ខេត្តពោធិ៍សាត់៖ ផ្ទះសង់អំពីឈើខាងលើ ថ្មខាងក្រោម ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុងត្រូវបានគេសង្ស័យបណ្ដាលមកពីផ្ទុះសេខ្សែភ្លើង ទើបបណ្ដាលឲ្យរាលដាលឆាបឆេះបែបនេះ ប៉ុន្តែពុំមានបណ្ដាលឲ្យមនុស្សម្នាណាម្នាក់រងរបួសនោះទេ។
ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១ និង១០នាទី រសៀលថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់។
អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ថោង តូ ភេទប្រុស អាយុ ៧០ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ កែវ ហៃ មុខរបរបោចមាន់ ផ្ទះត្រូវបានអគ្គីភ័យឆាឆេះមានទំហំ០៦ម៉ែត្រ គុណ០៨ម៉ែត្រ សង់អំពីឈើខាងលើ ថ្មខាងក្រោម ក្នុងនោះលុយចំនួន ៩លានរៀលត្រូវឆេះម៉ត់។
ប្រភពបន្តថា តាមសាក្សីដែលរស់នៅក្បែខាងគ្នា មុនដំបូងគេឃើញមានផ្សែងភ្លើងហុយពណ៏ខ្មៅឃ្មួលខ្មាញ់លាយឡំទៅដោយអណ្តាតភ្លើងក្រហមឆ្អៅយ៉ាងសន្ធោសន្ធៅផ្នែកខាងលើ បន្ទោប់មកក៍បានឆាបឆេះរាលទាំងមូលទើបមានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ មកជួយអន្តរាគមន៍ជាបន្តបន្ទាប់រហូតដល់ទៅចំនួន ៦គ្រឿង ភ្លើងក៍បានរលត់បន្តិចម្តងៗរហូត១០០% ប៉ុន្តែទោសជាយ៉ាងណាក្តីភ្លើងឆេះអស់ស្ទើរទាំងស្រុងទៅហើយនោះដែរ។
ប្រភពដដែលបន្តទៀតថា ដូច្នេះក្រោយការស្រាវជ្រាវអាចសន្ថិដ្ឋានបានថា បណ្ដាលមកពីផ្ទុះសេខ្សែភ្លើងទើបឆ្លងចរន្តអគ្គីសនីឆាបឆេះតែម្តង ប៉ុន្តែទោសជាយ៉ាងណាក្តីករណីនេះពុំមានបង្កឲ្យមានមនុស្សណាម្នាក់រងរបួសធ្ងន់ធ្ងរទេ។
គួបញ្ជាក់ផងដែរថា៖ ទីតាំងកន្លែងផ្ទះដែលត្រូវភ្លើងឆាបឆេះនេះ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងមកត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុងចំនួន ១ដងរួចមកហើយដែរ ហើយពីឆ្នាំមុនមកទៀតក៍ធ្លាប់ភ្លើងឆាបឆេះផងដែរ ដូច្នេះសរុបទៅភ្លើងឆាបឆេះអស់ចំនួន ៣ដងរួចមកហើយ តាំងពីនៅខ្ទមរហូតផ្ទះធំល្មម និងសង់ផ្ទះធំបែបនេះពិតជាគ្រួសារអភ័ព្វមែន៕ ដោយ បឹុម ពិន