ភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់ត្រូវបានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តតាកែវបញ្ជូនទៅកាន់សាលាដំបូងជាប់ចោទពីបទលួចម៉ូតូ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៥និង២០នាទី ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅភូមិប្រាសាទ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។
យោងតាមរបាយការណ៍ស្នងការនគរបាលខេត្តតាកែវបានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ថឺយ សុខុន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិអង្គរតាចាន់ ឃុំលាយបូរ ជនសង្ស័យទី២ឈ្មោះ ឃឹម គឹមសាន្ដ ភេទប្រុស អាយុ៣៧ឆ្នាំ ជនសង្ស័យទី៣ឈ្មោះ នាក់ ចន្ទគ្រឹះស្នា ភេទប្រុស អាយុ២៤ឆ្នាំ ជនសង្ស័យទី៤ ឈ្មោះ សុខ ខន ភេទប្រុស អាយុ៣៣ឆ្នាំ អ្នកទាំង៣ រស់នៅភូមិតាកិត ឃុំត្រពាំងជម ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
របាយការណ៍ដដែលបានបន្ដទៀតថា នៅមុនពេលកើតហេតុ ជនសង្ស័យទាំង៤នាក់បានធ្វើសកម្មភាពលួយយកម៉ូតូ១គ្រឿង ម៉ាកគុប សេ៥០ ពណ៌ស្លែ គ្មានស្លាកលេខ ជារបស់ឈ្មោះសែ សួន ភេទប្រុស អាយុ៧៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ខណៈម្ចាស់ទុកម៉ូតូចោលនៅមុខផ្ទះ ។
របាយការណ៍ដដែលបានបន្ដទៀតថា ក្រោយពេលក្រុមជនសង្ស័យធ្វើសកម្មភាពរួច ម្ចាស់បានដឹងថាបាត់ម៉ូតូ ក៏រាយការណ៍ជូនសមត្ថកិច្ចហើយកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវ និងឃាត់ក្រុមជនសង្ស័យខាងលើបានភ្លាមៗ។
បច្ចុប្បន្ន ក្រុមជនសង្ស័យទាំង៤នាក់ត្រូវបានស្នងការនគរបាលខេត្តតាកែវកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនិតិវិធីច្បាប់ ៕
ដោយ៖ ជីសូរកា