ខេត្តរតនគិរី៖ នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បាននាំយកអំណោយមនុស្សធម៍ផ្តល់ជូនគ្រួសារស្ត្រីមេម៉ាយ ទីទ័លក្រ និងជនចាស់ជរា គ្មានទីពឹងចំនួន២០គ្រួសារក្នុងសង្កាត់កាចាញ ក្រុងបានលុង ។
តាមការលើកឡើងពីលោកទន់ ពៅ ចៅសង្កាត់កាចាញបានឲ្យដឹងថា ស្ត្រីមេម៉ាយ ទីទ័លក្រ និងជនចាស់ជរាទាំង២០គ្រួសារដែលមកទទួលអំណោយមនុស្សធម៍នាពេលនេះគឺជាជនក្រីក្រពិតប្រាកដដែលសង្កាត់ជ្រើសរើសមកពីភូមិចំនួន៤ ។ ជំនួសមុខឲ្យប្រជាពលរដ្ឋទាំង២០គ្រួសារលោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែយកចិត្តទុកដាក់ចំពោះសុខទុក និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ច្រកល្ហក ទូទាំងប្រទេស ។
លោក លី វិន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តមានប្រសាសន៍លើកឡើង ពីសកម្មភាពមនុស្សធម៍របស់កាកបាទក្រហមកម្ពុជាក្នុងការជួយដល់ប្រពលរដ្ឋ ដែលជួបប្រទះនូវគ្រោះមហន្តរាយផ្សេងៗដោយមិនប្រកាន់ពូជសាសន៍ ឬនិន្នាការគណបក្សនយោបាយអ្វីឡើយ ពោលគឺទីណាមានទុកលំបាកទីនោះមានវត្តមានកាកបាទក្រហមចុះជួយជានិច្ច ។
លោកបន្តថាថ្វីត្បិតតែអំណោយដែលសាខាផ្តល់ជូននាពេលនេះមានតិចតួចក៏ពិតមែនតែនេះបញ្ជាក់ឲ្យឃើញពីសល្ប:នៃការចែករំលែករបស់ប្រជាពលរដ្ឋយើង ពីព្រោះថាអំណោយទាំងនេះគឺបានមកពីការបរិច្ឆាករបស់សប្បុរសជននានាតាមរយៈសាខាកាកបាទក្រហមខេត្តហើយសាខាធ្វើការចែកជូនបន្តដល់ប្រជាពលរដ្ឋយើងដែលជូបប្រទះគ្រោះមហន្តរាយ ប្រជាពលដ្ឋទីទ័លក្រ និងជនចាស់ជរា គ្មានទីពឹងជាដើម ។
អំណោយដែលសាខាផ្តល់ជូននាពេលនេះ ក្នុងមួយគ្រួសារទទួលបានអង្ករ៣០ គីឡូក្រាម, មី១កេះតូច, ត្រីខ ១យួរ, ឃីត១ និងថវិការ ចំនួន៤០.០០០រៀល ៕
...
ដោយ៖ សហការី