ចោរឆក់កាមេរ៉ាថតរូបជនបរទេសត្រូវជនរងគ្រោះទាញមកវិញដួលម៉ូតូឃាត់ខ្លួនបានម្នាក់​ ក្នុងចំណោមបក្ខពួក​ ២នាក់

ចែករំលែក៖

ភ្នំពេញ​៖​ ចោរ​២នាក់បានធ្វើសកម្មភាពឆក់កាមេរ៉ាថតរូបរបស់ជនបរទេស​បានសម្រេច​ តែត្រូវជនរងគ្រោះទាញធ្លាក់ពីលើម៉ូតូ​ ចាប់បានម្នាក់ រីឯម្នាក់ទៀតជិះរត់គេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង​ ១២និង៣០នាទីថ្ងៃត្រង់​ ថ្ងៃពុធ​ ៥កើត​ ខែចេត្រ​ ឆ្នាំរកា​ នព្វស័ក​ ព.ស​ ២៥៦១​ ត្រូវនឹងថ្ងៃទី២១​ ខែមីនា​ ឆ្នាំ២០១៨​ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ១៥៤​ សង្កាត់ជ័យជំនៈ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

ជនសង្ស័យ​មានឈ្មោះ​ រិន​ មករា​ ​ អាយុ​ ១៧ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​ មិនពិតប្រាកដ​ ស្នាក់នៅផ្ទះជួល​ម្តុំផ្សារដើមថ្កូវ​ និងបក្ខពួកម្នាក់ទៀតមិនត្រូវបានស្គាល់ឈ្មោះនោះទេ។ ចំណែកឯជនរងគ្រោះមានឈ្មោះ​ GOEGORY WHASMAN ភេទប្រុស​ អាយុ​ ៥៥ឆ្នាំ​ ជនជាតិ​ អង់គ្លេស​ មុខរបរ​ អ្នកទេសចរណ៍​ ស្នាក់នៅ​ OKAY BOUIIQUG 19Z ភូមិ៩​ ផ្លូវ១៩​ សង្កាត់ជ័យជំនៈ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

បើតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានប្រាប់អោយដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញបុរសជនជាតិអង់គ្លេសម្នាក់​ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត​ ដោយនៅជាប់ខ្លួនរបស់បុរសរងគ្រោះខាងលើមានកាន់នៅកាមេរ៉ាថតរូប​ ខណៈពេលដើរមកដល់ចំណុចផ្លូវលេខ១៥៤​ ជាប់របងវត្តឧណាលោម​ ស្រាប់តែមានជនសង្ស័យចំនួន​ ២នាក់ជិះម៉ូតូ​ មួយគ្រឿង​ ម៉ាក​ Smash V ពណ៌ស​ មិនចាំស្លាកលេខ​ បានជិះមកជិត​ជនរងគ្រោះ​ រួចបានធ្វើសកម្មភាពឆក់យកកាមេរ៉ាថតរូបពីជនរងគ្រោះបានសម្រេច​ តែត្រូវបានជនរងគ្រោះចាប់ទាញយកមកវិញ​ ហើយក៏ធ្លាប់ជនសង្ស័យដែលឆក់នោះធ្លាក់ពីលើម៉ូតូ​តែម្តង។

ក្រោយពេលកើតហេតុ​ ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបាននាំគ្នារាយការណ៍ប្រាប់ទៅសមត្ថកិច្ចប៉ុស្តិ៍ជ័យជំនៈ​ ចុះមកយកជនសង្ស័យខាងលើទៅសួរនាំ។

គួរបញ្ជាក់ផងដែរថា​ រាល់បទល្មើសឆក់ទាំងនេះ​ គឺតែងតែកើតមានឡើងជាញឹកញប់​ ដោយមិនឃើញមានអាជ្ញាធរ​ និងសមត្ថកិច្ចណាចុះមកអន្តរាគមន៍នោះឡើយ​ ដោយទុកអោយជនរងគ្រោះជាអ្នកដេញតាម​ និងឃាត់ជនសង្ស័យទាំងនោះប្រគល់អោយសមត្ថកិច្ចទៅវិញ។

បច្ចុប្បន្នជនសង្ស័យខាងលើ​ ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕​

ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print