំណាង អោយយកទៅទុក ។
លុះព្រឹកឡើងថ្ងៃទី១៧ ស្អែកឡើង ជនដៃដល់ គាត សំណាង បានទទួលដំណឹងថា ជនរងគ្រោះដែលខ្លួនកាប់ពីយប់នោះ បានស្លាប់បាត់ហើយ រួចជនដៃដល់រូបនេះបានទូរស័ព្ទទៅឈ្មោះ វ៉ាន់ សំណាង អោយយកដាវនោះទៅបោះចោលទៅ ព្រោះឈ្មោះ ចេក ភាព ដែលខ្លួនកាប់នោះស្លាប់បាត់ហើយ ។ លុះនៅវេលាល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ១៩ និង១០នាទី ទើបសមត្ថកិច្ចនគរបាលស្រុកកោះធំ ស្រាវជ្រាវរហូតចាប់បានបក្ខពួកជនសង្ស័យខាងលើជាបន្តបន្ទាប់។
បច្ចុប្បន្នជនសង្ស័យដែលឃាត់ខ្លួនខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសុំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ៖ តុង ឡេង