សវនាការ​សាលាឧទ្ធរណ៍​ នឹង​មាន​វត្តមាន​លោក ​កឹម​ សុខា​

ចែករំលែក៖

ភ្នំពេញ​ ៖ ហ្វេសប៊ុក​ផេក​របស់​លោក​កឹម​ សុខា​ បង្ហាញ​ថា​ ជនត្រូវចោទ​កឹម​ សុខា​ អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​​បង្ហាញ​ខ្លួន​ម្តង​ទៀត​ នៅ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ នា​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​មីនា​ ស្អែក​​នេះ​ ដើម្បីបន្ដ​បើកសវនាការ ក្រោមបទចោទប្រកាន់ សន្និដ្ឋិភាពជាមួយបរទេស។​ នេះ​ជា​ការ​បង្ហាញ​វត្តមាន​លើក​ទី​២​ ហើយ​នៅ​សាលាឧទ្ធរណ៍​ ។

ហ្វេសប៊ុក​ផេក​របស់​លោក​កឹម​ សុខា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​មីនា​ សរសេរ​ថា​ “លេាក កឹម សុខា នឹងមានវត្តមានចូលរួមនៅក្នុងសវនការ នៅថ្ងៃអង្គារ ទី២៧ ខែមីនា នៅម៉ោង ០៨ព្រឹក នៅសាលាឩទ្ធរណ៍ លើបណ្តឹងសាទុក្ខ ស្តីពីការបន្តឃុំខ្លួនរូបលេាក។អាស្រ័យហេតុនេះ សូមសាធារណៈជនជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន”។

មន្ត្រី​សាលាឧទ្ធរណ៍​ បញ្ជាក់​ថា​ សវនាការ​នេះ​មាន​កម្មវត្ថុ​ ប្តឹង​ប្រឆាំងនឹង​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ដែល​បន្ត​ពន្យារពេល​ឃុំ​ខ្លួន​លោក​កឹម​ សុខា​ ៦ខែ​ទៀត​ ។

គួរ​រំលឹក​ថា លោក កឹម សុខា ត្រូវបាន​ចោទ​ប្រកាន់​ពីបទ សន្ទិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ។ បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យ​មាន​អំពើ​ប្រទូស្តរ៉ាយ ឬ​ឱ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះ​រាជាណាចក្រ​កម្ពុជា។ បទល្មើស​នេះ ត្រូវជាប់​ពន្ធនាគារ​ពី ១៥ ដល់ ៣០​ឆ្នាំ​។

លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ពាក់​កណ្តាល​អាធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។

ក្រោយ​ឃាត់​ខ្លួន​ សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅឃុំ​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ។ ហើយ​នៅថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៧ ព្រះរាជ​អាជ្ញា​៣រូប​បាន​ទៅដល់​ពន្ធនាគារ​ត្រពាំង​ផ្លុង ដើម្បី​សាកសួរ​លោក កឹម សុខា។ ការ​សាកសួរ​នោះ ក៏មាន​វត្តមាន​របស់​មេធាវី​ទាំង ៥​រូប របស់​លោក កឹម សុខា ដែរ ៕ ចេស្តា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print