ឃាត់ខ្លួនមនុស្សប្រុសស្រី៥នាក់ ពាក់ព័ន្ធនឹងករណីឆក់ទូរស័ព្ទដៃ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌចំការមន បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៥នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងករណីឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាកiPhone 7 បានសម្រេចព្យាយាមរត់គេចខ្លួន តែត្រូវសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវរហូតរកឃើញជនសង្ស័យមួយក្រុមនេះ និងដកហូតវត្ថុតាងជាក់ស្តែងផងដែរ ។

មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន បានឲ្យដឹងថា ករណីឆក់ទូរស័ព្ទដៃខាងលើនេះ បានប្រព្រឹត្តិឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃសៅរ៍ ៨កើត​ ខែចក្រ​ ឆ្នាំរកា​ នព្វស័ក​ ព.ស​ ២៥៦១​ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវលេខ៣៦០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ហើយសមត្ថកិច្ចបានធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យទាំងអស់នេះ នៅវេលាម៉ោង១២និង៣០នាទីរសៀស ថ្ងៃខែឆ្នាំដដែរនៅចំណុចផ្ទះសំណាក់លីហេងថ្មី ២៤ម៉ោង ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ។

មន្រ្តីដដែរបានបន្តទៀតថា ជនសង្ស័យទាំង៥នាក់នេះ ទី១ឈ្មោះ គឹម លីម៉េង អាយុ១៦ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ, ទី២ឈ្មោះ កុល សល់ អាយុ១៧ឆ្នាំ អ្នកឌុប ស្នាក់នៅសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ,ទី៣ឈ្មោះ សៀប ស្រីពិជ្រ អាយុ១៩ឆ្នាំ ភេទស្រី (ជាប្រពន្ធឈ្មោះសល់), ទី៤ឈ្មោះ ក្រឹប ង៉ោ អាយុ១៥ឆ្នាំ និងទី៥ឈ្មោះ សន សុហេង អាយុ១៧ឆ្នាំ ស្នាក់នៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។ចំណែកវត្ថុតាងដកហូតមានទូរស័ព្ទដៃមួយគ្រឿងម៉ាកiPhone 7 ផ្លេស ។

បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print