ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកការដ្ឋានសាងសង់ និងធ្វើអោយប្រសើរឡើងនូវកំណាត់ផ្លុវជាតិលេខ៥ ពីខេត្តបាត់ដំបងឆ្ពោះទៅកាន់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានប្រវែង ៨៥គីឡូម៉ែត្រ។
ក្នុងពីធីថ្ងៃនេះ ក៏មានការចូលរួមពី លោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា និង សមាជិកនៃរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងរាប់ពាន់នាក់ផងដែរ។
កំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង-សិរីសោភ័ណ ដែលបើកការដ្ឋានសាងសង់នេះគឺជាប្រភេទផ្លូវចាក់បេតុងកៅស៊ូ(AC)កម្រាស់ ១៥សង់ទីម៉ែត្រ និងពង្រីកឲ្យកាន់តែធំជាងមុន មាន០៤គន្លង។ ក្រៅពីការស្តារ និងពង្រីកកំណាត់ផ្លូវនេះ ក៏មានការសាងសង់ផ្លូវវាងក្រុង០២ខ្សែផងដែរ ក្នុងនោះគឺមានផ្លូវវាងក្រុងបាត់ដំបងប្រវែង ២៣,៩២គីឡូម៉ែត្រ និងក្រុងសិរីសោភ័ណប្រវែង ៩,៣៤គីឡូម៉ែត្រ ដែលទាំងអស់ត្រូវចំណាយថវិកាប្រមាណ ១៩,៩៨៨លានយេនជប៉ុន ស្មើនឹង ១៨៥លានដុល្លារអាមេរិក។
គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់ពីពិធីនេះ(Live)នៅម៉ោង ៨:០០នាទីព្រឹក ពីកំណាត់ផ្លូវជាតិលេខ៥ ខេត្តបាត់ដំបង៕
ដោយ៖ សិលា