កំពង់ស្ពឺ ៖មនុស្សប្រុសស្រី៥នាក់បានរងរបួសធ្ងន់ស្រាលហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យមណ្ឌលសុខភាពភ្លាមៗខណះដែលយុវជន២នាក់ជិះម៉ូតូលឿនពេកជ្រុលទៅបុកម៉ូតូសង់១គ្រឿងទៀតដែលកំពុងតែបើកបញ្ច្រាសទិសគ្នាចំពីមុខយ៉ាងពេញទំហឹង។
ហេតុការណ៍ម៉ូតូបុកម៉ូតូបានកើតឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នៅលើកំណាត់ផ្លូវជាតិលេខ៥១ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧ទៅលេខ១៨ ស្ថិតនៅក្នុងភូមិស្តុកអក ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកឧដុង្គបាននិយាយអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញយុវជន២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាC125ស៊េរីឆ្នាំ២០១៨ពណ៌ខ្មៅពាក់ស្លាកលេខកំពង់កណ្តាល1X2554អ្នកបើកបរមានឈ្មោះពេជ្រ រស់ភេទប្រុសអាយុជាង២០ឆ្នាំ និងរួមដំណើរជាមួយយុវជនម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយគ្រាន់តែដឹងថាមានអាយុជាង២០ឆ្នាំដូចគ្នារស់នៅក្នុងភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងបានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥១ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកម៉ូតូ១គ្រឿងទៀតម៉ាកហុងដា C125ស៊េរីឆ្នាំ២០០៤ ព៌ណខ្មៅ ផ្លាកលេខ ព្រៃវែង 1A 1699 អ្នកបើកម៉ូតូឈ្មោះ សៅ សុខឃឿន ភេទស្រី អាយុ 32 ឆ្នាំ រស់នៅក្នុងភូមិត្រពាំងផ្លុង ឃុំដំណាក់រាំង ស្រុកឧដុង្គ អ្នករួមដំណើរ 2 នាក់មិនទាន់ស្គាល់អត្តសញ្ញាណនិងក្មេងស្រីម្នាក់ផងដែរ បណ្តាលឲ្យរងរបួសធ្ងន់ ចំនួន 5 នាក់ក្នុងនោះ ស្រី 3 នាក់។ក្រោយកើតហេតុនគរបាលជំនាញបានចុះធ្វើការវាស់វែងហៅរថយន្តសាមុយដឹកអ្នករបួសយកទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូរបស់ជនរងគ្រោះទាំង២គ្រឿងត្រូវបាននគរបាលជំនាញដឹកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គរង់ចាំដោះស្រាយនៅពេលក្រោយ៕
ដោយ៖សេនា សក្តិ