ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា បានចូលរួមប្រជុំជាលក្ខណៈចង្អៀត ស្តីពីការបង្កើតក្រុមប្រឹក្សាគរុភ័ណ្ឌឥស្លាម អន្តរជាតិ(International AWQAF) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅក្រោមឆ័ត្ររ របស់ធនាគារ អភិវឌ្ឍន៍ឥស្លាមIDB និង មូលនិធិសេដ្ឋកិច្ចឥស្លាមពិភពលោក WIFE ។ ដែលជំនួបពិភាក្សានេះមានការចូលរួម ពីថ្នាក់ដឹកនាំសំខាន់ៗ រួមមានសម្តេច Abdullah Ahmad Badawi អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី សម្តេចTun Musa Hitam ប្រធាន WIFE, តំណាងរបស់ លោកAhmed Mohamed Ali ប្រធានធនាគារអភិវឌ្ឍន៍ឥស្លាម (IDB), លោក Mustafa Kamal រដ្ឋមន្ត្រីហិរញ្ញវត្ថុបង់ក្លាដេស និងបណ្តារដ្ឋមន្ត្រីសំខាន់ៗ មួយចំនួនទៀត កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
តាមការបញ្ជាក់ឲ្យដឹងពីលោក អូស្មាន ហាស្សាន់ នៅប្រទេសម៉ាឡេស៊ីថា៖ ក្រុមប្រឹក្សានេះបង្កើតឡើង ក្នុងគោលបំណង ដើម្បីលើកកំពស់វិស័យ គរុភ័ណ្ឌសាសនាឥស្លាមដែលមានឈ្មោះថាWIFE ជាវិស័យសំខាន់ ដែលរកចំណូល សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចឥស្លាម ជាពិសេសសម្រាប់ ប្រទេសដែលមាន អ្នកកាន់សាសនាឥស្លាមភាគតិច នៅលើសកលលោក ក្នុងនោះកម្ពុជាក៏ត្រូវបានចាត់បញ្ចូលជាសមាជិក ផងដែរ ។ ក្រុមប្រឹក្សានេះនឹងជម្រុញ ការវិវត្តន៍ ការច្នៃប្រឌិត និងសិក្សាស្រាវជ្រាវ យុទ្ឋសាស្ត្រ អភិវឌ្ឍន៍លើវិស័យឧស្សាហកម្ម ការវិនិយោគទៅលើគម្រោងនានា ក្រោមការប្រើប្រាស់ធនធាន នៃទ្រព្យគរុភ័ណ្ឌនេះឲ្យមាននិរន្តរភាពសម្រាប់អភិវឌ្ឍន៏សហគមន៏ឲ្យមានការីកចម្រើន ។
លោកអូស្មាន ហាស្សាន់ បញ្ជាក់ថា វេទិកាសេដ្ឋកិច្ចពិភពអ៊ីស្លាម(WIEF)នេះ ប្រទេសកម្ពុជា ក៏បានបើកកិច្ចប្រជុំធ្វើជាម្ចាស់ផ្ទះលើកដំបូង កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៥ ដែលមានអ្នកវិនិយោគទុនក្នុងប្រទេស និងក្រៅប្រទេស ចូលរួមប្រមាណជាង២០០នាក់ មកពីពិភពអារ៉ាប់ និងអាស៊ីអាគ្នេយ៍ ប៉ុន្តែសម្រាប់ នៅលើពិភពលោក បានប្រារព្ធឡើងចំនួន១១លើកមកហើយដែរ ។ ដោយមានបណ្ដាអ្នកវិនិយោគទុន មកពីពិភពអារ៉ាប់ និងអ៊ឺរ៉ុប អាស៊ីអាគ្នេយ៍ប្រមាណជាង៥០០០នាក់ មកផ្ដល់នូវបទពិសោធន៍ ពីគ្នាទៅវិញទៅមក ដើម្បីបង្កើនចំណេះ មុខជំនួញឲ្យទទួលបានជោគជ័យ ក្នុងការងារ ប្រកបអាជឹបពាណិជ្ជកម្មរបស់ខ្លួន ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ។ WIEF ផ្ដល់វេទិកាលើកទី១០ នៅក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត ក្រោមអធិបតីភាព ព្រះអង្គម្ចាស់ Sheikh Mohammed Bin Rashid Al-Maktoum អនុប្រធានាធិបតី នាយករដ្ឋមន្ត្រី និងជាអភិបាលក្រុងឌូបៃ ។
វេទិការសេដ្ឋកិច្ចឥស្លាមលើកទី១១ សម្រាប់ ឆ្នាំ២០១៥នេះដែរ WIEF ធ្វើនៅ ទីក្រុងកូឡាលំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី៣ -៥ខែវិច្ឆិកាឆ្នាំ២០១៥នេះដោយមានប្រធានាធិបតី,នាយករដ្ឋមន្ត្រី, រដ្ឋមន្ដ្រី ចូលរួមជាង៣០ប្រទេស បានចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពឥស្លាមនេះ ដែលធ្វើឲ្យអ្នកវិនិយោគទុន នៅអារ៉ាប់, ម៉ាឡេស៊ី ,ឥណ្ឌូណេស៊ី, ចិន, ថៃ,សឹង្ហបុរី និងឥណ្ឌា បានទទួលការចាប់អារម្មរណ៏បង្កើនការវិនិយោគទុនរបស់ខ្លួនកាន់តែច្រើនឡើងថែមទៀត ពិសេសបង្កើនទុនវិនិយោគ មកលើប្រទេស កម្ពុជា ដែលកំពុងអភិវឌ្ឍន៏ខ្លាំង ។
សូមបញ្ជាក់ថាៈ ជំនួបប្រជុំជាលក្ខណៈចង្អៀត ស្តីពីការបង្កើតក្រុមប្រឹក្សាគរុភ័ណ្ឌឥស្លាម អន្តរជាតិ(International AWQAF) នេះធ្វើឡើង ក្នុងឱកាសដែលលោកអូស្មា ហាស្សាន់ ទៅចូលរួមកិច្ចប្រជុំវេទិការសេដ្ឋកិច្ច ឥស្លាមពិភពលោក WIEF លើកទី១១ ដែលប្រព្រឹត្តិធ្វើឡើង នៅមជ្ឈមណ្ឌលសន្និបាតកូឡាឡាំពួរ KLCC Convention Center ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ៕
ដោយ៖ សំរិត