ខេត្តមណ្ឌលគិរីៈ រថយន្តឡង់គ្រីស័រមួយគ្រឿងដឹកឈើប្រភេទ កកោះបម្រុងឆ្លងដែនទៅប្រទេសវៀតណាមត្រូវបានកម្លាំង នគរបាលនៃវរៈកាពារព្រំដែនលេខ៦២១ក្រោមបញ្ជាពីស្នងការនគរបាលខេត្តស្ទាក់ចាប់បានភ្លាមៗបន្ទាប់ពីរថយន្តដឹកឈើរត់ឆ្លងកាត់ផុតមុខតំបន់អភិរក្សជីវៈចំរុះសីមារួចប្រគល់ឱ្យរដ្ឋបាលព្រៃឈើចាត់ការបន្តតាមច្បាប់ព្រៃឈើ។
កម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបរថយន្តដឹកឈើនោះធ្វើឡើងនៅម៉ោង០៥និង៥នាទីថ្ងៃអាទិត្យ២កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ត្រូវនឹងថ្ងៃទី១ខែមីនាឆ្នាំ២០១៨នៅចំណុចផ្លូវចូលច្រករបៀងក្នុងភូមិស្នែងឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថារថយន្តដឹកឈើខុសច្បាប់មួយនេះបម្រុងលោតឆ័ត្រយកទៅលក់អោយឈ្មួញនៅប្រទេសវៀតណាមតាមច្រករបៀងនោះ។
ហើយរថយន្តដែលដឹកឈើខុសច្បាប់នោះម៉ាកឡង់គ្រីស័រកែឆ្នៃព័ណខ្មៅអត់ស្លាក់លេខបានផ្ទុកឈើប្រណិតប្រភេទកកោះចំនួន១៨ដុំមានប្រវែង២ម៉ែត្រនិងមានមុខកាត់ចាប់ពី៣០សង់ទីម៉ែត្រឡើងទៅ។
ខណៈដែលសមត្ថកិច្ចកំពុងធ្វើការស្ទាក់បង្ក្រាបនោះអ្នកបើកបររថយន្តបានបើកទ្វារត់គេចខ្លួនបាត់ភ្លាមៗដែរ។
ក្រោយពីសមត្ថកិច្ចធ្វើការបង្ក្រាបបានរថយន្តនិងវត្ថុតាងខាងលើត្រូវបានកម្លាំងនគរបាលវរៈកាពារព្រំដែន៦២១ប្រគល់អោយទៅសង្កាត់រដ្ឋបាលព្រៃឈេីស្រែខ្ទុមនិងស្រែព្រះរក្សាទុកចាត់ការទៅតាមច្បាប់ព្រៃឈើ ៕ដោយ:ជីវន្ត